ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន័​រ​វែ​សបាន​បង្កើន​ទំហំ​ព្រៃឈើ​របស់​ខ្លួន​៣​ដង ​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ

2 អាទិត្យ មុន

ប្រទេស​ន័​រ​វែ​ស ៖ ប្រទេស​ន័​រ​វែ​ស​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​បរិស្ថាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ជា​ការ​កត់សម្គាល់​ដ៏​សំខាន់​បំផុត ដោយ​បាន​បង្កើន​ទំហំ​ព្រៃឈើ​របស់​ខ្លួន​រហូត​ដល់​៣​ដង​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​តាម​ប្រភព​សារព័ត៌មាន Forskning.no, Echo Newz និង…

ប្រទេស​ន័​រ​វែ​ស ៖ ប្រទេស​ន័​រ​វែ​ស​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​បរិស្ថាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ជា​ការ​កត់សម្គាល់​ដ៏​សំខាន់​បំផុត ដោយ​បាន​បង្កើន​ទំហំ​ព្រៃឈើ​របស់​ខ្លួន​រហូត​ដល់​៣​ដង​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​តាម​ប្រភព​សារព័ត៌មាន Forskning.no, Echo Newz និង Allthe News ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ​។

កំណើន​ដ៏​សំខាន់​នេះ គឺជា​លទ្ធផល​នៃ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​ន័​រ​វែ​ស ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដាំ​ដើមឈើ​ឡើង​វិញ ដែល​បាន​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​ទី ២០ ជា​ពិសេស​ការ​កើនឡើង ១០% នៅ​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​។

ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​ន័​រ​វែ​ស​ក្នុង​ការ​អភិរក្ស និង​ពង្រីក​ធនធានធម្មជាតិ​របស់​ខ្លួន មិន​ត្រឹមតែ​បង្កើន​តំបន់​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​ជីវចម្រុះ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រមូលផ្តុំ​កាបូន និង​រួមចំណែក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ថែម​ទៀត​ផង​។ ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដើមឈើ​ជិត​១០០​លាន​ដើម ត្រូវ​បាន​ដាំ​ទូ​ទាំង​ប្រទេស​ន័​រ​វែ​ស ដែល​គួប​ផ្សំ​នឹង​សីតុណ្ហភាព និង​កម្រិត​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បាន​នាំ​ឱ្យ​មានការ​ពង្រីក​តំបន់​ព្រៃឈើ​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​។

ការ​ពង្រីក​ព្រៃឈើ​របស់​ប្រទេស​ន័​រ​វែ​ស ត្រូវ​បាន​គាំទ្រ​ដោយ​គោលនយោបាយ​ដែល​លើកកម្ពស់​ការ​កាប់​ឈើ​ប្រកបដោយ​និរន្តរភាព ការ​ដាំ​ដុះ​ឡើង​វិញ និង​ការ​អភិរក្ស​ព្រៃឈើ​ចាស់​ដែល​លូត​លាស់​។ រដ្ឋាភិបាល​ន័​រ​វែ​ស រួម​ជាមួយ​អង្គការ​បរិស្ថាន​នានា​បាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ធានា​ថា ការ​អនុវត្ត​លើ​ការ​គ្រប់គ្រង​ព្រៃឈើ​មាន​តុល្យភាព​ផលប្រយោជន៍​សេដ្ឋកិច្ច ជាមួយនឹង​ការ​អភិរក្ស​បរិស្ថាន​។ ប្រការ​នេះ​បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ធន់ បង្កើន​ចំនួន​សត្វព្រៃ ហើយ​ធនធានធម្មជាតិ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

ភាព​ជោគជ័យ​របស់​ប្រទេស​ន័​រ​វែ​ស ដែល​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​បរិស្ថាន តាម​រយៈ​ការ​បង្កើន​ទំហំ​ព្រៃឈើ​របស់​ខ្លួន គឺជា​ការ​បំផុសគំនិត​ដ៏​សំខាន់​ដល់​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​ខិតខំ​បង្កើន​ទំហំ​ព្រៃឈើ​របស់​ពួក​គេ និង​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។ ហើយ​ព្រៃឈើ​របស់​ប្រទេស​ន័​រ​វែ​ស​ឥឡូវនេះ គ្របដណ្តប់​ផ្នែក​ដ៏​ច្រើន​នៃ​ផ្ទៃដី​របស់​ខ្លួន ដែល​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ថែរក្សា​ជម្រក​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ