ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នឹង​បកស្រាយ​លម្អិត​ជុំវិញ​ការងារ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ឆាប់​ៗ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​ករណី​បង្ហោះ​ផ្សាយ​ព័ត៌មាន​ដែល​យក​ប្រភព​ពី Google ដែល​ជា​ប្រភព​មិន​ផ្លូវការ ពាក់ព័ន្ធ​នឹង​ករណី​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម បាន​ខិតចូល​ក្នុង​ទឹកដី​កម្ពុជា​នោះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​ករណី​បង្ហោះ​ផ្សាយ​ព័ត៌មាន​ដែល​យក​ប្រភព​ពី Google ដែល​ជា​ប្រភព​មិន​ផ្លូវការ ពាក់ព័ន្ធ​នឹង​ករណី​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម បាន​ខិតចូល​ក្នុង​ទឹកដី​កម្ពុជា​នោះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ថា រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នឹង​ធ្វើការ​បកស្រាយ​លម្អិត​ជុំវិញ «​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​» តាម​រយៈ​កិច្ច​សម្ភាសន៍​ពិសេស​មួយ ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​យក​ប្រភព​មិន​ផ្លូវការ​ពី​ផែនទី Google Map នេះ​ដែរ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៣១ សីហា​នេះ បាន​ចូលរួម​យោបល់​ថា «​កិច្ច​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ជាតិ គឺជា​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ហើយ​រាជរដ្ឋាភិបាល​តែង​បាន​ចាត់​ទុក​ការងារ​នេះ​ជា​ភារកិច្ច និង​កាតព្វកិច្ច​ជា​អាទិភាព​ដ៏​សំខាន់​បំផុត ជា​អាយុជីវិត​របស់​ជាតិ និង​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​បំផុត ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ដែល​មាន​ភាព​ច្បាស់លាស់ ត្រឹមត្រូវ ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ជាមួយ​ប្រទេស​ជិតខាង និង​ធានា​ឱ្យ​បាន​ដាច់ខាត​ថា បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មិន​បាត់បង់​ឡើយ សូ​ម្បី​តែ​មួយ​ម៉ែត្រក្រឡា​» ។

ឯកឧត្តម នេត្រ ភក្ត្រា បន្ត​ថា យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ដឹកនាំ​និង​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅ​ពេល​នេះ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ច្បាស់លាស់ ជាមួយ​ប្រទេស​ជិតខាង​ទាំង​ព្រំដែន គោក និង​ព្រំដែន​សមុទ្រ ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​ផ្ទៃដី ១៨១ ០៣៥ គ​.​ម​២ ដើម្បី​ទុកជា​មរតក​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ជា​និច្ច​និរន្តរ៍ ។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ក្នុង​ការ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន ដែល​ជា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ គេ​មិន​ដែល​ដេក​ស្រ​ម៉ៃ និង​យក​ផែនទី google map មក​ប្រើ​នោះ​ទេ ហើយ​ក៏​មិនមែន​មើល​លើ google map ដើម្បី​វាយតម្លៃ និង​កំណត់​បង្គោល​ព្រំដែន ដែល​បាន​បោះ​នៅ​លើ​ដី​នោះ​ដែរ​។ ការ​យក​ផែនទី google map មក​ប្រៀបធៀប និង​បកស្រាយ​ពី​បង្គោល​ព្រំដែន​ជា​ការ​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ក្នុង​បំណង​ទុច្ចរិត​។ ការ​បោះបង្គោល​ព្រំដែន​ដែល​ត្រឹមត្រូវ​និង​ស្រប​តាម​បច្ចេកទេស​ត្រូវ​ឈរ​លើ​៖

ទី​១-​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ត្រូវ​ផ្អែក​លើ​ផែនទី​ជា​មូលដ្ឋាន​គឺ​ផែនទី​បូ​ន​ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​បារាំង ដែល​សម្តេចព្រះ នរោត្តម សីហ​នុ បាន​យក​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៦៤ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​។
ទី​២-​ឈរ​មូលដ្ឋាន​និយាម​ការ​ដែល​បាន​កំណត់​និង​បរិយាយ​លម្អិត​នៅ​ក្នុង​ពិធីសា​ស្តី​ពី​ការ​បរិយាយ​ខ្សែ​ព្រំដែន និង​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​បាន​ឯកភាព​គ្នា​។
ទី​៣-​មុន​នឹង​ធ្វើការ​បោះបង្គោល​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង ត្រូវ​ឆ្លងកាត់​នីតិវិធី​បច្ចេកទេស​លម្អិត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ ដោយ​មិន​មានការ​លម្អៀង​សូ​ម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ​។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា ដូច្នេះ​ការ​ដែល​យក​ផែនទី google map ឬ​ផែនទី​ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ៗ​មក​បកស្រាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​និង​ការ​បោះបង្គោល​ព្រំដែន មិន​ត្រឹមត្រូវ​និង​មិន​អាច​យក​ជា​ការ​បាន​ឡើយ​។ សូ​ម្បី​បញ្ជាក់​ថា កន្លង​មក ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​បាន​ធ្វើការ​តវ៉ា​ទៅ​ក្រុមហ៊ុន google អំពី​ការ​បង្ហោះ​ផែនទី​ដែល​មិន​ស្រប​នឹង​ផែនទី​កំណត់ព្រំដែន​រដ្ឋ​នៃ​ប្រទេស​ទាំងនោះ​។ ម្យ៉ាងទៀត​, ក្នុង​ការងារ​កំណត់ព្រំដែន​រវាង​រដ្ឋ​និង​រដ្ឋ គេ​មិន​អាច​យក​ផែនទី google map មក​ធ្វើ​ជា​មូលដ្ឋាន​វាស់វែង​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​បានជា​ដាច់ខាត​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូម​ឲ្យ​បងប្អូន​កុំ​មានការ​យល់​ច្រឡំ និង​កុំ​ជឿ​លើ​ការ​បំភ្លៃ​របស់​បុគ្គល​ជ្រុលនិយម​មួយ​ក្តាប់​តូច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ