ការបង្កើតក្រុងកំពង់សោមថ្មី គឺដើម្បីជំរុញសេដ្ឋកិច្ចខេត្ត និងស្រូបទាញអ្នកទេសចរ
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតក្រុងកំពង់សោមថ្មី នៃខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតក្រុងកំពង់សោមថ្មី នៃខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតក្រុងកំពង់សោមថ្មី នៃខេត្តព្រះសីហនុ គឺដើម្បីជំរុញសេដ្ឋកិច្ចខេត្ត និងស្រូបទាញអ្នកទេសចរឱ្យកាន់តែច្រើន ខណៈតំបន់នេះ នឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ហើយក្លាយជាតំបន់ពហុបំណង នាថ្ងៃអនាគត ។
លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នេះគឺជាក្រុងទី៣ ហើយនៅខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ខណៈកន្លងមកខេត្តព្រះសីហនុ មានក្រុងចំនួន២ និងស្រុកចំនួន៣ រួមមានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង រួមជាមួយស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ។
លោកបន្តថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបង្កើតក្រុងកំពង់សោមថ្មី ត្រូវបានកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ គឺជាស្រុកមួយដែលមានវិសាលភាព ភូមិសាស្ត្រធំជាងគេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីបង្ខិតសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
លោក ឡុង ឌីម៉ង់ បន្ថែមថា ការបង្កើតក្រុងថ្មីនេះ គឺស្របគ្នាជាមួយនឹងប្លង់គោល នៃការអភិវឌ្ឍខេត្តព្រះសីហនុ នាថ្ងៃអនាគត ពោលគឺតំបន់រាម ដែលជាទីតាំងរដ្ឋបាលរបស់ក្រុងកំពង់សោមនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងនគរូបនីយកម្មវាយតម្លៃ ថា នឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ហើយនឹងក្លាយជាតំបន់ពហុបំណង នាថ្ងៃអនាគត ដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិបង្កើតឡើងនៅទីនោះ នាពេលខាងមុខ ដែលនឹងក្លាយជាទីតាំងអំណោយផលមួយបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរផងដែរ។ ដូច្នេះការបង្កើតក្រុងថ្មីនេះ រដ្ឋបាលខេត្ត នឹងត្រៀមបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត ។
លោកបញ្ជាក់ថា «ការបង្កើតក្រុងកំពង់សោមថ្មីនេះ គឺថារចនាសម្ព័ន្ធ មិនខុសពីក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនោះទេ គឺថា ខេត្តព្រះសីហនុសព្វថ្ងៃ គឺមានក្រុងពីររួចទៅហើយ គឺក្រុងព្រះសីហនុ ដែលមានសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ហើយយើងមានក្រុងកោះរ៉ុង ដោយបានគ្របដណ្តប់ទៅដល់បណ្ដាកោះមួយចំនួន នៅលើផ្ទៃសមុទ្រ ដែលមានសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមជាដើម។ ដូច្នេះជារចនាសម្ព័ន្ធ គឺដូចគ្នា នៅក្នុងការបង្កើត នូវក្រុងប្រឹក្សាក្រុង ការបង្កើតគណៈអភិបាលក្រុង និងការបង្កើតជាសង្កាត់ថែមទៀត ដូចដែលយើងបានឃើញនៅក្នុងអនុក្រឹត្យហើយ ទីតាំងរដ្ឋបាលរបស់ក្រុងកំពង់សោម គឺឋិតនៅឃុំរាម ដែលនៅថ្ងៃមុខឃុំរាម អាចនឹងក្លាយទៅជាសង្កាត់មួយផងដែរ» ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ សីហា បានចេញអនុក្រឹត្យ ស្តីពីការបង្កើត«ក្រុងកំពង់សោម» នៃខេត្តព្រះសីហនុ។ក្នុងក្រុងថ្មីនេះ សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ។
យោងតាមអនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និង ទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់ រាម។ចំពោះក្រុមប្រឹក្សាស្រុកព្រៃនប់ និង គណៈអភិបាលស្រុកព្រៃនប់ នឹងត្រូវបន្តគ្រប់គ្រងឃុំទាំង ៥ដដែល រហូតមានក្រុមប្រឹក្សា ក្រុងកំពង់សោម និង គណៈអភិបាលក្រុងថ្មីមកជំនួស ។
គួររំលឹកថា កាលដើមឡើយ កម្ពុជាធ្លាប់មានការបង្កើតក្រុង «កំពង់សោម» តែត្រូវប្តូរនាមមកជា «ព្រះសីហនុ» នៅសម័យសង្គមរាស្ត្រនិយម។ ក្រោយថ្ងៃរដ្ឋប្រហារ១៧ មេសា ឆ្នាំ១៩៧០ ក្នុងសម័យលន់ នល់ ក៏ត្រូវប្តូរមកជា ក្រុងកំពង់សោមវិញ។ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពោលគឺនាអំឡុងឆ្នាំ១៩៩៣ កំពង់សោម ក៏ត្រូវផ្លាស់ប្តូរឈ្មោះជាថ្មីទៀត មកដាក់ជា ព្រះសីហនុវិញ។តែជាការកត់សម្គាល់ បើទោះបីរបត់នយោបាយស្រុកទេសផ្លាស់ប្តូរច្រើនលើកក្តី ចំពោះពលរដ្ឋសាមញ្ញ និង ជាភាសាអ្នកស្រុក ក្នុងជីវភាពប្រចាំថ្ងៃ គេច្រើននិយមនិយាយថា កំពង់សោមៗ តាមទម្លាប់។ តែយ៉ាងណា ការបង្កើតទីក្រុងថ្មី ក្រុងកំពង់សោម នៅពេលនេះ អាចជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញខេត្តជាប់មាត់សមុទ្រនៃទិសនិរតីមួយនេះ ជា «ប៉ូលអភិវឌ្ឍន៍នៅតំបន់ឆ្នេរ» ពោលគឺជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ជាមជ្ឈមណ្ឌលអន្តរជាតិ ជាទីផ្សារអាស៊ាន និង ទីផ្សារសកល ៕
ចែករំលែកព័តមាននេះ