រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើអោយបានល្អ ធ្វើអោយគេកោតសរសើរ។
ធ្វើការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក ហូរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារបម្រើប្រជាពលរដ្ឋអោយបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ ចំពោះការងារ ត្រូវថ្លឹងថ្លែងអោយបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់ ។
លោក ឃួង ស្រេង បានបន្តថា នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាស ដូច្នេះរាល់ការងារនៅថ្នាក់ខណ្ឌ ដាច់ខាតត្រូវរាយការណ៍មកនាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារ ដែលនាយករដ្ឋបាលរាជធានីភ្នំពេញ ដាក់អោយខណ្ឌអនុវត្ត ត្រូវអនុវត្ត។ ខណ្ឌទាំង១៤ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាត ដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីយើងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង ក៏បានបង្ហើបអោយដឹងដែលថា ពេលនេះហើយ នៅមានមន្ត្រីប៉ូលិសយើងមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកអោយពលរដ្ឋទេ! ចាំយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ការងារនេះ បើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកអោយនៅទេ បើដឹង ត្រូវកែខ្លួនជាបន្ទាន់ យើងត្រូវអនុវត្តការងារ កែទម្រង់ស៊ីជម្រៅហើយ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានថ្លៃការអរគុណចំពោះអាជ្ញាធរ និងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការទប់ស្កាត់ក្រុមអគតិ និងក្រុមជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ សីហា កន្លងមកនេះ។ យើងទាំងអស់គ្នា ត្រូវរក្សាសន្តិភាពអោយបានគង់វង់ទោះក្នុងតម្លៃណាក៏ដោយ ។
ក្នុងឱកាសនោះលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបំរើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពអោយបាន ទោះបីក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាចាត់ចែងការងាររដ្ឋបាលអោយបានល្អប្រសើរស្របតាមច្បាប់។ ចូលរួមសហការនិងលើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ ៤យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ៕
ចែករំលែកព័តមាននេះ