សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទំនងជាមេដឹកនាំប្រទេស ដែលចូលចិត្តទទួលទានអាហារដ៏សាមញ្ញមួយមុខ គឺឆាត្រកួនប្រេងខ្យង ។
ចំណង់ចំណូលចិត្តរបស់សម្តេចធិបតី អាចត្រូវទស្សន៍ទាយបែបនេះ គឺក្រោយពេលដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃកម្ពុជា បានបង្ហោះនូវសារដ៏ខ្លីមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ លោកជំទាវ បានចែករំលែកនៅលើបណ្តាញសង្គមថា «ថ្ងៃនេះ (២៨ ខែសីហា ឆ្នាំ២០២៤) បានទទួលបន្លែ ដែលដាំដោយក្មួយៗសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលក្មួយៗបានដាំហើយផ្ញើរមកឲ្យមីងដល់ភ្នំពេញ ។ អរគុណក្មួយៗច្រើន ចាំស្អែកមីងឆា ត្រកួនប្រេងខ្យងជូនដល់អ៊ុំប្រុស» ។
លោកជំទាវត្រូវបានគេដឹងថា គឺជាស្ត្រីដ៏សាមញ្ញម្នាក់ ដែលកំពុងតែសកម្មនឹងកម្មវិធីសង្គមនានា ប៉ុន្តែក៏បានយកចិត្តទុកដាក់នឹងកិច្ចការផ្ទះផងដែរ ជាពិសេស គឺការចិញ្ចឹមបីបាច់ និងទំនុកបម្រុងបុត្រា និងបុត្រីទាំង៣ ។
មកដល់ពេលនេះ ឆាត្រកួលប្រេងខ្យង គឺជាប្រភេទអាហារដ៏សាមញ្ញមួយមុខ ដែលពលរដ្ឋកម្ពុជាគ្រប់គ្រួសារ តែងតែចម្អិនទទួលទាន ។ អាហារនេះ សាមញ្ញ ងាយស្រួលចម្អិន មិនត្រូវការសាច់ ហើយគ្រឿងផ្សំក៏ងាយស្រួលរក ។
សម្រាប់អ្នកទីក្រុង អាចទៅផ្សារទិញតែត្រកួនមួយបាច់ពីរ តាមសមាជិកគ្រួសារ តែអ្នកនៅជនបទទៅក្រោយផ្ទះដើរក្តិច តាមវាលមួយភ្លែត យកមកឆាត្រឡប់ជាមួយប្រេងខ្យង ម្រេច ម្សៅស៊ុប ស្ករ មើមខ្ទឹមសរ គឺអាចទទួលទានបានយ៉ាងឆ្ងាញ់ពិសា ៕
ចែករំលែកព័តមាននេះ