រាជធានីភ្នំពេញ ៖ សិស្សស្រី២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ថិតនៅក្រោមរថយន្តសណ្ដោងកងដឹកជញ្ជូនH.C ១គ្រឿងខណៈពួកនាងជិះម៉ូតូ១គ្រឿងឌុបគ្នាឆ្លងផ្លូវ ហើយបានបុកគ្នាជាមួយម៉ូតូ១គ្រឿងទៀតបណ្ដាលឲ្យដួល ។ ស្របពេលនោះរថយន្តសណ្ដោងខាងលើបើកបរក្នុងល្បឿនលឿនគួរសមដែរ ទៅដល់ក៏បានបុកនិងកិនទាំងមនុស្សនិងម៉ូតូតែម្ដង ចំណែកម៉ូតូ១គ្រឿងទៀតដែលបុកគ្នាជាមួយជនរងគ្រោះ មិនត្រូវបានចាំម៉ាកឡើយ ហើយក៏អត់បានដួលដែរ រួចបើកគេចទៅបាត់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់មុខផ្សារកំបូល ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងស្រីដែលស្លាប់នៅក្រោមរថយន្តទាំង២នាក់ខាងលើនោះ១,ឈ្មោះញ៉ឹក សុភាស់បូទី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧រៀននៅអនុវិទ្យាល័យកំបូល មានស្រុកកំណើតនៅខេត្តស្វាយរៀង និងមានទីលំនៅបច្ចុប្បន្ននៅភូមិកត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ២,ឈ្មោះចាប មរកត អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ជាមួយគ្នា និងមានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ដោយឡែករថយន្តបង្កម៉ាកហុីយ៉ានដាយពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំ3A-2062 ជារថយន្តកម្មសិទ្ធិរបស់កងដឹកជញ្ជូនHC ហើយក្រោយកិនមនុស្សស្លាប់២នាក់រួចអ្នកបើកបរបម្រុងនិងគេចខ្លួន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ប្រជាការពារ និងប្រជាពលរដ្ឋឃាត់បាន ភ្លាមៗ ។ បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ ហើយប្រគល់ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។
អ្នកភូមិខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញក្មេងស្រីទាំង២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកSuzuki Nex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1IN-2280 ឌុបគ្នាធ្វើឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលពួកនាងរេពេញផ្លូវ ដោយឡែកម៉ូតូដែលបុកជាមួយមិនត្រូវបានចាំម៉ាកនោះទេ ហើយក៏មិនបានដួលដែរ និងបានបើកគេចទៅបាត់ស្រមោល ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះរថយន្តសណ្ដោងកងដឹកជញ្ជូនHC បានបើកបរលឿនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានទៅដល់ ក៏បានកិនទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យស្លាប់ទាំង២នាក់ក្រោមរថយន្តនោះតែម្ដង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបម្រុងនិងគេចខ្លួន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ប្រជាការពារ និងប្រជាពលរដ្ឋឃាត់បានភ្លាមៗ ។
បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ ហើយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូលបានចុះទៅសម្រួលចរាចរមិនឲ្យកកស្ទះ ចំណែកនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងរួចសាកសពជនរងគ្រោះទាំង២នាក់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីព្រមទាំងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ