ខេត្តព្រះសីហនុ ៖ តាមប្រភពពីលោក សេង សូរីណា អធិការស្ដីទីនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងព័ត៌មានជាបឋមថា នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៨ សីហា តាមផ្លូវជាតិលេខ 4 ត្រង់ចំណុចក្បែរវិទ្យាល័យស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តទួរីសដឹកកម្មករបុកជាមួយរថយន្តកុងតីន័រ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ស្រាលចំនួន២៥នាក់ ។
ភាគីខាងរថយន្តកូរ៉េ ដឹកទំនិញ ក្បាលពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ភាគីខាងរថយន្តសាំយ៉ុង ដឹកកម្មករ ពាក់ស្លាកលេខ កំពត 2A-1524 បើកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ របួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យក៏បានស្លាប់ ។ ជនរងគ្រោះមានទីលំនៅ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ឆ្នាំ ជាខ្មែរអុីស្លាម រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា រថយន្តកូរ៉េ ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានឡើងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត ក៏បានរ៉េចង្កូតបុករថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា(ពីកើតទៅលិច យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ស្រាលចំនួន២៥នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលាសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះទៅកាន់មណ្ឌលសុខភាពកក្តវិទ ស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕










អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ