ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ថ៌កំបាំង​នៃ​វិធីសាស្ត្រ​សាងសង់​ប្រា​សាទ បុរាណ​ខ្មែរ​ខ្លះ​ៗ​ត្រូវ​បាន​រក​ឃើញ

3 ខែ មុន
  • សៀមរាប

ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្ដី អា​ថ៌កំបាំង​នៃ​ការ​សាងសង់​ប្រាសាទបុរាណ​ខ្មែរ​ខ្លះ​ៗ​ត្រូវ​បាន​បកស្រាយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឈ្វេងយល់​អំពី​ទំនាក់ទំនង​រវាង​កំពែង និង​ទួល ព្រមទាំង​រចនា​សម្ពន្ធ​របស់​ទួល​របស់​ប្រាសាទ នៅ​ដើមខែ​សីហា…

ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្ដី អា​ថ៌កំបាំង​នៃ​ការ​សាងសង់​ប្រាសាទបុរាណ​ខ្មែរ​ខ្លះ​ៗ​ត្រូវ​បាន​បកស្រាយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឈ្វេងយល់​អំពី​ទំនាក់ទំនង​រវាង​កំពែង និង​ទួល ព្រមទាំង​រចនា​សម្ពន្ធ​របស់​ទួល​របស់​ប្រាសាទ នៅ​ដើមខែ​សីហា ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ទួល​បុរាណ​នៅ​ភាគ​អាគ្នេយ៍​ក្នុង​កំពែង​នៃ​ប្រាសាទបន្ទាយក្ដី ដោយហេតុ​ថា នៅ​ទីតាំង​នេះ មើល​តាម​រូបថត lidar ឃើញ​មាន​ទួល​ជា​ច្រើន ដូច​ជា នៅ​ប្រាសាទអង្គរវត្ត និង​ប្រាសាទតាព្រហ្ម​ជាដើម​។

លោក ញឹ​ម សុធា​វិន្ទ អ្នក​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន បាន​អះអាង​ថា នៅ​ក្នុង​កំណាយ​នេះ​វត្ថុបំណង​សំខាន់​ គឺសិក្សា​អំពី​លំនៅ​ឋាន និង​ការ​តាំងទី​រស់នៅ​របស់​មនុស្ស​នា​សម័យ​មុន​។

ចំណែក​បុរាណ​វិទូនៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក វិទូ ភារ​ម្យ បានឱ្យ​ដឹង​ថា កំណាយ​នេះ បាន​បើក​ចំនួន​បី រណ្តៅ ក្នុង​ជម្រៅ​២​ម៉ែត្រ​គុណ​២​ម៉ែត្រ មាន​២​រណ្តៅ និង​២​ម៉ែត្រ​គុណ​១.៥០​ម៉ែត្រ ១​រណ្តៅ ដោយ​រណ្តៅ​នីមួយ​ៗ បែងចែក​ជា​៤​ស្រទាប់​សំខាន់​ៗ​។

លោក​បាន​អះអាង​ថា តាម​កំណាយ​គេ​អាច​ដឹង​ថា ការ​សាងសង់​ទួល​នៅ​ក្នុង​កំពែង​របស់​ប្រាសាទ​គឺ​អាច មាន​៣​ដំណាក់កាល​ធំ​ៗ គឺ​ដំណាក់​ទី​១ អាច​មាន​ពលករ​មក​រៀបចំ​ស្នាក់​នៅ ដើម្បី​ត្រៀម​រៀបចំ​ការ​សាងសង់​ប្រាសាទ​នៅ​លើ​ទួល​ដែល​មាន​ស្រាប់​។ ដំណាក់កាល​ទី​២ ពេល​កំពុង​សាងសង់​ប្រាសាទ គឺ​មនុស្ស​បន្ត​រៀបចំ​ទួល​នេះ ដោយ​ចាក់​ដី​បន្ថែម និង​យក​កម្ទេច និង​បំណែក​ថ្មភក់ រៀបចំ​ជា​គ្រឹះ​នៅ​ជាប់ជើង​ទួល​។ ដំណាក់កាល​ទី​៣ ក្រោយ​ពេល​សាងសង់​ប្រាសាទ​រួចរាល់ អាច​មាន​មនុស្ស​មក​រស់នៅ​ថែរក្សា​ប្រាសាទ មាន​ព្រាហ្មណ៍ មាន​ខ្ញុំ​ប្រាសាទ​ជាដើម បន្ត​រស់នៅ​គឺ​នៅ​ស្រទាប់​ទី​៣​នេះ​។

លោក​បាន​បន្ត​ថា ក្រៅពី​នេះ នៅ​ស្រទាប់​ទី​៣ ក៏​បាន​រក​ឃើញ​បំណែក​កុលាលភាជន៍​ខ្មែរ និង​ចិន​នៅ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣​មួយ​ចំនួន​។ លោក​បាន​បញ្ជាក់​ថា ជា​ជំហាន​ដំបូង ទិន្នន័យ​នៃ​ការ​ធ្វើ​កំណាយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​យល់​ដឹង អំពី​សកម្មភាព​របស់​មនុស្ស ក្រៅពី​ប្រាសាទ អ្នក​ដែល​ចូលរួម អ្នក​រស់នៅ​ក្បែរ​កំពែង​នៅ​ក្នុង​ប្រាសាទ ជា​ផ្នែក​មួយ​របស់​ប្រាសាទ តាម​រយៈ​ទួល​មួយ​នេះ យើង​ឃើញ​មាន​សកម្មភាព​ដែល​មនុស្ស​មក​រស់នៅ អាច​យក​ជា​ភស្តុ​តាង​បំពេញបន្ថែម​ទៅ​លើ​ឯកសារ​សរសេរ​ជា​សិលាចារឹក ចម្លាក់ ដែល​ឃើញ​មាននៅ​តាម​ប្រាសាទ ពោល​គឺ​នៅ​កន្លែង​នេះ តឹកតាង​បុរាណវិទ្យា អាច​ឱ្យ​យើង​ដឹង​អំពី​សកម្មភាព​របស់​មនុស្ស និង​ទំនាក់ទំនង​ជាមួយ​ប្រាសាទ​។

នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​ប្រសាទ​បុរាណ​ប្រមាណ​ជា ជាង ៦.៥០០ ប្រាសាទ​ដោយនៅ​ក្នុង​នោះ​ប្រាសាទ​ដែល​មាន​រូបរាង​ប្រមាណ​៥៨២ ប្រសាទ បាក់បែក​សល់​តែ​គ្រឹះ​មាន​៣៩៣ ទួល​បុរាណ​៤.១៩៧ វត្ត​បុរាណ​១១០៤ ស្ពាន​បុរាណ​១០៧ ។ សំណង់​ស្ថា​ត្យ​កម្ម​ទាំងនោះ​គឺ​ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង ពីព្រោះ​មាន​សំណង់​ខ្លះ​ដែល​សង់​រាប់រយ​ឆ្នាំ​ដូច​ជា​ករណី​ប្រាសាទ​អង្គ​វត្ត ប្រាសាទព្រះវិហា ប្រាសាទ​កោះ​កេរ​ជាដើម គឺ​នៅ​តែ​រឹង​មាំ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា ប្រាសាទ​ទាំងនោះ​សង់​ឡើង​យ៉ាងដូចម្តេច​ច្បាស់លាស់​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ