ខេត្តបន្ទាយមានជ័យ ៖ សត្វពស់ថ្លាន់១ក្បាល មានទម្ងន់ជិត១០គីឡូក្រាមវារចូលក្នុងម៉ូតូមួយគ្រឿងម៉ាក PCX មិនព្រមចេញ លុះម្ចាស់ម៉ូតូហៅជាង និងក្រុមអន្តរាគមន៍ ទើបយកចេញបាន។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅភូមិដីថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា នៅពេលម្ចាស់ម៉ូតូម៉ាក PCX បម្រុងយកម៉ូតូជិះទៅផ្សារ ស្រាប់តែប្រទះឃើញពស់ថ្លាន់១ក្បាលកំពុងសំងំនៅក្នុងម៉ូតូធ្វើភ្នែកភ្លឹសៗដាក់ ហើយម្ចាស់ម៉ូតូក៏បានហៅជាង និងក្រុមអន្តរាគមន៍ជួយសង្គ្រោះសត្វពស់នោះ ដោយជាងម៉ូតូមកដោះអាវម៉ូតូចេញ ទើបទាញយកចេញបាន ដែលជាពស់ថ្លាន់១ក្បាលជិត១០គីឡូក្រាម។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយក្រុមអន្តរាគមន៍យកពស់ថ្លាន់ចេញពីម៉ូតូហើយ ក៏ច្រកការ៉ុងដើម្បីទៅប្រគល់ជូនមេព្រៃដើម្បីយកទៅដាក់នៅសួនសត្វយកទៅអភិរក្ស ។ សព្វថ្ងៃនេះពស់ថ្លាន់ច្រើន ព្រោះប្រជាពលរដ្ឋមិនចាប់ឬសំលាប់ពស់ថ្លាន់យកទៅធ្វើម្ហូបឡើយ ទើបពស់ថ្លាន់កាន់តែច្រើន។

ក្រុមអន្តរាគមន៍បានបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋរាយការណ៍មានពស់ថ្លាន់១ក្បាលជិត១០គីឡូក្រាមបានវារចូលសំងំក្នុងម៉ូតូ ទើបក្រុមអន្តរាគមន៍និងជាងម៉ូតូម្នាក់ទៅដោះអាវម៉ូតូចេញទើបយកចេញបាន ហើយផ្តាំទៅប្រជាពលរដ្ឋ បើឃើញពស់ចូលក្នុងផ្ទៈត្រូវរាយការណ៍ក្រុមការងារចុះទៅអន្តរាគមន៍និងចាប់យកចេញហើយយកទៅប្រគល់ជូនមេព្រៃមកទទួលយកទៅដាក់តាមសួនសត្វ ដើម្បីអភិរក្ស ៕





ចែករំលែកព័តមាននេះ