ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមានដីកាតាមចាប់ខ្លួនស្រាប់ផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីជននេះដកកូនកាំបិតចាក់ និងអារ.កទៅលើអ្នកភូមិចំនួន០៣នាក់ ដែលកំពុងអង្គុយផឹកស្រាថ្នាំជុំគ្នានៅក្រោមផ្ទះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ សីហា នៅចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលបណ្ដាលឲ្យជនរងគ្រោះរងរបួសគ្រប់គ្នា។

តាមរយៈរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដ៏សាហាវឃោរឃៅ ដែលត្រូវឃាត់ខ្លួនឈ្មោះ ទូ ទុត្យ អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ដោយឡែក ជនរងគ្រោះទាំង០៣នាក់ ដែលត្រូវជនដៃដល់ខាងលើចាប់អារក និងចាក់ឲ្យរងរបួសគ្រប់ៗគ្នានោះមាន ១-ឈ្មោះ អ៊ិន អ៊ាម ភេទប្រុស អាយុ៥៩ឆ្នាំ របួសក្រោមក្លៀកខាងឆ្វេង (ស្នាមចាក់) ២-ឈ្មោះ ផាន់ សារី ភេទប្រុស អាយុ៥៩ឆ្នាំ របួសករ (ស្នាមអារ.ក) និង៣-ឈ្មោះ ហ៊ុល សំបូរ ភេទប្រុស អាយុ៥៩ឆ្នាំ របួសករ (ស្នាមអារ.ក)។
គេមិនទាន់ដឹងលំអិតអំពីសកម្មភាពរបស់ជនដៃដល់ ដែលបានដកកូនកាំបិតចាក់ផង និងចាប់អារ.កជនរងគ្រោះទាំង០៣នាក់ផង តាមអំពើចិត្តនោះទេ។ ប៉ុន្តែបើយោងលើរបាយការណ៍ព្រឹត្តិហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់បានដើរសំដៅក្រុមជនរងគ្រោះទាំង០៣នាក់ ដែលកំពុងអង្គុយផឹកស្រាថ្នាំជុំគ្នានៅក្រោមផ្ទះ ។ អ្នកភូមិនិយាយថា គេមិនបានដឹងពីដំបូងនៃអំពើហិង្សាដ៏សាហាវឃោរឃៅនេះទេ តែគេបានឃើញជនរងគ្រោះទាំង០៣នាក់នោះកំពុងអង្គុយផឹកជុំគ្នានៅក្រោមផ្ទះ លុះបន្តិចក្រោយមក ស្រាប់តែឃើញផ្អើលឈុលរត់ពេញក្រោមផ្ទះ ឮសម្លេងស្រែករកជំនួយ។ គ្រានោះគេឃើញមានសកម្មភាពប្រតាយប្រទង់គ្នា ហើយគេជនដៃដល់កាន់កូនកាំបិតដេញចាក់ក្រុមជនរងគ្រោះ ។
ប្រភពដដែលបានបញ្ជាក់ថា ភ្លាមៗនោះ នៅកន្លែងកើតហេតុ គេមិនដឹងពីមូលហេតុទេ តែគេឃើញជនរងគ្រោះ០២នាក់រងរបួសត្រង់ដោយសារជនដៃដល់ចាប់អារ និងម្នាក់ទៀតរបួសក្រោមក្លៀកដោយសារជនដៃដល់ចាក់នឹងកូនកាំបិត តែជនរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុភ្លាមៗដេរ។ ប៉ុន្តែគេបានដឹងខ្លះថា អំពើហិង្សានេះផ្ដើមចេញជម្លោះពាក្យសំដីរវាងក្រុមជនរងគ្រោះជាមួយជនដៃដល់ តែភ្លាមៗគេមិនដឹងជនរងគ្រោះម្នាក់ណា ដែលមានជម្លោះជាមួយជនដៃដល់នោះទេ ។
លោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់មិនលើកទូរស័ព្ទបំភ្លឺទេ ជុំវិញអំពើ«ប៉ុនប៉ងមនុស្សឃាត» ខាងលើនេះ។ បើតាមមន្ត្រីការិយាល័យធ្ងន់ធ្ងរមួយនេះ បាននិយាយថា មួយរយៈកន្លងទៅនេះ លោក កោ ស៊ុនកាំង មិនសូវហ៊ានលើកទូរស័ព្ទអ្នកកាសែតទេ ព្រោះភាគច្រើននៃសំណុំរឿងបទឧក្រិដ្ឋដែលកើតឡើង ពាក់ព័ន្ធនឹងជំនាញការិយាល័នេះត្រូវធ្វើ គឺនាយការិយាល័យនេះមិនសូវដឹងរឿងទេ។ ដូច្នេះហើយ ទើបលោកនាយការិយាល័យនេះគេចវែសមិនលើកទូរស័ព្ទអ្នកកាសែត ដើម្បីបំភ្លឺរឿង ។

ជុំវិញករណី«ប៉ុនប៉ងមនុស្សឃាត» ខាងលើនេះ បើតាមស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា បានប្រាប់តាមទូរស័ព្ទដែរថា ករណីខាងលើនេះជាអំពើ «ប៉ុនប៉ងមនុស្សឃាត ដោយចេតនា» ដែលផ្ដើមចេញពីគំនុំ ។ លោកថា ជនដៃដល់ត្រូវបានកម្លាំងអធិការស្រុកបាណន់ តាមចាប់ខ្លួនបានភ្លាមៗ ក្រោយទទូលបណ្ដឹងបឋមពីក្រុមជនរងគ្រោះ។
លោកស្នងការរងរូបនេះបាននិយាយថា បើតាមចម្លើយបឋមក្រុមជនរងគ្រោះ និងជនដៃដល់បានប៉ះទង្កិចពាក្យសម្ដីគ្នាមួយប្រាវមុនពេលជនដៃដល់ដកកូនកាំបិតចេញពីហោប៉ៅខោចាក់អារកទៅលើក្រុមជនរងគ្រោះ ។ លោក លឹម ពុទ្ធីឡា ក៏បានបញ្ជាក់ដែរថា ជនដៃដល់ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួន ស្រាប់មួយករណីផងដែរពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដូច្នេះ ជននេះនឹងត្រូវជាប់ទោសឧក្រិដ្ឋត្រូតគ្នាចំនួន០២ករណី។ ពេលនេះ មន្ត្រីជំនាញ កំពុងសួរនាំជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ