ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងពិតអំពីផ្លែច័ន ផ្លែប៉ែន ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ដែលកូនខ្មែរគួរតែដឹង!

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ច័ន ឬ ប៉ែន ជា​ឈ្មោះ​ផលព្រឹក្ស​ម្យ៉ាង ដែល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ខេត្ត​ចន្ទ​បុរី ដែល​ជា​អតីត​ខេត្ត​មួយ​របស់​ខ្មែរ ប៉ុន្តែ​ស្ថិត​ក្នុង​ទឹកដី​ថៃ​សព្វថ្ងៃ រួម​ទាំង​តំបន់​ភាគ​ខាងលិច​នៃ​ជួរ​ភ្នំក្រវាញ…

រាជធានី​ភ្នំពេញ ៖ ច័ន ឬ ប៉ែន ជា​ឈ្មោះ​ផលព្រឹក្ស​ម្យ៉ាង ដែល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ខេត្ត​ចន្ទ​បុរី ដែល​ជា​អតីត​ខេត្ត​មួយ​របស់​ខ្មែរ ប៉ុន្តែ​ស្ថិត​ក្នុង​ទឹកដី​ថៃ​សព្វថ្ងៃ រួម​ទាំង​តំបន់​ភាគ​ខាងលិច​នៃ​ជួរ​ភ្នំក្រវាញ ។

ខ្មែរ​យើង​ស្គាល់ និង​បរិភោគ​តាំង​តែ​ពី​សម័យ​បុរាណ​មក​ម្ល៉េះ ប៉ុន្តែ​សព្វថ្ងៃ​ដើម​ច័ន ឬ​ប៉ែន​នេះ ពុំ​សូវ​មាន​អ្នក​ដាំ​ដុះ​វា​នោះ​ទេ និង​កម្រ​ឃើញ​មាន​លក់​នៅ​លើ​ទីផ្សា​ណាស់ ដែល​ធ្វើ​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពុំ​បាន​ស្គាល់ ពុំ​បានដឹង​ច្បាស់​អំពី​ផ្លែ​ឈើ​បុរាណ​មួយ​ប្រភេទ​នេះ​ឡើយ ។

ដូចនេះ​ហើយ កោះសន្តិភាព សូម​ដកស្រង់​អត្ថបទ​ស្រាវជ្រាវ​មួយ​លម្អិត​ពី​ដើម «​ច័ន ឬ​ប៉ែន​» ដែល​ចងក្រង​ដោយ​ម្ចាស់​ផេ​ក Biohistory of Cambodia គឺ​អ្នក​រុក្ខ​វិទូ សុខ វិ​ជ្ចា ដែល​ជា​អ្នកជំនាញ​ផ្នែក​រុក្ខជាតិ​មួយ​រូប​នៅ​កម្ពុជា អំពី​គុណប្រយោជន៍​ដ៏​សម្បូរ​បែប​ក៏​ដូច​ជា ប្រវត្តិ និង​ទំនាក់ទំនង​នៃ​ផ្លែ​«​ច័ន ឬ​ប៉ែន​» នៅ​ក្នុង​វប្ប​ធ​ម៍​អរិយធម៌ និង​សង្គម​ខ្មែរ ។ ច័ន ឬ​ប៉ែន មាន​ដើម​កំណើត​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងលិច​នៃ​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ ហើយ​បាន​សាយភាយ​ពូជ​ទៅ​ដល់​ប្រទេស​ថៃ វៀតណាម លាវ និង​ភូមា ។

ដើម​ច័ន​មាន​កម្ពស់​ជា​មធ្យម ៥​ម – ១០​ម សម្បក​ដើម​ចាស់​មាន​ពណ៌​ខ្មៅ ។ ដើម​ច័ន ច្រើន​ដុះ​ដោយ​ខ្លួនឯង​នៅ​កន្លែង​ដី​សើម ព្រៃរបោះ ភ្នំ ឬ​ដាំ​ក្នុងភូមិ និង​វត្ត​អារាម ។ កាលពី​សម័យ​មុន ខ្មែរ​យើង​និយម​ដាំ​ដើម​ច័ន​នៅ​តាម​ទី​វត្ត​អារាម​ណាស់ ដោយសារ​ផ្លែ​របស់​វា​មាន​ភាព​ចម្លែក​ពី​គេ ព្រោះ​ជាដើម​ឈើ​តែ​មួយ​តែ​ផ្លែ​មាន ២​សណ្ឋាន​ផ្សេង​ពី​គ្នា​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា ចាន់ និង​ប៉ែន​មក​ដល់​សព្វថ្ងៃ ។ ដោយ​តាម​ជំនឿ​របស់​ប្រជាជន ដើម​របស់​វា​ពេល​ដែល​នៅ​តូច​មាន​ផ្លែ​រូបរាង​សំប៉ែត គ្មាន​គ្រាប់​យើង​ហៅ​ថា ប៉ែន ឬ​ម៉ាក់​ប៉ែន និង​ពេល​ដើម​របស់​វា​ធំ​អស់​ផ្លែ​របស់​វា​មាន​រាង​មូល​វិញ យើង​ហៅ​ថា ចាន់ តែបើ​យោង​តាម​ការ​សិក្សា​លក្ខណៈ​វិទ្យាសាស្ត្រ​វិញ គឺ​ភាគច្រើន​រុក្ខជាតិ​ហូប​ផ្លែ​ជា​រុក្ខជាតិ​ដែល​មាន​ផ្កា​ភេទ​ញី ឈ្មោល​ក្នុង​ដើម​តែ​មួយ ( monoecious ) ដោយ​ផ្កា​ភេទ​ញី ដែល​បាន​ទទួល​លម្អង​កេសរ​ពី​ផ្កា​ឈ្មោល ពេល​ផ្លែ​មក​វា និង​ចេញ​ទៅ​ជា ច័ន ចំណែក​ផ្កា ដែល​មិន​បាន​ទទួល​លម្អង​កេសរ​ទេវា និង​ក្លាយទៅជា ប៉ែន ។

ច័ន ឬ ប៉ែន ជា​ឈ្មោះ​ដែល​យក​តាម​ឈ្មោះ​អតីត​ខេត្ត​ខ្មែរ ចន្ទ​បុរី​ពី​សម័យ​មុន​សៀម​គ្រប់គ្រង ដោយសារ​តែ​ដើម​ច័ន​នេះ មាន​ភាព​ពេញ​និយម​ខ្លាំង​នៅ​សម័យ​បុរាណ​ទើបបាន​គេ​កំណត់​យកឈ្មោះ​ដូច​ឈ្មោះ​ខេត្ត​ដែល​ជាទី​កំណើត​ដើម​របស់​វា​ដូច្នោះ​ឯង ។ លុះ​ក្រោយមក​ពេល​ខ្មែរ​បុរាណ​យើង​យក​ពូជ​ដើម​ច័ន​នេះ​មក​ដាំ​នៅ​គ្រប់​ទិស​ទី គេ​ក៏​នៅ​តែ​ហៅ​តាម​ឈ្មោះ​ខេត្ត​ចន្ទ​បុរី​នេះ​ដដែល ។ ក្នុង​សម័យ​បុព្វ​កាល​ខ្មែរ​យើង​និយម​ធ្វើ​គ្រឿង​អប់​ក្លិន​ពី​ធម្មជាតិ​ណាស់ ហើយ​គេ​ក៏​បាន​យក​ផ្លែ​ច័ន​នេះ មក​កែ​ច្នៃ​ជា​គ្រឿង​អប់​មួយ​ប្រភេទ​ផង​ដែរ ដូច​ជា ការ​ប្រើ​នៅ​លើ​ម្ហូបអាហារ​ជាដើម នេះ​ក៏​ព្រោះតែ​ផ្លែ​របស់​វា​មាន​ក្លិនក្រអូប​ខ្លាំង ដូច​ជា​ពពួក​គ្រឿង​អប់​ក្លិន​ដទៃ​ទៀត​ផង​ដែរ ។

ផ្លែ​ច័ន​ទុំ​ត្រូវ​បាន​មនុស្ស​សម័យ​បុរាណ គេ​យក​មក​ប្រើ​សម្រាប់​អប់​ក្លិន​ស្រា ដើម្បី​អោយ​វា​មាន​ក្លិនក្រអូប ដោយ​វិធី​ចំហុយ​ផ្លែ​ទុំ​របស់​វា​ជាមួយ​ស្រា​បុរាណ រួច​គេ​ក៏​ហៅ​ស្រា​នោះ​ថា ទឹក​ចន្ទន៍ ដូច​យើង​ធ្លាប់​លឺ​ក្នុង​ភាពយន្ត​បុរាណ​ខ្មែរ​ពី​ដើម​អ​ញ្ចឹ​ង ព្រោះ​ភាគច្រើន​ស្រា​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ស្រា​ធម្មតា អ​ញ្ចឹ​ង​ហើយ​មាន​តែ​ព្រះមហាក្សត្រ និង​អ្នក​ធូ​ធារ​ទេ​ទើប​មាន​លុយ​ទិញ ។ ចំណែក​មួយទៀត​គេ យក​ផ្លែ​ច័ន​ទុំ​ដូច​គ្នា​យក​ទៅ​ត្រាំ​ក្នុង​ស្រា​តែ​ម្តង ហើយ​គេ​ហៅ​ស្រា​នោះ​ថា ស្រា​ចន្ទន៍ ។

នៅ​សម័យ​មុន​ដើម​ច័ន​ត្រូវ​បាន​គេ​ដាំ​ដុះ​ទាំង​ក្នុង​ព្រះ​បរមរាជវាំង​ខ្មែរ និង​សៀម ដើម្បី​យក​ផ្លែ​របស់​វា​មក​ផលិត​ជា​ស្រា​ចន្ទន៍ ឬ​ទឹក​ចន្ទន៍​នេះ​សម្រាប់​ថ្វាយ​ហ្លួង ។ មាន​តំបន់​ខ្លះ​នៃ​ប្រទេស​យើង​ប្រជាជន​នា​សម័យ​មុន​ក៏​និយម​យក​ផ្លែ​ច័ន​នេះ មក​អប់​ក្នុង​ទូរ​សម្លៀក​បំពាក់​ផង​ដែរ ព្រោះ​វា​ផ្តល់​នៅ​ក្លិនក្រអូប​ឈ្ងុយ និង​មាន​ចាស់​ៗ​មួយ​ចំនួន​ទៀត​យក​ទៅ​អប់​ក្រមួន​លាប​មាត់ ដើម្បី​បំបាត់​ក្លិន​ក្រមួន​ចេញ​ផង​ដែរ ។ ចំណែកឯ​ដើម​របស់​វា​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​កន្ត្រក ម្យ៉ាង​មាន​ប្រហោង​តូច​ៗ​សម្រាប់​ច្រោះ​ម្សៅ​ធ្វើ​នំ រួច​គេ​ក៏​ហៅ​វា​ថា ប៉ែន តាម​ឈ្មោះ​របស់​ដើម​នេះ​តែ​ម្តង ដែល​យើង​ស្គាល់​សព្វថ្ងៃ​ហៅ​ថា​ប៉ែន​ធ្វើ​នំ​បញ្ចុក ។

កាលសម័យ​ទ​ស្សវត​ឆ្នាំ​៦០​ជាង ផ្លែ​ច័ន​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​តែង​ជា​បទ​ចម្រៀង​មួយ​បទ​ផង​ដែរ ដែល​មាន​ចំណងជើង​ថា ស្រណោះ​ក្លិន​ចន្ទ ដែល​បកស្រាយ​ដោយ​លោក ជា សា​វឿ​ន និង​អ្នកស្រី រស់​សេរី​សុទ្ធា ។ មិនតែប៉ុណ្ណោះ ដើម​ច័ន​នេះ​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​បុរាណ លោក​យក​មក​ដាក់​ជា​ឈ្មោះ​ប្រាសាទ​មួយ​តែ​ម្តង គឺ​ប្រាសាទ​ដើម​ច័ន​ដែល​កសាង​ដោយ​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ ដែល​មា​នទី​តាំងនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

នៅ​ក្នុង​ទំរង់​ក្បាច់​បុរាណ​ខ្មែរ មាន​ក្បាច់​មួយ​ដែល​បុព្វបុរស​ដូនតា​ខ្មែរ​យើង​បាន​ដកស្រង់​យក​ចេញពី​ទម្រង់​នៃ​ផ្កា​ចាន់​នេះ​ដែរ ដែល​សព្វថ្ងៃ​អ្នក​ខាង​សិល្បៈ​ចម្លាក់ ឬ​គំនូរ​គេ​ហៅ​ថា ក្បាច់​ផ្កា​ច័ន ទំនង​ព្រោះ​បុព្វបុរស​ដូនតា​ខ្មែរ​លោក​យល់​ឃើញ​អំពី​អត្ថប្រយោជន៍​ដ៏​ច្រើន​នៃ​រុក្ខជាតិ​ដើម​ច័ន​នេះ ទើប​លោក​លើកយក​មក​ច្នៃ​ជា​ក្បាច់ចម្លាក់​ដូច​រុក្ខជាតិ​មួយ​ចំនួន​ទៀត​ដែរ ។

សព្វ​ថ្ងៃនេះ​មាន​ប្រជាជន​តំបន់​ខ្លះ​បាន​កែ​ច្នៃ​ផ្លែ​ច័ន​ទុំ​យក​ទៅ​ធ្វើ​ជា​បង្អែម​ទៀត​ផង​គេ​ហៅ​ថា បង្អែម​ច័ន​ខ្ទិះ គុណប្រយោជន៍ អត្ថប្រយោជន៍ និង​ផ្នែក​ឱសថ​បុរាណ នៃ​ច័ន ឬ​ប៉ែន ៖ ក្រៅ​តែ​ពី​ឈើ​ដែល​ប្រើ​ធ្វើ​ជា​អុស​ដុត​បាន សាច់​ឈើ​យើង​អាច​យក​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម និង​ប្រើ​សម្រាប់​សាងសង់​ផ្ទះ​បាន ។ ដើម​អាច​យក​ដុត​ផលិត​ជា ធ្យូង​បាន ហើយ​ផ្លែ​បរិភោគ​ស្រស់ និង​ធ្វើ​បង្អែម ខណៈ​ស្លឹក ដើម និង​សំបក​កែ​ច្នៃ​ប្រើ​ជា​ឱសថ​បុរាណ ។

  • ទឹក​យក​ចេញពី​ផ្លែ​ចាន់ មាន​សមត្ថភាព​ជួយ​ទប់ស្កាត់​ការ​បំបែក​កោសិកា​ឈាមក្រហម និង​មាន​សារធាតុ​ប្រឆាំង​និង អុកស៊ីតកម្ម
  • ផ្លែ​ទុំ​ស្រស់​ជួយ​បង្កើន​ថាមពល​ក្នុង​រាង​កាយ
  • សាច់​ផ្លែ​ពេល​បរិភោគ​ជួយ​អោយ​គេង​លក់​ស្រួល
  • សំបក​ដើម និង​ស្លឹក ស្ងោ​ផឹក​ជួយ​បំប៉ន​ខួរក្បាល
  • ខ្លឹម​របស់​ដើម​ចាន់ មាន​សារធាតុ​ជួយ​បំប៉ន​ស្បែក​អោយ​មាន​សុខភាព​ល្អ ជួយ​បណ្តេញ​ខ្យល់​ក្នុង​ពោះវៀន ,​បំបាត់​ការ​ស្រេកទឹក ,​បញ្ចុះ​កំ​ដៅ​ក្នុង​រាង​កាយ , ព្យាបាល​ជម្ងឺ​រលាក​ទងសួត និង​ក្អក
    – សាច់​ផ្លែ ៖ ទម្លាក់​ព្រូន​កូន​ក្មេង (​ឲ្យ​ក្មេង​ញ៉ាំ​ឲ្យ​បាន​ច្រើន​ពេល​ព្រឹក មិន​ទាន់​ញ៉ាំ​អី​)
    – សំបក​ផ្លែ​៖ ព្យាបាល​ពងបែក (​យក​សំបក​ហាល​ឲ្យ​ក្រៀម ដុត​ខ្លោច កិន​ឲ្យ​ម៉ត់ លាប​កន្លែង​ពងបែក​)
    – ស្លឹក​៖ ប្រើ​ស្រស់​បិត​កន្លែង​កើត​បូស របួស ឬ​រលាកភ្លើង
    – សំបក ឫស​៖ កោស​សំបក​ក្រៅ​ចេញ ចំនួន​មួយ​ក្ដាប់ ដាំទឹក​ផឹក ព្យាបាល​ក្មេង​ក្ដៅ និង​ក្អួត កើត​រមាស់
    – សាច់​ឈើ និង​ខ្លឹម​៖ ប្រើ​ដើម្បី​ជំនួយ​សរសៃប្រសាទ ជំនួយ​សាច់​ស្បែក​ឲ្យ​ស្រស់ស្រាយ ក្ដៅខ្លួន ព្យាបាល​ថ្លើម សួត ទម្លាក់​ព្រូន ព្យាបាល​បែកញើស​ច្រើន
    – ផ្លែ​៖ ព្យាបាល​អាកា​រៈ​ដេក​មិន​លក់ រសាប់រសល់ ជំនួយ​សរសៃ ៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

កែសម្រួលដោយ