ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Ronaldo អាច​បំបែក​កំណត់​ត្រា​ឆា​នែ​ល​យូ​ធូប​មាន Subscriber ច្រើន​បំផុត​លើ​លោក​បាន​ឬទេ?

3 អាទិត្យ មុន

បរទេស ៖ ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បាន​ក្លាយជា​តារា​ល្បី​បំផុត​ប្រចាំ​យូ​ធូប (YouTube) ដែល​ជា​វេទិកា​ចែករំលែក​វី​ដេ​អូ​តាម​អន​ឡាញ​ដ៏​ល្បី​បំផុត​លើ​ពិភពលោក​បាត់​ហើយ ក្រោយ​ការ​បើក​ដំណើរការ​ឆា​នែ​ល​ផ្ទាល់ខ្លួន…

បរទេស ៖ ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បាន​ក្លាយជា​តារា​ល្បី​បំផុត​ប្រចាំ​យូ​ធូប (YouTube) ដែល​ជា​វេទិកា​ចែករំលែក​វី​ដេ​អូ​តាម​អន​ឡាញ​ដ៏​ល្បី​បំផុត​លើ​ពិភពលោក​បាត់​ហើយ ក្រោយ​ការ​បើក​ដំណើរការ​ឆា​នែ​ល​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។

កីឡាករ Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League បាន​បើក​ដំណើរការ​ឆា​នែ​ល​យូ​ធូប​ផ្ទាល់ខ្លួន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២១ សីហា កន្លង​ទៅ ដែល​មានឈ្មោះ​ថា «UR · Cristiano» ហើយ​គិត​មក​ទល់​ព្រឹក​នេះ ឆា​នែ​ល​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​រូប​នេះ​មាន​អ្នក​ចុច Subscribe រហូត​ដល់​ជាង ២៨​លាន​នាក់​រួច​ទៅ​ហើយ​។

ការ​ប្រឡូក​ចូល​លើក​ដំបូង​ក្នុង​វេទិកា​ចែករំលែក​វី​ដេ​អូ​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​លើ​ពិភពលោក ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យ​ក្យ​អា​មេ​រិ​ក Google មួយ​នេះ មិន​ត្រឹមតែ​ជួយ​បង្កើន​ប្រជាប្រិយភាព និង​ប្រាក់​ចំណូល​ដល់​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ Ronaldo ថែម​ទាំង​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ស​ន្លាំ​ង​មិន​ធ្លាប់​ពី​មុន​មក ដែល​មាន​ចំនួន​អ្នក​ចុច Subscribe ច្រើន និង​លឿន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ពោល​ត្រឹមតែ​រយៈពេល​៩០​នាទី​ដំបូង អ្នក​ចុច Subscribe លើស​១​លាន​នាក់​រួច​ទៅ​ហើយ ក៏​ដូច​ជា​កំណត់​ត្រា​ឈាន​ដល់ ១០​លាន​នាក់ និង​២០​លាន​នាក់​ល្បឿន​បំផុត​ផង​ដែរ និង​បាន​ប៊ូ​តុង​មាស​ពី​យូ​ធូប​រួច​ទៅ​ហើយ ក្រោយ​បើក​ដំណើរការ​ឆា​នែ​ល​មិន​ដល់​១​ថ្ងៃ​ផង​។

យ៉ាងណាមិញ គ្រប់​គ្នា ជា​ពិសេស​អ្នកគាំទ្រ Cristiano Ronaldo រំពឹង​ថា កីឡាករ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ នឹង​ឈាន​ដល់​តំណែង​បុគ្គល​មាន​អ្នក​ចុច Subscribe លើ​យូ​ធូប​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។

ដ្បិត​បច្ចុប្បន្ន ឆា​នែ​ល​យូ​ធូប​ដែល​មានឈ្មោះ​ថា «MrBeast» របស់​លោក James Stephen Donaldson ជនជាតិ​អា​មេ​រិ​កាំ​ង​វ័យ​២៦​ឆ្នាំ មាន​ចំនួន​អ្នក​ចុច Subscribe ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ពោល​រហូត​ដល់ ៣១១​លាន​នាក់ ក្រោយ​បង្កើត​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២​។ ដូច្នេះ​គ្រប់​គ្នា​ពិតជា​ចង់​ឃើញ​ថា តើ Cristiano Ronaldo ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន ដើម្បី​បំបែក​កំណត់​ត្រា​លោក James Stephen Donaldson នៅ​យូ​ធូប?

បើ​តាម​ប្រភព​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes បានឱ្យ​ដឹង​ថា ក្រៅ​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ និង​កំណត់​ត្រា​ពិសេស​ៗ​ជា​ច្រើន​លើ​សមរភូមិ​វាលស្មៅ ហើយ​ក៏​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ផង​នោះ Ronaldo ក៏​ជា​បុ​គ្គមាន​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​អ៊ីនធឺណិត​ផង​ដែរ ដោយ​មាន​អ្នក​ចុច​តាមដាន​នៅ​លើ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាង​៩០០​លាន​នាក់​។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូប​នេះ ក្លាយជា​អត្ត​ព​លិ​ក​កីឡា​កំពុង​ប្រកប​អាជីព​ដំបូង​គេ ដែល​រក​ប្រាក់​ចំណូល​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​អាជីព​។ ដ្បិត​កីឡាក​រូប​នេះ ក៏​ជា​អត្ត​ព​លិ​ក​មាន​ប្រាក់​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ ដោយ​ទទួល​បាន​រហូត​ដល់​២០០​លាន​អឺ​រូពី​ក្លិប Al Nassr នៅ​ក្នុង​១​រដូវ​កាល​។

ដំណើរ​ជីវិត​តស៊ូ​របស់​កីឡាករ Cristiano Ronaldo ក៏​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គ្រប់​គ្នា​ផង​ដែរ ដោយ​កើត​ចេញពី​គ្រួសារ​ជីវភាព​លំបាក​មួយ​ក្នុង​ទីក្រុង​ហ្វុ​ន​ឆាល (Funchal) តំបន់​ស្វយ័ត​ម៉ា​ឌី​រ៉ា (Madeira) ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ តស៊ូ​ឆ្លងកាត់​រឿង​ល្វីង​ជូរ​ចត់​ជា​ច្រើន​រាប់​មិន​អស់​រហូត​ទទួល​ជោគជ័យ​ដូច​សព្វថ្ងៃ និង​ត្រូវ​បាន​ចារ​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​ឆ្នើម និង​ល្បីល្បាញ​បំផុត​មួយ​រូប​ក្នុង​ពិភព​កីឡា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គ្រប់ពេល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ