ប្រទេសចិន ៖ ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោមថ្វីជើងជប៉ុនដោយលទ្ធផល ៧-០ នៅក្នុងវគ្គជម្រុះ ជុំទី ៣ ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូល C ពានរង្វាន់ World Cup ប្រចាំទ្វីបអាស៊ី បានបង្កើតឱ្យមានការរិះគន់ពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចទឹកបាក់ទំនប់។ ខណៈដែលអ្នកគាំទ្រចិនបានប្រើប្រាស់ពាក្យ «អាម៉ាស់» ដើម្បីពណ៌នាការបរាជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ប្រភពពីសារព័ត៌មាន Channel News Asia របស់ប្រទេសសង្ហបុរី កាលពីពេលថ្មីៗនេះ បានសរសេរថា ក្រុមបាល់ទាត់ជម្រើសជាតិចិន ប្រឈមនឹងការមើលងាយ និងការរិះគន់តាមអ៊ីនធឺណិតពីអ្នកគាំទ្ររបស់ពួកគេ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបានចំអកដល់ស្ថានភាពកីឡានៅក្នុងប្រទេសយក្សនៅអាស៊ីមួយនេះផងដែរ។ ការបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះជប៉ុន នៅឯទីក្រុងសៃតាម៉ា (Saitama) បានបន្តក្លាយជាប្រធានបទដ៏ក្តៅបំផុតលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិន។ ដោយការរិះគន់ទទួលបានការមើលរហូតដល់ ៥៣០លានដង ដែលភាគច្រើនជាអ្នកស្នេហាវិស័យបាល់ទាត់។
គណនីមួយបានសរសេរថា «ពួកគេប្រហែលជាគិតថាចាញ់២គ្រាប់គ្រប់គ្រាន់ហើយ ប៉ុន្តែបែរជាបានបង្កើតប្រវត្តិសាស្ត្រម្ដងទៀតជាមួយនឹងលទ្ធផល ៧-០។ គណនីមួយទៀតបានសរសេរថា «ឥឡូវនេះខ្ញុំបានយល់ថា ហេតុអ្វីបានជាទូរទស្សន៍ CCTV មិនចាក់ផ្សាយការប្រកួតនេះ»។ គណនីមួយចំនួនផ្សេងទៀត បានស្នើឱ្យមានការរំលាយក្រុមបាល់ទាត់ជម្រើសជាតិចិនបច្ចុប្បន្ននេះ ព្រោះថាគ្មានន័យទាល់តែសោះ ក្នុងការចំណាយប្រាក់យ៉ាងច្រើនលើក្រុមដែលគ្មានប្រយោជន៍បែបនេះ។ ក្រៅអំពីមតិរិះគន់លើក្រុម លោក Branko Ivankovic ជនជាតិក្រូងអាត ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន ក៏កំពុងក្លាយជាផ្ទាំងស៊ីបនៃមតិរិះគន់របស់អ្នកគាំទ្រផងដែរ។
ការបរាជ័យចុងក្រោយរបស់ចិនក្រោមថ្វីជើងជប៉ុនក្នុងលទ្ធផល ២-០ ខណៈប្រវត្តិចាញ់ច្រើនបំផុតគឺលទ្ធផល ៣-១។ ការចាញ់ចុងក្រោយរបស់ចិនក្នុងការប្រកួតពានរង្វាន់ធំ គឺនៅក្នុងលទ្ធផល ៤-១ ក្រោមថ្វីជើងអ៊ីរ៉ង់ កាលពីឆ្នាំ ១៩៩៧ ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ១៩៩៨ ប្រចាំទ្វីបអាស៊ី។ ដូច្នេះការបរាជ័យ ៧-០ គឺជាការបាត់បង់ដ៏ធំបំផុតរបស់ចិនក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ចាប់តាំងពីការចាញ់ ៨-០ ក្រោមថ្វីជើងប្រេស៊ីលក្នុងការប្រកួតមិត្តភាព កាលពីឆ្នាំ ២០១២។
ការប្រកួតបន្ទាប់របស់ចិន នឹងត្រូវទទួលស្វាគមន៍អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាការប្រកួតទី២ ក្នុងពូល C ដ្បិតបច្ចុប្បន្ន ជប៉ុនកំពុងកាន់កាប់កំពូលតារាង តាមពីក្រោយដោយបារ៉ែនមាន៣ពិន្ទុដូចគ្នា។ ចំណែកអារ៉ាប៊ីសាអូឌីត និងឥណ្ឌូណេស៊ីមាន១ពិន្ទុស្មើគ្នា ខណៈដែលអូស្ត្រាលី និងចិន មិនទាន់មានពិន្ទុរាប់៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ