ថវិកាបដិភាគ ជួយអ្នកភូមិបណ្តែតទឹក មានបង្គន់អនាម័យសមរម្យ ៖ ស្ត្រី និងក្មេងស្រី ត្រូវបានលើកកម្ពស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្ទះប្រជាជនខ្មែរជិត ៣៦ ម៉ឺនខ្នង ឬប្រហែល ១,៧…
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្ទះប្រជាជនខ្មែរជិត ៣៦ ម៉ឺនខ្នង ឬប្រហែល ១,៧…
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្ទះប្រជាជនខ្មែរជិត ៣៦ ម៉ឺនខ្នង ឬប្រហែល ១,៧ លាននាក់ មិនទាន់មានបង្គន់ប្រើប្រាស់សមរម្យ ។ ភាគច្រើននៃអ្នកមិនទាន់មានបង្គន់ប្រើប្រាស់ គឺស្ថិតនៅតំបន់លិចទឹក និងមានគ្រួសារក្រីក្រច្រើន ។
ការរស់នៅលើទឹកដោយគ្មានបង្គន់អនាម័យ បានក្លាយទៅជាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ ។ ហើយទម្លាប់នេះបានធ្វើឱ្យអ្នកភូមិបណ្តែតទឹក ជាពិសេសស្ត្រី និងក្មេងស្រី រងផលប៉ះពាល់ជាច្រើនមិនថា បញ្ហាសុខភាព ការរើសអើង និងការបៀតបៀនដោយមិនដឹងខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ ការរស់នៅលើទឹកដោយគ្មានបង្គន់អនាម័យប្រកបដោយស្តង់ដារគុណភាពត្រឹមត្រូវ ក៏នាំឱ្យប៉ះពាល់ដល់គុណភាពទឹក និងជីវចម្រុះជុំវិញផងដែរ ។ រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ ២០២៤ បានដាក់ចេញផែនការសម្រេចការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ឬ ODF ត្រឹមឆ្នាំ ២០៣០ ។
ពន្លឺថ្មីលើភូមិបណ្តែតទឹក
ជាភូមិដែលត្រូវឆ្លងកាត់ទន្លេបាសាក់តាមរយៈទូកដទៅ-មក និងមានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ អ្នកភូមិបណ្តែតទឹកប្រមាណ ១០០ គ្រួសារដែលភាគច្រើន មានមុខរបរជាអ្នកនេសាទ និងធ្វើស្រែចម្ការតាមរដូវ បានរស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល តជំនាន់ ។ ជាឃុំដែលមានផ្នែកខ្លះគោកស្ទើរតែទាំងស្រុង រយៈពេលកន្លះឆ្នាំនារដូវប្រាំង និងជន់លិចទៅវិញ នារដូវវស្សារយៈពេលកន្លះឆ្នាំ ប្រជាជនក្នុងឃុំនេះ ៩០ ភាគរយ មានបង្គន់តាមខ្នងផ្ទះ លើកលែងតែផ្ទះបណ្តែតទឹក ដែលមិនមានបង្គន់ប្រើប្រាស់ ។
តាមទិន្នន័យរបស់អាជ្ញាធរ ឃុំប្រាសាទបូករួមទាំងភូមិបណ្តែតទឹក មានប្រជាជនសរុបជាង ៦ ពាន់នាក់ ឬស្មើ ១៦៤៤ គ្រួសារ ក្នុងនោះស្ត្រីមានជាងពាក់កណ្តាល ។ កាលពីឆ្នាំ ២០២៣ រដ្ឋបាលខេត្តកណ្តាល សហការជាមួយអង្គការ WaterAid បានប្រើប្រាស់ថវិកាបដិភាគរួមគ្នា ដើម្បីសាងសង់បង្គន់បណ្តែតទឹកចំនួន ៤ ខ្នង សម្រាប់ដាក់ពង្រាយតាមបណ្ដោយព្រែក ដែលជាដៃទន្លេបាសាក់ ជាទីដែលអ្នកភូមិបណ្តែតទឹករស់នៅ ។ បង្គន់បណ្តែតទឹកមួយខ្នង មាន ៤ បន្ទប់ទឹក មានតម្លៃជាង ១ ម៉ឺនដុល្លារ ។
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកភូមិ បង្គន់បណ្តែតទឹកដែលបានរចនាឡើង ពីគ្រោងដែកផ្សាបង្កប់ធុងបណ្តែត ពីក្រោមអមដោយឫស្សី ហើយមានភ្ជាប់ទឹកស្អាត និងភ្លើងសូឡាបំភ្លឺនៅពេលយប់ បានដាក់ពង្រាយចន្លោះពី ២០០ ទៅ ៣០០ ម៉ែត្រពីគ្នា ។ ពីបង្គន់បណ្តែតទឹកមួយខ្នងទៅមួយខ្នង អាចឱ្យពលរដ្ឋរស់នៅតាមផ្ទះបណ្តែតទឹកប្រើប្រាស់ចន្លោះពី ១៦ ទៅ ២០ គ្រួសារ ហើយអ្នកដំណើរឆ្លងកាត់តំបន់នេះ ក៏អាចចូលប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ ។
អ្នកស្រី ហេង ស្រីមុំ អាយុ ៣៦ ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋប្រមាណ ១០០ គ្រួសាររស់នៅក្នុងភូមិបណ្តែតទឹកនៃឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលនេះ ។ ជាអ្នកនេសាទធំធាត់លើផ្ទះបណ្តែតទឹក បន្តពីឪពុកម្តាយ ស្ត្រីសម្បុរសណ្តែកបាយរូបនេះ បាននិយាយថា ការមានបង្គន់អនាម័យប្រើប្រាស់ដូចគេ ពិតជាសំខាន់ ។
មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីដែលមានមុខរបរបន្ទាប់បន្សំជាអ្នករើសខ្យង ដកព្រលឹត បេះត្រកួនផងនោះ យល់ថា បង្គន់បណ្តែតទឹក បានផ្លាស់ប្តូរទម្លាប់រស់នៅ ដោយគ្មានបង្គន់សម្រាប់ជីវិតលើទឹករបស់អ្នកភូមិនេសាទ ។
អ្នកស្រី រំឭកថា ៖ «ពីមុនយើងឃើញ លាមក អណ្តែតលើទឹក ។ យើងលាងចានលាងឆ្នាំក្រឡេកមកឃើញ លាមក ហូរពីនេះពីនោះ ។ ពីមុនមិនបាច់ធ្វើអីទេទឹកហ្នឹង ឆ្អើមខ្ពើមតែម្តង ដល់ឡូវយើងមានបង្គន់អ៉ីចឹង អត់អីទេ ។ ដាំបាយ លាងចាន យើងប្រើទឹកហ្នឹងទៅ» ។
និយាយបណ្តើរភ្នែករំពៃសំឡឹងទៅកាន់កូនស្រី អាយុប្រមាណ ១០ ឆ្នាំ អ្នកស្រី ហេង ស្រីមុំ បានបន្ថែមថា ក្នុងនាមជាម្តាយដែលមានកូនស្រីៗដល់ទៅ ៦ នាក់ ក្តីបារម្ភដែលធ្លាប់មានកន្លងមក ក៏ត្រូវបានដោះស្រាយផងដែរ ។ អ្នកស្រីបញ្ជាក់ថា ៖ «ពេលអត់មានបង្គន់ យើងធ្វើបង្គន់លើត្រើងយើងចឹងទៅ (កន្លែងបន្ទោរបង់លើទឹក) ។ ពេលខ្លះដើរទៅក្រោយផ្ទះខ្លះចឹងទៅ ។ យើងជាម្តាយខ្មាស់គេដែរ ឃើញកូនបត់ដៃបត់ជើងលើទូក ។ ឃើញគេបើកកាណូត ឃើញគេចែវទូក គេចេះតែលួចមើលកូនយើង ដូច្នេះយើងជាម្តាយខ្មាសគេតែម្តង» ។
ជាស្រុកកំណើត និងទម្លាប់រស់នៅលើទឹកតាំងពីកុមារភាព លោក សុខ ប៊ុនធឿន ក្លាយជាអ្នកគ្រប់គ្រងបង្គន់បណ្តែតទឹកមួយកន្លែងក្នុងចំណោម ៤ ទីតាំង ។ មានអាជីពជាអ្នកនេសាទ បុរសវ័យ ៤៩ ឆ្នាំរូបនេះ បាននិយាយថា នៅពេលសាងសង់បង្គន់ដំបូងៗ ពលរដ្ឋហាក់មិនទាន់ទម្លាប់នឹងការប្រើប្រាស់បង្គន់នេះនៅឡើយទេ ។ ប៉ុន្តែបច្ចុប្បន្នឃើញថា ពលរដ្ឋទាំងក្មេង ចាស់ ប្រុសស្រី បានងាកមកប្រើប្រាស់បង្គន់ បើទោះជាផ្ទះគាត់ ហាក់នៅឆ្ងាយពីទីតាំងបង្គន់ ក៏ពួកគាត់ចំណាយពេលបើកទូកមកដែរ ។
លោកបញ្ជាក់ថា ៖ «នៅពេលមានបង្គន់បណ្តែតទឹកនេះឡើង វាពិតជាជួយកាត់បន្ថយអនាម័យច្រើន មើលទៅទឹកបានស្អាតជាងមុន ។ នៅពេលមានអ្នកភូមិចូលមកប្រើប្រាស់បន្ទប់ទឹកនេះ ខ្ញុំតែងតែណែនាំពួកគាត់ ឱ្យចេះជួយថែរក្សា ដោយការសម្អាត ប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ។ល។ ពីដំបូងៗ អ្នកខ្លះគាត់មិនទាន់ចេះជួយសន្សំសំចៃទឹកនោះទេ គាត់ចាក់ និងខ្ជះខ្ជាយទឹក ដូចនេះខ្ញុំតែងតែប្រាប់ជារឿយៗ យូរៗទៅគាត់ចេះជួយថែរក្សា» ។ ក្នុងនាមអ្នកជាអ្នកថែរក្សាបង្គន់បណ្តែតទឹកម្នាក់ លោក ប៊ុនធឿន សំណូមពរដល់ប្រជាពលរដ្ឋដែលមកប្រើប្រាស់បង្គន់នេះឱ្យចេះជួយថែរក្សា និងជួយសន្សំសំចៃទឹកស្អាតទាំងអស់គ្នា ដើម្បីឱ្យបង្គន់នេះអាចប្រើប្រាស់បានយូរអង្វែង ។
បង្គន់បណ្តែតទឹក បានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជារួម កាលពីឆ្នាំ ២០២៣ ។ លោកស្រី កែន ឃឹម មេឃុំប្រាសាទ បានមើលឃើញពីការផ្លាស់ប្តូរមួយចំនួន ក្រោយដាក់ឱ្យប្រើប្រាស់បង្គន់នេះ ដូចជាការរស់នៅមានអនាម័យជាងមុន ការផ្លាស់ប្តូរគុណភាពទឹក រួមទាំងបញ្ហាកុមារមានជំងឺរាគរូសក្នុងសហគមន៍ ក៏បានកាត់បន្ថយដែរ ។ លោកស្រី បានបញ្ជាក់ថា ៖ «កាលដែលយើងមិនទាន់មានបង្គន់បណ្តែតទឹក ឃើញថានៅក្នុងសហគមន៍ ទឹកដែលប្រើប្រាស់ គឺមានស្លែ ហើយមានលាកមអណ្តែតទឹក ។ ប៉ុន្តែតាំងពីមានបង្គន់នេះមក គឺសហគមន៍មិនមានលាមកអណ្តែតទឹកដូចមុនតទៅទៀតទេ ហើយទឹកក៏អត់មានស្លែដូចមុនដែរ ។ អ៉ីចឹងប្រជាពលរដ្ឋមានការយល់ដឹង កាត់បន្ថយការរាគរូស» ។
ថវិកាបដិភាគជាកម្លាំងចលករ ជួយឱ្យអ្នកភូមិបណ្តែតទឹក បានបង្គន់អនាម័យប្រើប្រាស់
ជាទូទៅ «បង្គន់បណ្តែតទឹក» ប្រកបដោយស្តង់ដារគុណភាពខ្ពស់ ដែលមានសមត្ថភាពចម្រោះកាកសំណល់បានល្អ មុនបញ្ចេញទៅបរិស្ថានខាងក្រៅ គឺមានតម្លៃថ្លៃ ។ ដូច្នេះបច្ចុប្បន្ន មានប្រជាជនរស់នៅលើទឹក តែមួយចំនួនតូចប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានបង្គន់ទាំងនេះប្រើប្រាស់ ។
លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បាននិយាយថា ទុក្ខលំបាករបស់ពលរដ្ឋរស់នៅលើទឹកក្នុងមូលដ្ឋានរបស់លោក គឺការខ្វះបង្គន់ប្រើប្រាស់ ។ បញ្ហានេះបានរាំងស្ទះដល់ការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ឬ ODF របស់ខេត្តទាំងមូល ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធបានសិក្សាពីដំណោះស្រាយ និងបានកៀរគរថវិកាអភិវឌ្ឍន៍ឃុំ រួមជាមួយអង្គការជាដៃគូ ដើម្បីសាងសង់បង្គន់បណ្តែតទឹកនេះឡើង ។ ជាលទ្ធផលបង្គន់បណ្តែតទឹកប្រើប្រាស់ស្រកីដូង ធ្វើប្រព្រឹត្តកម្មទឹកកង្វក់មុននឹងបញ្ចេញទៅបរិស្ថាន បានដាក់ឱ្យប្រើប្រាស់ក្នុងឃុំនេះដោយជោគជ័យ ។ ខេត្តកណ្តាល ក៏សម្រេចបានជោគជ័យក្នុងការបញ្ចប់ ODF ផងដែរ ។
តាមការអះអាងរបស់លោក ហឿន ទ្រី បើគិតជាទឹកប្រាក់សរុបការសាងសង់បង្គន់បណ្តែងទឹក ទាំង៤ នេះ គឺចំណាយថវិកាប្រហែលជាង ៥០,០០០ ដុល្លារ ក្នុងនោះរដ្ឋបាលខេត្តកណ្តាល បានចាយប្រាក់ដែលជាកញ្ចប់អភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋជាង ១ ម៉ឺនដុល្លារ ចូលជាចំណែក ៣០ ភាគរយ នៃប្រាក់បដិភាគជាមួយអង្គការ WaterAid ។ ចំណែកអង្គការនេះ បានចាយប្រាក់ប្រហែលជាង ៤ ម៉ឺនដុល្លារ ជាចំណែក ៧០ ភាគរយនៃប្រាក់បដិភាគរួម ។ លោក បញ្ជាក់ថា ៖ «យើងទទួលបានការគាំទ្រថវិកាអភិវឌ្ឍឃុំ របស់រដ្ឋបាលខេត្ត ដែលមាន ៣០ ភាគរយ និងទទួលបាន ៧០ ភាគរយ ពីអង្គការ WaterAid ដើម្បីសាងសង់បង្គន់បណ្តែតទឹក ដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ ក្នុងមួយឈុត ។ ក្រោយសាងសង់រួច យើងបានផ្ទេរទៅឱ្យប្រជាជនគ្រប់គ្រងបង្គន់បន្ត និងកៀរគរថវិកាតាមលទ្ធភាពជាក់ស្តែង ដើម្បីត្រៀមថែទាំ និងជួសជុលពេលខូចខាត» ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ទទួលស្គាល់ពីគុណតម្លៃ និងប្រសិទ្ធភាពនៃថវិកាបដិភាគរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ពួកគេ ។ លោកចង់ឃើញការចូលរួមកាន់តែច្រើនបន្ថែមទៀត របស់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញសេចក្តីត្រូវការ និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ។ លោក ជឿថា ការប្រើប្រាស់ថវិកាទាំងនេះ នឹងមានតម្លាភាព ប្រសិទ្ធភាព រួមទាំងផ្តល់គុណប្រយោជន៍ ដល់ពលរដ្ឋមូលដ្ឋានផងដែរ ។
កញ្ញា វន ថារី នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន SUDrain គឺជាស្ត្រីខ្មែរម្នាក់ដែលបានយកចំណេះជំនាញរបស់ខ្លួន បង្កើតបង្គន់បណ្តែតទឹកប្រើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដោយស្រកីដូង ។ ចាយពេលអស់ជាច្រើនឆ្នាំដើម្បីសិក្សាពីគុណភាពបង្គន់បណ្តែតទឹក កញ្ញាបានអះអាងថា ស្រកីដូងដែលលេចរូបរាងនៅក្នុងធុង ៤ ថត សម្រាប់ផ្ទុកកាកសំណល់កខ្វក់ គឺជាធាតុផ្សំសំខាន់ដែលមានសមត្ថភាព អាចចម្រោះទឹកកខ្វក់ដល់ទៅ ១២ ម៉ែត្រគូបក្នុង ១ ថ្ងៃ ។ មុនបង្កើតបង្គន់បណ្តែតទឹកនេះឡើង កញ្ញា បានសិក្សាពីសហគមន៍បណ្តែតទឹក និងយល់ឃើញថា ប្រជាជននៅរស់នៅលើទឹក មានការបន្ទោរបង់ពាសវាលពាសកាល ហើយវាពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ។ មួយវិញទៀត ការបន្ទោរបង់លើទឹក ក៏អាចបាត់បង់គុណភាពទឹក ដែលពួកគាត់ត្រូវយកទឹកមកប្រើឡើងវិញទៀតផង ។
កញ្ញាបញ្ជាក់ថា ៖ «មុនបញ្ចេញទឹកទាំងនោះទៅបរិយាកាសខាងក្រៅ ស្រកីដូងនៅក្នុងថតនីមួយៗ បានបំលែង និងបានដកយកសារធាតុកខ្វក់ចេញសន្សឹមៗ មុននឹងទឹកទាំងនោះឆ្លងកាត់ទៅថតចុងក្រោយបង្អស់ ម្ខាងទៀត ដែលរចនាឡើងដោយការដាំរុក្ខជាតិដើម្បីបន្ថយក្លិន និងការបំពុល ។ ទឹកដែលបានបញ្ចេញពីធុងស្តុក ទៅបរិស្ថានខាងក្រៅ ត្រូវបានពិនិត្យថា មានគុណភាពល្អ» ។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានទទួលស្គាល់ពីគុណភាពបង្គន់បណ្តែតទឹករបស់កញ្ញា វន ថារី ព្រោះតែទឹកដែលបញ្ចេញពីបង្គន់នេះ មិនធ្វើឱ្យប៉ះពាល់គុណភាពទឹក ឬប៉ះពាល់បរិស្ថាននោះឡើយ ។ លោកស្រី អះអាងថា ប្រជាពលរដ្ឋមានការសាទរ និងសប្បាយចិត្តដោយចូលរួមប្រើប្រាស់ថែទាំ ។
ដំណើរឆ្ពោះទៅបឹងទន្លេសាប
យោងតាមអង្គការ WaterAid បានឱ្យដឹងកាលពីឆ្នាំ ២០២៣ ប្រហែលមួយភាគបីនៃចំនួនប្រជាជនមិនមានបង្គន់អនាម័យត្រឹមត្រូវទេ ហើយជំងឺរាគរូសគឺ ជាឃាតករនាំមុខគេសម្លាប់កុមារអាយុក្រោម ៥ ឆ្នាំ ។ កម្ពុជា មានមនុស្សជាងមួយលាននាក់ ឬប្រហែល ២០ ០០០ គ្រួសារកំពុងរស់នៅលើទឹក ឬជុំវិញបឹងទន្លេសាប ដែលជាកន្លែងនេសាទដ៏ធំបំផុតរបស់ពិភពលោក ។ ក្រៅពីកំពុងដាក់ឱ្យប្រើប្រាស់ដល់ប្រជាពលរដ្ឋប្រមាណ ១០០ ខ្នង (ផ្ទះ) នៅភូមិបណ្តែតទឹក ស្ថិតក្នុងឃុំប្រាសាទនេះ ក្រុមហ៊ុន SUDrain ក៏បានតំឡើងបង្គន់បណ្តែតទឹកនេះ ដើម្បីដាក់ពង្រាយនៅតាមតំបន់បឹងទន្លេសាបផងដែរ ។ នេះបើតាមការអះអាងរបស់ កញ្ញា វន ថារី ។
កញ្ញាឱ្យដឹងថា ៖ «គម្រោងបន្ត គឺបង្គន់បណ្តែតទឹកដាក់នៅសាលារៀនបឋមសិក្សា មាត់ខ្លា ក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការឧបត្ថម្ភ ឬជំនួយពីអង្គការភ្លែនអន្តរជាតិកម្ពុជា ផងដែរ ។ មូលហេតុក្រុមការងារលើកគម្រោងនេះឡើង ក៏ព្រោះថា នៅតាមសាលាបណ្តែតទឹក គឺសំខាន់ណាស់សម្រាប់ក្មេងៗ ជាពិសេសសិស្សស្រីៗ ដែលមានភាពអៀនខ្មាស និងភ័យខ្លាចហានិភ័យផ្សេងៗ ហើយវាក៏ជាផ្នែកមួយ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពសាធារណៈ។ មានន័យថា ប្រសិនជាគាត់យល់ដឹងពីបង្គន់អនាម័យនេះ អ៊ីចឹងអ្នកភូមិនឹងគិតដល់ការមិនបន្ទោរបង់ពាសវាលពាសកាល ហើយពេលខ្លះក្មេងៗ ឬអ្នកភូមិក៏ហែលទឹកនឹងដែរ» ។
ដោយមើលឃើញពីភាពជោគជ័យ នៃការសាងសង់បង្គន់បណ្តែតទឹកនៅឃុំប្រាសាទ លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បាននិយាយថា អង្គការភ្លែន បានសម្រេចសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅសហគមន៍បណ្តែតទឹក ស្ថិតក្នុងខេត្តសៀមរាប ដើម្បីសាងសង់បង្គន់សម្រាប់ពលរដ្ឋរស់នៅទីនោះ ។ លោក គឹមថាន មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងក្លាយជាគំនិតផ្តួចផ្តើម ដែលកំពុងបាញ់ឆ្ពោះទៅតំបន់ផ្សេងទៀត ក្នុងបឹងទន្លេសាបនាពេលអនាគត ។ លោកថា ការដែលមានបង្គន់បណ្តែតទឹកប្រើប្រាស់សមរម្យ នឹងជួយឱ្យពលរដ្ឋរស់នៅភូមិបណ្តែតទឹក ជាពិសេសកុមារ និងស្ត្រី ទទួលបានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងផាសុកភាព ។
ឯកសារយោង៖
*ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ https://mef.gov.kh/documents-category/publication/budget-in-brief/
*អនុក្រឹត្យស្តីពី ការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ ត្រូវបានការអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ។
*ការអនុវត្តថវិការដ្ឋ នឹងជាកម្មវត្ថុនៃការត្រួតពិនិត្យថវិកា ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមមាត្រា៧៥ នៃ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបទប្បញ្ញត្តិជាធរមាន ៕ អត្ថបទផលិតរួមគ្នា ដោយ ៖ ស្រី គំនិត និង ឡុង គីមម៉ារីតា
ចែករំលែកព័តមាននេះ