រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូ នៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ
រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាព ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃជំនួបលោកជំទាវ Retno Marsudi…
រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាព ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃជំនួបលោកជំទាវ Retno Marsudi…
រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាព ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃជំនួបលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជា មានសុខសន្តិភាព និងបានចាត់ទុកកម្ពុជា គឺជាគំរូ នៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ ។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាម គឺងាយស្រួល ប៉ុន្តែនៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍ នៅប្រទេសមួយចំនួនស្រាប់ ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំ លើកទី៥ របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាព មិនងាយស្រួលឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥ ។
ដោយឆ្នាំនេះ គឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិ និងសន្ដិសុខ ៕
ចែករំលែកព័តមាននេះ