ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​តែ​មួយ​ថ្ងៃ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​មាន​គ្រោះ​រញ្ជួយ​ដី​បី​ដង

11 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ ប្រទេស​វៀតណាម​ទើប​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​​គ្រោះ​រញ្ជួយ​ដី​ខ្នាត​តូច​កម្រិត​៤,២​រ៉ិច​ទ័រ​នៅ​ស្រុក​កូន​ប្លុង (Kon Plong) ​ខេត្ត​កូន​ទុំ (Kon Tum)​ នៃ​​​ភាគ​កណ្ដាល​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើ​ងនៅ​​​ម៉ោង​១:០៥​រសៀល​ដោយ​មាន​ចំណុច​ចាប់​ផ្ដើម​ពី​​​ស្រទាប់​ផែន​ដី​ជម្រៅ​ជាង​៨​គីឡូម៉ែត្រ​ចុះ​ទៅ​ក្រោម​។…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ ប្រទេស​វៀតណាម​ទើប​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​​គ្រោះ​រញ្ជួយ​ដី​ខ្នាត​តូច​កម្រិត​៤,២​រ៉ិច​ទ័រ​នៅ​ស្រុក​កូន​ប្លុង (Kon Plong) ​ខេត្ត​កូន​ទុំ (Kon Tum)​ នៃ​​​ភាគ​កណ្ដាល​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើ​ងនៅ​​​ម៉ោង​១:០៥​រសៀល​ដោយ​មាន​ចំណុច​ចាប់​ផ្ដើម​ពី​​​ស្រទាប់​ផែន​ដី​ជម្រៅ​ជាង​៨​គីឡូម៉ែត្រ​ចុះ​ទៅ​ក្រោម​។ ក៏​ប៉ុន្តែ​ការ​​រញ្ជួយ​ដី​នេះ​មិន​បាន​បង្ក​គ្រោះ​​ថ្នាក់​សូម្បី​តែ​បន្តិ​ច​។

កាល​ពី​ពេល​ព្រឹក​នៅ​ថ្ងៃ​ដដែល​នោះ​​​មាន​​គ្រោះ​​រញ្ជួយ​ដី​កើត​ឡើង​២​ដង​បន្ត​បន្ទាប់​គ្នា​នៅ​ក្នុង​កម្រិត​៣,៤​រ៉ិច​ទ័រ​ម្ដង និង​កម្រិត​៣,៨​រ៉ិច​ទ័រ​ម្ដង​ទៀត។ ការ​រញ្ជួយ​ទាំង​២​ដង​នោះ​​មាន​ចំណុច​ចាប់​ផ្ដើម​ពី​ស្រទាប់​ផែន​ដី​ជម្រៅ​ជាង​៨​គីឡូម៉ែត្រ​ដូច​គ្នា​។ ទី​តាំង​ដែល​កើត​ឡើង​គឺ​កើត​នៅ​ស្រុក​កូន​ប្លុង​ ខេត្ត​កូន​ទុំ​ដដែល​។ ការ​រញ្ជួយ​ដី​ទាំង​២​លើក​នោះ​មិន​បាន​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​​មនុស្ស​ទេ​។ គ្រាន់​តែ​ថា​នេះ​ជា​សញ្ញា​បង្ហាញ​ពី​សញ្ញា​ចាប់​ផ្ដើម​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​​​ប្រទេស​ដែល​ពុំ​ធ្លាប់​កើត​មាន​​​ហេតុ​​ការណ៍​នេះ​ពី​មុន​មក​​។

អាជ្ញា​ធរ​សង្កេត​ឃើញ​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០២១​​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​កើត​មាន​ការ​​រញ្ជួយ​ដី​កាន់​តែ​ញឹក​ញាប់​​នៅ​ស្រុក​កូន​ប្លុង​។ ខាង​លើ​នេះ​ជា​​ការ​ថ្លែង​របស់​បណ្ឌិត​​​ង្វៀន​សួន​អាញ់ (Nguyen Xuan Anh) ​ជា​នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អំពី​ផែន​ដី​វិទ្យា​​របស់​វៀតណាម​។ លោក​​ថ្លែង​បន្ត​ទៀត​ថាស្រុក​កូន​ប្លុង​នៃ​ខេត្ត​កូន​ទុំ​នេះ​ស្ថិត​នៅ​លើ​តំបន់​ជង្ហុក​ផែន​ដី។ ដូច្នេះ ​​ឧស្សាហ៍​កើត​មាន​គ្រោះ​រញ្ជួយ​ដី​​តូច​ៗ​​។ មាន​ន័យ​ថា​​​យ៉ាង​ខ្លាំង​បំផុត​​ត្រឹម​កម្រិត​​៥​រ៉ិច​ទ័រ​តែ​ប៉ុណ្ណោះ​។

លោក​សូម​ធានា​ថា​ថ្វី​ដ្បិត​ទី​តាំង​ភូមិ​សាស្ត្រ​នេះ​អាច​នឹង​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ញឹក​ញាប់​នា​ពេល​អនា​គត ប៉ុន្តែ​អ្នក​ស្រុក​នៅ​ម្ដុំ​នេះ​មិន​ចាំ​បាច់​ភ័យ​ស្លន់​ស្លោ​ពេក​​ទេ​ព្រោះ​​គ្មាន​គ្រោះ​​ថ្នាក់​ចំពោះ​អាយុ​ជីវិត​​​មនុស្ស​ និង​ទ្រព្យ​សម្បត្តិ​។ លោក​សន្យា​ថា​វិទ្យា​ស្ថាន​របស់​លោក​នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​​ដើម្បី​​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប្រជា​ជន​បាន​ជ្រាប​ជា​ព័ត៌​មាន​។

វិទ្យា​ស្ថាន​របស់​លោក​នឹង​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​​បាតុ​ភូត​រញ្ជួយ​ដី​នៅ​តំបន់​នោះ​។​ បណ្ឌិត​ង្វៀន​សួន​អាញ់​បាន​ផ្ដល់​ជា​ឱវាទ​ថា​នៅ​ពេល​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ម្ដង​ៗ​ ប្រជា​ជន​នៅ​តំបន់​រង​គ្រោះ​គួរ​ណាស់​ប្រញាប់​រំកិល​ខ្លួន​ទៅ​រក​ទ្វារ​ដើម្បី​ចាប់​កាន់​ឱ្យ​ជាប់​ ឬ​មិន​ដូច្នេះ​ទេ​គួរ​ក្រាប​ចុះនៅ​ខាង​​ក្រោម​តុ​បើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​អគារ​​ដែល​ជា​សំណង់​រឹង​មាំ។

បើ​ពួក​គេ​កំពុង​នៅ​ខាង​ក្រៅ​ផ្ទះ ឬ​ក្រៅ​អគារ​សុខ​ៗ​ស្រាប់​តែ​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​ ពួក​គេ​គួរ​ណាស់​ជៀស​​វាង​ឱ្យ​ឆ្ងាយ​ពី​ខ្សែ​ភ្លើង​ និង​​បង្គោល​​ភ្លើង ហើយ​គួរ​ប្រញាប់​រត់​ទៅ​រក​ទី​កន្លែង​​​កណ្ដាល​វាល​​។ បើ​ពួក​គេ​បើក​បរ​ឡាន​-​ម៉ូតូ​សុខ​ៗ​ស្រាប់​តែ​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​ ពួក​គេ​គួរ​ខំ​ប្រឹង​បួង​ចង្កូត​យាន​ជំនិះ​របស់​ខ្លួន​ទៅ​ចិញ្ចើម​ផ្លូវ​។ រួច​ហើយ​ឈប់​ទ្រឹង​១​កន្លែង​​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ