អភិបាលខេត្តកំពត ៖ ត្រូវអនុវត្តបទបញ្ជាឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រា.បទប់ស្កាត់ជនអគ.តិដែលចង់បង្កឱ្យមានភាពចលាច.លក្នុងប្រទេស
- កំពត
ខេត្តកំពត ៖ អភិបាលខេត្តកំពតបានណែនាំ និងដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់ឱ្យខាងតែបាននូវរាល់ជនអគតិ ឬបគ្គលណាដែលមានបំណងចង់ធ្វើបាតុកម្មបង្កភាពចលាចលក្នុងសង្គមកម្ពុជា ក្រោមហេតុផលផ្សេងៗ ក្នុងន័យដើម្បីថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់កុំឱ្យមានសង្គ្រាមកើតឡើងក្នុងប្រទេស។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបានរស់រានមានជីវិតសារជាថ្មីក្រោយមានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ ជូនប្រជាជន។ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តពីសម្តេចតេជោ សម្តេចតែងតែគិតគូរជានិច្ចក្នុងការថែរក្សានូវសុខសន្តិភាពដែលមានសព្វថ្ងៃ ពិសេសការពារបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យមានបរទេស ឬប្រទេសជិតខាងណាឈ្លានពានចូលបាននោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយមួយរយៈពេលចុងក្រោយនេះ មានជនអគតិមួយក្តាប់តូចដែលរស់នៅក្រៅប្រទេស បាននិយាយបំប៉ោង និងធ្វើការញុះញង់ឱ្យមានការប្រមូលផ្តុំធ្វើបាតុកម្មដោយយកលេសថារាជរដ្ឋាភិបាលបានកាត់ខេត្តចំនួន៤ ទៅឱ្យប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះដើម្បីចូលរួមថែរក្សាសុខសន្តិភាព សេចក្តីសុខរបស់ប្រជាពលរដ្ឋ ពិសេសទប់ស្កាត់កុំឱ្យមានបដិវត្តពណ៌កើតមានឡើងដែលអាចបង្កជាសង្គ្រាមនោះ យើងទាំងអស់គ្នាក្នុងនាមជាគណៈបញ្ជាការឯកភាពរបស់ខេត្ត ត្រូវរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នៅរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំតាមអង្គភាពនីមួយៗ ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ពួកជនអគតិដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានដាក់បទបញ្ជាដល់ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ដែលអាចនឹងមានកើតឡើងក្នុងប្រការណាមួយ បើទោះបីជាគម្រោងការនៃការធ្វើបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហា របស់ក្រុមជនអគតិទាំងនោះត្រូវបានបរាជ័យក៏ដោយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដ៏មានតម្លៃនៃគម្រោងព្រែកជីកហ្វូណនតេជោ ពិសេសពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ និងកុំឱ្យចាញ់បោកពាក្យញុះញង់ ពីក្រុមជនអគតិទាំងអស់នោះ៕









ចែករំលែកព័តមាននេះ