ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​ហេតុផល​ខ្វះ​ថវិកា​! ថៃ​របូត​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ពហុ​កីឡា​អាស៊ី​ក្នុង​សាល

3 អាទិត្យ មុន

ទីក្រុង​បាងកក ៖ ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការ​ប្រកួត​ព្រឹត្តិការណ៍​ពហុ​កីឡា​អាស៊ី​ក្នុង​សាល និង​យុទ្ធ​គុន​លើក​ទី​៦…

ទីក្រុង​បាងកក ៖ ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការ​ប្រកួត​ព្រឹត្តិការណ៍​ពហុ​កីឡា​អាស៊ី​ក្នុង​សាល និង​យុទ្ធ​គុន​លើក​ទី​៦ ឬ Asian Indoor and Martial Arts Games (AIMAG) ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីក្រុង​បាងកក និង​ទីក្រុង​ឈុ​ន​បុរី ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវ​បាន​លុប​ចោល​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍​។

តាម​ការ​ប្រកាស​របស់​លោក គង់​សក្តិ យ៉​ត​ម៉ា​នី (Gongsak Yodmani) អភិបាល​អាជ្ញាធរ​កីឡា​ថៃ (SAT) កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា ស្ថាប័ន​គ្រប់គ្រង​កីឡា​រដ្ឋាភិបាល​ថៃ​ទទួល​បាន​អ៊ីមែល​បន្ទាន់​ពី​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី ដែល​បញ្ជាក់​ថា ព្រឹត្តិការណ៍​ពហុ​កីឡា Asian Indoor and Martial Arts Games ត្រូវ​លុប​ចោល​ជា​ផ្លូវការ​។ ក្រោម​ហេតុផល​ខ្វះ​មូលនិធិ​រៀបចំ ក៏​ដូច​ជា​ខ្វះ​ពេលវេលា​មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត ដែល​ជា​ហេតុផល​ឈាន​ដល់​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​។ លោក គង់​សក្តិ បន្ថែម​ថា នោះ​ហើយ​ជា​របៀប​ដែល​អ្វី​ៗ​កើតឡើង​នៅ​ពេល​នេះ ប៉ុន្តែ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី នៅ​តែ​ផ្តល់​ឱកាស​បើកចំហ​សម្រាប់​ថៃ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ នា​ពេល​អនាគត​។

អ៊ីមែល​របស់​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី ផ្ញើ​មក​ដល់​ចំ​ពេល​អភិបាល​អាជ្ញាធរ​កីឡា​ថៃ កំពុង​ប្រជុំ​បន្ទាន់​ពិភាក្សា​អំពី​បញ្ហា​ថវិកា​សម្រាប់​រៀបចំ​ការ​ប្រកួត នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ ហើយ​របាយការណ៍​ចេញផ្សាយ​លើ​គេហទំព័រ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​បញ្ជាក់​ថា គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ថៃ មិន​អាច​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​ស្នើ​សុំ​ក្នុង​កិច្ចសន្យា​នៃ​ទីក្រុង​ម្ចាស់ផ្ទះ ដោយ​កាលបរិច្ឆេទ​ចុង​ក្រោយ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤​។

ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របាយការណ៍​ទីក្រុង​ម្ចាស់ផ្ទះ ដែល​បាន​បង្ហាញ​ទៅ​កាន់​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​លើក​ទី ៤៣ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ ២០២៤ ដោយ​គណៈកម្មាធិការ​រៀបចំ​បាន​សន្យា​ថា តម្រូវការ​ការ​ប្រកួត​ទាំងអស់​នឹង​រួចរាល់ នៅ​ខែកក្កដា ឆ្នាំ​២០២៤ ប៉ុន្តែ​ទីបំផុត​បរាជ័យ​។ ហើយ​នៅ​ក្នុង​ក៏​បាន​ព្រមព្រៀង​ឯកច្ឆ័ន្ទ អំឡុង​ពេល​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ OCA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន ដើម្បី​លុប​ចោល​ព្រឹត្តិការណ៍​នេះ ដរាបណា​អ្នក​រៀបចំ​បាន​បំពេញ​លក្ខខណ្ឌ​ចំនួន ៩ ដែល​ត្រូវការ​ដើម្បី​ធានា​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ដូច្នេះ​ជាមួយ​លទ្ធផល​នេះ ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី ឬ OCA គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​ទេ​។

គួរ​រំលឹក​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើក​ទី​៦ ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​ឡើង​វិញ នៅ​ថ្ងៃ​ទី ២១​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២៤ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​ជា​ច្រើន​ដង ដោយសារ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​១៨ និង​បន្ទាប់​មក​មានការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ថៃ​។

ការ​អះអាង​ថា រដ្ឋាភិបាល​ថៃ​ខ្វះ​ថវិកា​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ប្រកាស​លើក​ដំបូង កាលពី​ស​ប្តា​ហ៍​មុន ដោយ​លោក ឆៃ​យ៉ា​ប៉ាក់ សី​រី​វ៉ា​ត់ (Chaiyapak Siriwat) អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ថៃ ក្នុង​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ Asian Indoor and Martial Arts Games​។ ហើយ​លោក​ក៏​ជា​អ្នក​លើក​ឡើង​អំពី​ការ​សម្រេចចិត្ត​របស់​ម្ចាស់ផ្ទះ​ថៃ ដក​កីឡា​១៤​ប្រភេទ​ចេញ កាលពី​៣​ខែ​មុន ដែល​បង្ក​ភាព​ចលាចល​ដល់​ភាតរភាព​កីឡា​អាស៊ី​៕ (​ប្រភព ៖ បាងកក​ប៉ុស្តិ៍​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ