ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​អាស៊ី​៦​រូប​នេះ បាន​រង្វាន់​លើកទឹកចិត្ត​មហាសាល ក្រោយ​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ

3 អាទិត្យ មុន

បរទេស ៖ អត្ត​ព​លិ​ក​អាស៊ី​៦​រូប ស្ថិត​នៅ​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បន្ទាប់​ពី​ដណ្តើម​បាន​មេដាយមាស​ពី​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ជាក់ស្តែង…

បរទេស ៖ អត្ត​ព​លិ​ក​អាស៊ី​៦​រូប ស្ថិត​នៅ​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បន្ទាប់​ពី​ដណ្តើម​បាន​មេដាយមាស​ពី​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ជាក់ស្តែង កីឡាករ​ចោល​ស្ន​ប៉ា​គី​ស្ថាន Arshad Nadeem បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ចំនួន ៨៩៧,០០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​នៅ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ រួម​ទាំង​ទឹកប្រាក់ ៥៣៨,០០០​ដុល្លារ​ពី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ក៏​ដូច​ជា​ទឹកប្រាក់ ៣៥៩,០០០​ដុល្លារ​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី​ប្រជាជន​នៅ​ស្រុក​កំណើត​របស់ Nadeem នៅ​ក្នុង​ខេត្ត​ពុន​ចាប (Punjab) ដែល​បាន​រៃ​អង្គាស​គ្នា​។

កីឡាករ Nadeem ទទួល​បាន​រថយន្ត​ដែល​មាន​ស្លាក​លេខ​ពិសេស PAK 92.97 ដែល​ជា​ជា​កាបូ​ពី​ប្រធាន​ខេត្ត​ពុន​ចាប លោកស្រី Mariam Nawaz ។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ប្រទេស​ប៉ា​គី​ស្ថាន​ថែម​ទាំង​បាន​បង្កើត​ត្រា​ប្រៃសណីយ៍​ពិសេស​មួយ​ផ្តល់​កិត្តិយស​ដល់ Nadeem​។ ក្រៅពី Nadeem គ្រូបង្វឹក​របស់​គេ លោក Salman Iqbal Butt ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ចំនួន ១៨,០០០​ដុល្លារ​ផង​ដែរ​។

អត្ត​ព​លិ​ក​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​នាំ​យក​មេដាយ​អូ​ឡាំ​ពិ​ក​លើក​ដំបូង​ជូន​ប្រទេស​ប៉ា​គី​ស្ថាន ចាប់តាំងពី​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ឆ្នាំ ១៩៩២ ហើយ​ក៏​ជា​មេដាយមាស​ដំបូង សម្រាប់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ចាប់តាំងពី​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤​។ ជាមួយនឹង​ការ​ចោល​ស្ន​បាន​រយៈ​ចម្ងាយ ៩២,៩៧​ម៉ែត្រ នៅ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ Nadeem បាន​បង្កើត​កំណត់​ត្រា​ថ្មី លើ​កីឡា​ចោល​ស្ន​បាន​ឆ្ងាយ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អូ​ឡាំ​ពិ​ក ដោយ​ឆ្ងាយ​ជាង ២,៤​ម៉ែត្រ​លើស​ពី​កំណត់​ត្រា​ចាស់ ដែល​មាន​រយៈពេល​១៦​ឆ្នាំ​កន្លង​មក​ហើយ​។

កីឡាករ​កាយសម្ព័ន្ធ​ហ្វី​លី​ពី​ន Carlos Yulo ដែល​ឈ្នះ​មេដាយមាស​២​គ្រឿង នៅ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ ទទួល​បានការ​សន្យា​ផ្តល់​ប្រាក់​រង្វាន់​រហូត​ដល់​១​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Ferdinand Marcos Jr. និង​អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត​។ Yulo ក៏​ត្រូវ​បាន​ផ្តល់​ខុន​ដូ​ស្នាក់​នៅ និង​ផ្ទះ​វិស្សមកាល​មួយ​ខ្នង ដែល​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ​អា​មេ​រិ​ក​។

អត្ត​ព​លិ​ក​វ័យ​២៤​ឆ្នាំ​រូប​នេះ ទទួល​បានការ​ផ្តល់​ជូន​ជា​ច្រើន​ទៀត​រួម​ទាំង ការ​ហូប​ភី​ហ្សា អាហារ​ប៊ូ​ហ្វេ កា​រ៉េ​ម អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ហើយ​និង​ការ​ធ្វើ​ដំណើរ​តា​យន្តហោះ​ដោយ​ឥត​គិតថ្លៃ​អស់​មួយ​ជីវិត​។ ស្រប​ពេល​ដែល​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​មួយ ក៏​បាន​ផ្តល់​កញ្ចប់​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​អស់​មួយ​ជីវិត​ផង​ដែរ​។

កីឡាករ Carlos Yulo ដែល​ដណ្តើម​បាន​មេដាយមាស​វិញ្ញាសា​សម្តែង​លើ​កម្រាល (Floor Exercise) និង​វិញ្ញាសា​សេះ​លោត (Vault) នៅ​ពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ត្រូវ​បាន​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​រៀបចំ​ក្បួន​ដង្ហែរ​ពិសេស​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ នៃ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ទី​១៤ សីហា កន្លង​ទៅ​។ ហើយ​ប្រាក់​រង្វាន់​ទតៀ​សោត ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​បន្ថែម​ទៀត ខណៈ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ក៏​បាន​សន្យា​ផ្តល់​ប្រាក់​រង្វាន់​ដល់ Yulo ផង​ដែរ ប៉ុន្តែ​មិន​បាន​បង្ហាញ​ចំនួន​ជា​សាធារណៈ​។

ងាក​ទៅ កីឡាការិនី​តេ​ក្វា​ន់​ដូ​ថៃ Panipak Wongpattanakit ដែល​ឈ្នះ​មេដាយមាស​១​គ្រឿង​នៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដែល​ផ្តល់​ជូន​២​ជម្រើស​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ថៃ​។ ដោយ​អាច​ជ្រើសរើស​យក​បើក​ផ្តាច់​គ្រប់​តែ​ម្តង​នៅ​ក្នុង​ចំនួន ២៨១,៩៧២​ដុល្លារ​អា​មេ​រិ​ក ឬ​ការ​បើក​ជា​ដំណាក់កាល​ៗ សម្រាប់​រយៈពេល​៤​ឆ្នាំ នៅ​ក្នុង​តម្លៃ​ពេញ ៣៣៨,៣៦៧​ដុល្លារ​។ អត្ត​ព​លិ​ក​វ័យ​២៧​ឆ្នាំ​រូប​នេះ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ជា​ច្រើន​ពី​បណ្តា​អ្នក​ឧបត្ថម្ភ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​តម្លៃ​សរុប​ជាង ២០​ម៉ឺន​ដុល្លារ​។

កីឡាការិនី Wongpattanakit បាន​ក្លាយជា​អត្ត​ព​លិ​ក​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ដែល​ឈ្នះ​មេដាយ​អូ​ឡាំ​ពិ​ក​៣​សម័យកាល​ជាប់​ៗ​គ្នា ចាប់តាំងពី​ព្រឹត្តិការណ៍​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​រួម​ទាំង​មេដាយមាស​២​គ្រឿង​នៅ​ព្រឹត្តិការណ៍​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ ២០២០ និង​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​ផ្ទាល់​។ ទោះ​យ៉ាងណា​ក៏​ដោយ កីឡាការិនី​រូប​នេះ បាន​សម្រេច​ប្រកាស​ចូល​និវត្តន៍ បន្ទាប់​ពី​ជោគជ័យ​កាលពី​ថ្មី​ៗ​នេះ ដោយ​បាន​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡា​តេ​ក្វា​ន់​ដូ​ផង​ដែរ​។

ដោយឡែក កីឡាការិនី​គុន​ដាវ​ហុងកុង Vivian Kong ដែល​ជា​ម្ចាស់​មេដាយមាស​១​គ្រឿង និង​កីឡាករ​គុន​ដាវ​ហុងកុង Cheung Ka Long ដែល​ជា​ម្ចាស់​មេដាយមាស​១​គ្រឿង​ដែរ​នោះ បាន​ក្លាយជា​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​ពី​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​បំផុត​លើ​ពិភពលោក ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ហុងកុង​លើ​សាច់ប្រាក់​ចំនួន ៧៦៨,០០០​ដុល្លារ​ក្នុង​ម្នាក់​។ អត្ត​ព​លិ​ក​ទាំង​ពីរ​រូប ក៏​ទទួល​បាន​សំបុត្រ​ជិះ​រថភ្លើង រួម​នឹង​កញ្ចប់​ការ​ហាត់ប្រាណ ដោយ​ឥត​គិតថ្លៃ​ពេញ​មួយ​ជីវិត​។

ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​ផ្តល់​រង្វាន់​ដ៏​ច្រើន​ដែល​មិនមែន​សាច់ប្រាក់​ដល់​អត្ត​ព​លិ​ក​ពួក​គេ​ផង​ដែរ​។ តួយ៉ាង កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ​ចិន Chen Meng ដែល​មេដាយមាស​២​គ្រឿង​លើ​តុ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ជា​ក្រុម នៅ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៥២៥,០០០​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​មាស​សុទ្ធ ៦​គីឡូក្រាម​។ ភាគច្រើន​នៃ​រង្វាន់​ទាំងនេះ​បាន​មក​ពី​មហាសេដ្ឋី​អចលនទ្រព្យ​ចិន លោក Guo Bin ដែល​ជា​ស្វាមី​លោកស្រី Wang Nan អតីត​កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ​ឆ្នើម​ចិន ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក ឆ្នាំ ២០០៤៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ