ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​លោក​ថាក់​ស៊ីន​ត្រូវ​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ផ្លូវ​ការ

1 ឆ្នាំ មុន

ទី​ក្រុងបាងកក​៖ នៅ​ទី​បំផុត​ កូន​ស្រី​ពៅរបស់​លោក​ថាក់​ស៊ីន គឺ​លោក​ស្រី​ផែ​ថង​ថាន​ ត្រូវ​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ​បន្ត​ពី​លោក​សេដ្ឋា។ ដូច្នេះ លោក​ភុំ​ថាម​ វិឆា​យ៉ា​ឆៃ​ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​បាន​២​ថ្ងៃ​ក៏​ត្រូវ​បញ្ចប់​តួ​នាទី​តែ​ត្រឹម​នេះ​។ សេចក្ដី​ត្រាស់​បង្គាប់​របស់​ព្រះ​មហា​ក្សត្រ​ត្រូវ​បាន​​អ្នក​តំណាង​រដ្ឋ​សភា លោក​អាផាត…

ទី​ក្រុងបាងកក​៖ នៅ​ទី​បំផុត​ កូន​ស្រី​ពៅរបស់​លោក​ថាក់​ស៊ីន គឺ​លោក​ស្រី​ផែ​ថង​ថាន​ ត្រូវ​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ​បន្ត​ពី​លោក​សេដ្ឋា។ ដូច្នេះ លោក​ភុំ​ថាម​ វិឆា​យ៉ា​ឆៃ​ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​បាន​២​ថ្ងៃ​ក៏​ត្រូវ​បញ្ចប់​តួ​នាទី​តែ​ត្រឹម​នេះ​។ សេចក្ដី​ត្រាស់​បង្គាប់​របស់​ព្រះ​មហា​ក្សត្រ​ត្រូវ​បាន​​អ្នក​តំណាង​រដ្ឋ​សភា លោក​អាផាត សុខាណាន់ (Apat Sukhanand) ​អាន​នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​នៅ​ទី​ក្រុង​បាងកក​។​

លោក​ស្រី​ផែ​ថង​ថាន​បាន​គ្រង​សំលៀក​បំពាក់​ជា​​ឧត្ដម​មន្ត្រី​នៃរាជ​រដ្ឋាភិបាល​ ហើយ​លោក​ស្រី​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​ដើម្បី​សម្ដែង​គារវ​ភក្ដី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​ចំពោះ​ព្រះ​អង្គ​។ បន្ទាប់​មក​ លោ​កស្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​សង្ខេប​មួយ​សម្ដែង​ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែល​ត្រាស់​បង្គាប់​ទទួល​ស្គាល់​លោក​ស្រី​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ផ្លូវ​ការ​។

​​ក្នុង​នាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ថៃ​ លោក​ស្រី​សូម​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខិត​ខំ​បំពេញ​ភារកិច្ច​ និង​តួ​នាទី​ដែល​ជាតិ​បាន​ប្រគល់​ឱ្យ​ក្រោម​កិច្ច​សហ​ការ​​​ជា​មួយ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​។ លោក​ស្រី​នឹង​ទទួល​យក​មតិ​យោបល់​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ស្ថិរ​ភាព​នយោបាយ​។ លោក​ស្រី​ផែ​ថង​ថាន​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​​៣៧​ឆ្នាំ​ ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​វ័យ​ក្មេង​បំផុត​នៅ​ក្នុ​ងប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ថៃ​។

ក្នុង​នាម​ជា​កូន​ស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​ដែល​ជា​អ្នក​នយោបាយ​គីឡូធ្ងន់​ម្នាក់​ លោក​ស្រី​បាន​ទទួល​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ពី​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​សុក្រ​។ ក្នុ​ងនោះ ៣១៩​សំឡេង​គាំទ្រ​, ១៤៥​សំឡេង​ជំទាស់​ និង​​​២៧​សំឡេង​អនុប​វាទ​។ គិត​ទៅ​ គ្រួសារ​ត្រកូល​ស៊ី​ណាវ៉ាត់​ត្រា​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចំនួន​បី​រូប​ហើយ។ ទី​១​-លោក​ថាក់​ស៊ីន, ទី​២-​លោក​ស្រី​​យីង​ឡាក់​ និង​ទី៣-​លោក​ស្រី​ផែ​ថង​ថាន​។

អ្នក​វិភាគ​យល់​ថា​លោក​ស្រី​ផែ​ថង​ថា​ន​​​ជា​អ្នក​ថ្មី​ថ្មោង​ខាង​វិស័យ​នយោបាយ​ដោយ​សារ​លោក​ស្រី​ពុំ​ធ្លាប់​មាន​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កាល​ពី​មុន​​មក​ទេ​។ ដូច្នេះ លោក​ស្រី​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់​ពី​គ្រប់​មុខ​ព្រួញ​ទាំង​អស់​។ ប៉ុន្តែ​លោ​កស្រី​មាន​ឪ​ពុក​ដែល​ជា​អ្នក​ជើង​ចាស់​ខាង​នយោបាយ​ចាំ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​។ ប្រទេស​ថៃ​ឥឡូវ​នេះកំពុង​​ជួប​ប្រទះ​​នឹង​បញ្ហា​ជា​ច្រើន​មាន​ជា​អាទិ៍​៖ បញ្ហា​សេដ្ឋ​កិច្ច​ជាតិ​ធ្លាក់​ចុះ និង​បញ្ហា​ចំណាយ​ថវិកា​ទៅ​លើ​គម្រោង​នានា​​​។

គម្រោង​ចែក​លុយ​ឌីជីថល​ម្នាក់​មួយ​ម៉ឺន​បាត​គឺ​ជា​កិច្ច​ការ​ដ៏​ធំ​ដែល​ត្រូវ​ចំណាយ​​ថវិកា​ជាតិ​ជាង​១៤​ពាន់​លាន​ដុល្លារ​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​លោក​ថាក់​ស៊ីន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​ប្រាប់​ទៅ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ភឿថៃ​ថា​គួរ​តែ​ពិចារណា​បោះ​បង់​ចោល​គម្រោង​នេះ​វិញ​ល្អ​ជាង​​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​កាល​ពី​យប់​ថ្ងៃ​ពុធ​នៅ​​ផ្ទះ​​របស់​លោក​​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​លោក​សេដ្ឋា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ដឹណេសិន​របស់​ប្រទេស​ថៃ (The Nation)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ