ខេត្តបាត់ដំបង ៖ ក្រុមចោរ «ប្លន់»ម៉ូតូដែលគេអះអាងដំបូងថា មានចំនួន០៦នាក់ ដែលធ្វើសកម្មភាពនៅក្នុងស្រុកសង្កែ កាលពីជាងមួយសប្ដាហ៍មុននេះ ពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានចំនួន០៥នាក់ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៥ សីហា នៅក្នុងស្រុកឯកភ្នំផង និងនៅក្នុងក្រុងបាត់ដំបងផង ហើយថែមទាំងដកហូតម៉ូតូចំនួន០៤គ្រឿង ជាវត្ថុតាង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមរបាយការណ៍កងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង០៥នាក់ រួម
មាន៖ ១-ឈ្មោះ ភាត់ ក្សត្រា អាយុ២៥ឆ្នាំ ២-ឈ្មោះ ព្រំ សុជាតិ អាយុ២៤ឆ្នាំ ៣-ឈ្មោះ សល់ សាន់ អាយុ២១ឆ្នាំ ៤-ឈ្មោះ វណ្ណ ទិត្យា អាយុ៣០ឆ្នាំ និង៥-ទូត ម៉ាត់រ៉ាស៊ីល អាយុ២៤ឆ្នាំ ។
តាមរបាយការណ៍ដដែល ជនទាំង០៥នាក់នេះ ត្រូវបានកម្លាំងកងរាជអាវហត្ថស្រុកសង្កែ សហការជាមួយកម្លាំងករិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញក្រុមនេះបាន និងឈានដល់ការឃាត់ខ្លួនក្រុមនេះបានជាបន្តបន្ទាប់ ក្រោយពីស៊ើបអង្កេតរកឃើញថា ក្រុមនេះមានជាប់ពាក់ព័ន្ធនឹងអំពើ«ប្លន់»យកម៉ូតូនារីម្នាក់ កាលពីជាងមួយសប្ដាហ៍មុន នៅស្រុកឯកភ្នំ។

កាលពីវេលាម៉ោង៥និង២០នាទីព្រឹកព្រលឹម ថ្ងៃទី០៤ សីហា នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ មានករណីស្ទាក់«ប្លន់»យកម៉ូតូមួយគ្រឿង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម ដែលជនរងគ្រោះអះអាងដំបូងថា មានបក្សពួកចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះក្នុងអំពើ «ប្លន់»នេះ ឈ្មោះ ឈឧន រដ្ឋា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំបង់ព្រៀង ស្រុកសង្កែ។ ជនរងគ្រោះត្រូវក្រុមចោរទាំងហ្វូងខាងស្តាក់«ប្លន់»យកម៉ូតូរបស់នាង នៅពេលនាងជិះម៉ូតូដឹកនំចាខ្វៃបោះឲ្យពេលព្រឹក។

យោងតាមរបាយការណ៍សមត្ថកិច្ច ដែលបានស្រង់ចម្លើយជនរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះ បានងើបពីព្រលឹមជិះម៉ូតូដឹកនំចាខ្វៃទៅដាក់ឲ្យម៉ូយៗ ស្រាប់តែមានជនមួយក្រុម ដែលនាងមិនស្កាល់មុខមានគ្នាចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿងដេញតាមនាង ខណៈនាងមិនបានចាប់អារម្មណ៍អ្វីសោះ។
នាងនិយាយថា ពេលនាងជិះដល់ចំណុចកើតហេតុ ស្រាប់តែក្រុមជនពាលបានជិះកឿរនាង ហើយធាក់ម៉ូតូនាងបណ្ដាលឲ្យដួល រួចពួកវាបានស្ទុះទាញយកម៉ូតូនាងជិះគេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។ ក្រោយកើតហេតុ នាងក៏បានស្រែកឲ្យអ្នកភូមិជួយ និងប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ។

ពាក់ព័ន្ធនឹងករណីក្រុមចោរហារយជិះម៉ូតូទាំងហ្វូងតាមស្តាក់«ប្លន់»តាមដងផ្លូវខាងលើនេះ បើតាមមន្ត្រីកងរាជអាវុធហត្ថ បាននិយាយថា ក្រោយកើតហេតុ មន្ត្រីជំនាញ បានធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញាក្រុមជនដៃដល់ និងឈានដល់ការឃាតខ្លួនពួកគេជាបន្តបន្តាប់ ដែលជនខ្លះសម្ងំលាក់ខ្លួននៅស្រុកឯកភ្នំ និង ខ្លះទៀតនៅក្នុងក្រុងបាត់ដំបង។
កិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរហាររយនេះ មន្ត្រីជំនាញដកហូតបានម៉ូតូជាវត្ថុតាង ហើយថែមទាំងដកហូតបានគ្រឿងញៀនមួយចំនួនថែមទៀតផង។ យោងតាមរបាយការណ៍បានឲ្យដឹងថា វត្ថុតាងដែលដកហូតបានពីក្រុមចោរហាររយប្លន់យកម៉ូតូអ្នកដំណើរតាមដងផ្លូវខាងលើនេះរួមមាន៖ ១-ម៉ូតូចំនួន០៤គ្រឿង ក្នុងនោះមាន០១គ្រឿងជាម៉ូតូរបស់ជនរងគ្រោះខាងលើ។ ២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)មួយចំនួន មានទម្ងន់៦.៧៥ក្រាម រួមទាំងវត្ថតាងពាក់ព័ន្ធ សម្រាប់ប្រព្រឹត្តបទល្មើសជាច្រើនទៀត។

បើតាមពិនិត្យលើវត្ថុតាងនានា ដែលពាក់ព័ន្ធនឹងក្រុមចោរហារយមួយក្រុមនេះ ដែលសមត្ថកិច្ចរឹបអូសបាន សបញ្ជាក់ឲ្យឃើញថា ក្រុមនេះជាមុខសញ្ញាក្រុមចោរ ដែលធ្លាប់ធ្វើសកម្មភាព «លួច ឆក់ ប្លន់» គ្រប់រូបភាព។ ព្រោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ក្រៅពីម៉ូតូ មានទាំងកន្ត្រៃកាត់ដែក កូនសោ កាំបិត ពូថៅ ស្លាកលេខម៉ូតូ ជាពិសេសដែករាងអក្សរ«T» ដែលគេស្គាល់ថា ជាឧប
ករណ៍សម្រាប់កាច់សោលួចយកម៉ូតូ។
យ៉ាងណាក្ដី ពេលនេះ ជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានមន្ត្រីការិយាល័យជំនាញ កំពុង
កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយ៕

ចែករំលែកព័តមាននេះ