ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ត្រៀមកម្លាំង​រួច​ជា​ស្រេច មិនឲ្យ​ចលនា​ជ្រុលនិយម​កើត​មាន​ជា​ដាច់ខាត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត ឆែ អភិបាលរង​រាជធានី តំណាង​អោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ អភិបាល រង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ៖ ចំពោះ​ការងារ​ទប់ស្កាត់​បទល្មើស​នានា ជាមួយ​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​រាជធានី បាន​ធ្វើ​ឡើងជា​ប្រចាំ និង​ទទួល​បាន​ភាព​កក់ក្តៅ​ពី​ប្រជាពលរដ្ឋ​។ ចំពោះ​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃ​ទី​១៨ ខែសីហា ខាង​មុខ​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច​ហើយ គឺ​មិន​អោយ​កើត​មាន​ចលនា​ជ្រុលនិយម​ខាងលើ​នេះ កើត​មាន​ជា​ដាច់ខាត ដោយ​ធានា​ថា កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការ​រក្សា​ស្ថេ​រ​ភាព​នយោបាយ ធានា​បាន​១០០​ភាគរយ ។

ចំពោះ​ការងារ​បង្ការ ទប់ស្កាត់​គ្រោះ​ធម្មជាតិ លោក កើត ឆែ បាន​លើក​ឡើង​ថា នឹង​បន្ត​បំរើ​ប្រជាពលរដ្ឋ​អោយ​អស់​លទ្ធភាព ក្នុង​ការ​បង្ការ ទប់ស្កាត់​គ្រោះ​ធម្មជាតិ ដូច​ជា​ការ​បាក់​ដើមឈើ រលំ​ប៉ាណូ និង​គ្រោះ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង ជាដើម ។

ក្នុង​កិច្ចប្រជុំ​នោះ​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវ​យល់​អោយ​បាន​ច្បាស់ ពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​។ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ខុស​គ្នា​ដាច់ ។

លោក​បញ្ជាក់​ថា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គ្មាន​ការងារ​គ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ ឬ​បញ្ជា​កងកម្លាំង​អ្វី​ឡើយ​។ ក្រុមប្រឹក្សា មាន​សិទ្ធិ​អំណាច​ត្រឹមតែ​លើក​ឡើងជា​សំណើរ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​ចំណុច​ខ្វះខាត ដើម្បី​អោយ​រដ្ឋបាល​រាជធានី ឬ​រដ្ឋបាល​ខណ្ឌ កែ​លម្អរ និង​អនុវត្ត​តាមតែ​ប៉ុណ្ណោះ​។ តែ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ មាន​តួនាទី ភារកិច្ច​ច្រើន ជា​អ្នករក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ អាច​បញ្ជា​កងកម្លាំង​គ្រប់​ប្រភេទ​បាន ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព និង​បំពេញការងារ​រដ្ឋបាល ជា​ច្រើន​ទៀត ។

ជា​មូ​យ​គ្នា​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ​យ៉ាង​ល្អ ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មកនេះ​។ សូម​អោយ​បន្តការងារ​នេះ អោយ​កាន់តែ​ល្អ ពិសេស​ទប់ស្កាត់​អោយ​បាន​ចំពោះ ចលនា ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃ​ទី​១៨ ខែសីហា ខាង​មុខ​នេះ​។ បន្ថែម​ពី​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី ក៏​បាន​ស្នើ​អោយ​រដ្ឋបាល​រាជធានី បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ