រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើសិនប្រជាពលរដ្ឋ រកឃើញថា តំបន់ត្រីកោណប្រាកដជាបាត់បង់ទឹកដីមែន អាចមានសិទ្ធិបោះឆ្នោត ទម្លាក់រាជរដ្ឋាភិបាលបាន ក្នុងរយៈពេល៥ឆ្នាំ មួយអាណត្តិ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ ចំនួន១,០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ឥឡូវ រឿងអ្វី ដែលជាកង្វល់ ព្រោះប្រជាពលរដ្ឋ អាចមានសិទ្ធិ ៥ឆ្នាំម្តង តើទៅខ្លាចអ្វី ? មិនចាំបាច់ ៥០ឆ្នាំទេ ៥ឆ្នាំអាចធ្វើការវិនិច្ឆ័យ ម្តងបាន គឺបោះឆ្នោត ។ បើប្រាកដជាបាត់ទឹកដីមែន បោះឆ្នោតទម្លាក់ទៅរដ្ឋាភិបាលហ្នឹងនោះ មិនចាំបាច់ កាប់ចាក់គ្នានោះទេ» ។
សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ក៏យល់ដែរ មិនល្ងង់នោះទេ ចង់បានប្រជាពលរដ្ឋគាំទ្រ ៥០ឆ្នាំទៀត ទាល់តែបោះឆ្នោត ១០ដង ជាប់ទាំង១០ដង ដូច្នេះត្រូវធានាចំពោះប្រជាពលរដ្ឋក្នុងកាអភិវឌ្ឍ។ រឿងទឹកដី គឺជារឿងធំណាស់ មិនត្រឹមតែ ខុសរដ្ឋធម្មនុញ្ញនោះទេ តែខុសប្រជាជាតិទៀតផង ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានអះអាងថា នៅក្នុងសម័យនេះ ក្នុងច្បាប់អន្តរជាតិ ហើយមិនមានអ្នកចេះតែកាត់ទឹកដី ឲ្យប្រទេសគេនោះទេ។ គោលការណ៍ចំហមួយរបស់កម្ពុជា លើឆាកអន្តរជាតិ គឺប្រឆាំងដាច់ខាត ចំពោះការបំបែករដ្ឋ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «ខ្ញុំសូមបញ្ជាក់ថា យើងមិនគាំទ្រការបំបែករដ្ឋណា ដែលជារដ្ឋអធិបតេយ្យភាពទេ។ អ៊ីចឹង យើងមិនគាំទ្រការបំបែករដ្ឋ នៅក្នុងប្រទេសគេ តើយើងទៅធ្វើការបំបែកខេត្ត នៅប្រទេសយើងឬទេ ? យើងអត់ទេ បងប្អូន នេះគឺជាកង្វល់! សួរថា តើបងប្អូនសង្ស័យខុសទេ ? គាត់មានសិទ្ធិសង្ស័យ មានមន្ទិល ហើយប្រជាពលរដ្ឋ គាំទ្រ ក៏គាត់ក៏មានមន្ទិលសង្ស័យ បើសិនជា ដកតំបន់ត្រីកោណនោះ យើងអាចនឹងបាត់ ព្រោះជាតំបន់ព្រៃ។ ចំពោះបងប្អូន ដែលមានកង្វល់ខ្លាច គេចូលមកបាត់អធិបតេយ្យភាព ដូច្នេះជាកង្វល់ដូចគ្នា។ ហើយអ្នកមានកង្វល់រួមគឺឲ្យកុំបាត់កន្លែងនេះ» ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ និងអ្នកទី៣ សូមប្រកាន់អភិក្រមជជែកគ្នា បញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបែបបាក់ជាតិកម្ពុជា ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ដើម្បីដោះស្រាយកង្វល់ របស់ ប្រជាពលរដ្ឋដែលគិតពីអនាគត់ដូចគ្នានោះគឺធានាជំរុញឲ្យការអភិវឌ្ឍ និងថែមរក្សាបូរណភាពទឹកដី ថែរក្សានូវអធិបតេយ្យភាពកម្ពុជា និងការបែកបាក់ឯកភាព ជាតិដែលបំណងរបស់ប្រជាជនច្រើនលើសលុប ៕


ចែករំលែកព័តមាននេះ