រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការសួរទៅកាន់រដ្ឋាភិបាលជប៉ុន តើជប៉ុនគាំទ្រទេ ដែលបាតុករយកទឹកដីជប៉ុនធ្វើបាតុកម្មនៅក្នុងការបំផុសការផ្តួលរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយអាចា្យ អាចារិនី នាព្រឹកថ្ងៃទី១៥ សីហានេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យក្រសួងការបរទេសសួរទៅរាជរដ្ឋាភិបាលជប៉ុនតែម្តង ឥឡូវភស្តុតាងមានហើយ គាត់ចេញមកថា តើជប៉ុនគាត់គាំទ្រទេ ដែលយកទឹកដីជប៉ុននៅក្នុងការបំផុសការផ្តួលរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ។
ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំមិនថាត្រូវឱ្យជប៉ុនដេញមកវិញទេ ប៉ុន្តែគួរណែនាំថា តើជប៉ុនគាំទ្រទេដែលយកទឹកដីជប៉ុនជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ ព្រោះសារមានច្បាស់លាស់ហើយ គឺយើងត្រូវតែផ្តួលរដ្ឋាភិបាលតើនេះជាអ្វី?» ។
តាមអ្វីដែលសម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ចលនាបាតុកម្មនេះ មានការត្រៀម ដបសាំង ជំពាមកៅស៊ូ និងដ្រូន ដែលអាចដឹកគ្រាប់បែកទម្លាក់បានទៀតផង ខណៈសម្តេចចោទសួរថា បាតុកម្មបញ្ចេញមតិស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ យកដបសាំងទៅធ្វើអី? យកជំពាមធ្វើអី? យកដ្រូនដែលរៀបគ្រា.ប់បែ.កទម្លាក់ធ្វើអី? ។
ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា ប្រទេសជប៉ុន គួរតែជាអ្នកដែលត្រូវយល់ច្បាស់ទៅលើកិច្ចសហប្រតិបត្តិការ CLV- DTA នេះ ព្រោះជប៉ុនធ្លាប់បានផ្តល់ជំនួយជាថវិកាជាង២០លានដុល្លារអាមេរិកក្នុងការជួយទៅដល់កិច្ចសហប្រតិបត្តិការណ៍នៅក្នុងតំបន់ CLV- DTA នេះ ខណៈកម្ពុជាទទួលបានថវិកាប្រមាណ៧លានកន្លះសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តទាំង៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ `ជប៉ុនគួរយល់ហើយ ថារឿងនេះមិនមែនជារឿងកង្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរមានសិទ្ធិកង្វល់ បញ្ចេញមតិអំពីការបាត់បង់អធិបតេយ្យភាព បាត់បង់ទឹកដី ខ្ញុំគាំទ្រខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែការបញ្ចេញមតិត្រូវមានក្រម ត្រូវមានព្រំដែន ការផ្តួចផ្តើមគំនិតបែបណាធ្វើឱ្យមានអស្ថេភាពក្នុងប្រទេសធ្វើឱ្យប្រទេសអាចឈានទៅដល់ការបែកបាក់ជាតិ ការប៉ះទង្គិចគ្នា ធ្វើឱ្យគុំគ្នាទៅវិញទៅមក ការអនុវត្តលើសព្រំដែនច្បាប់ដែលអនុញ្ញាត គឺរាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដូចនៅប្រទេសអង់គ្លេសចឹង ប្រទេសសេរី ក៏គេអនុវត្តច្បាប់ដែរ ដើម្បីការពារប្រជាពលរដ្ឋ ដែលរស់នៅរាប់លាននាក់» ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចធិបតី បែបនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានកំណត់បានថា អ្នកដែលបំផុសបំផុលឱ្យបាតុករធ្វើបាតុកម្ម ក្រោមលេសដាក់បន្ទុកឱ្យរាជរដ្ឋាភិបាល ដកកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV- DTA ភាគច្រើនមានប្រភពពីខាងក្រៅ គឺប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ខណៈរាជរដ្ឋាភិបាល មានភស្តុតាងគ្រប់គ្រាន់បង្ហាញថា ចលនានេះសំដៅធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលខ្មែរស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យ៕
ចែករំលែកព័តមាននេះ