រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ (ចិនពីរនាក់) ទៅតុលាការ ពាក់ព័ន្ធបទល្មើសនាំចូល និងចែកចាយ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់ ។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ (ជនជាតិចិន ២នាក់) ទៅតុលាការ ពាក់ព័ន្ធករណីនាំចូល និងចែកចាយ ផលិតផលអំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់ ។
ការបង្ក្រាបខាងលើនេះ មានការចូលរួមពីសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញ នៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៤ នៅឱសថស្ថាន ចំនួន០៣កន្លែង ក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការរយៈពេល២ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារៈ ទុកជាវត្ថុតាង រួមមាន ៖ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន៤,៤៩៥ ប្រអប់ រួមនឹងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់ជាច្រើនប្រភេទថែមទៀត ។
សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែងនៅពេលនេះ ហើយសម្ភារៈ ជាវត្ថុតាងទាំងអស់ ត្រូវបានដកហូតជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ