រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារមួយ ដោយចាត់អោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ការណែនាំបែបនេះ បានធ្វើឡើង ខណៈលោគ ឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ឡើងឡើងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គម្រោងនេះ នឹងប្រើប្រាស់ពេលវេលា នៃការស្ថាបនាឡើងក្នុងរយៈពេល៥ឆ្នាំ ដែលមានចំនួន៥០គម្រោង សម្រាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តអោយបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារនេះ មករដ្ឋបាលរាជធានីភ្នំពេញម្តង ។
ក្នុងនោះដែរ លោកអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួន ពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុផ្ទាល់ ។
លោក ឃួង ស្រេង បន្ថែមថា ក្រោយគម្រោងនេះបានបញ្ជប់ យើងអាចដេកលក់ស្រួល នៅពេលភ្លៀងធ្លាក់ម្តងៗ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន៥០គម្រោង ហើយគម្រោង ដែលត្រូវអនុវត្តមានចំនួន២៨គម្រោង និង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ ពិសេស (តំបន់បឹងត្របែក)។ ចំណែក៧គម្រោងទៀត ស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោង ដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ១៣១ខ្នងផ្ទះ ស្មើនឹង១០០ភាគរយ នៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នូរ នៃការរុះរើលំនៅដ្ឋានចេញដោយស្ម័ក្រចិត្ត ចេញពីផលប៉ះពាល់ នៃគម្រោងនេះ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្នុងគម្រោង ដែលកំពុងអនុវត្តទាំង២៨គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ មានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឈាងខាងកើតប្រលានយន្តហោះភ្នំពេញ និងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញ នឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ លើកដំបូងនៅកម្ពុជា គម្រោងនេះ ក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញ ផងដែរ ៕
ចែករំលែកព័តមាននេះ