ទីក្រុងម៉ូស្គូ៖ ឃើញរុស្ស៊ីមិនមាត់ៗបានចិត្ត និងឡើងចាងសម្បើមណាស់អ៊ុយក្រែនប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីពួកគេលើកគ្នារាប់ពាន់នាក់វាយឆ្លងកាត់ព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលចូលទឹកដីរុស្ស៊ីតាមតំបន់ខឺស (Kursk)។ ថ្ងៃនេះ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាកងទ័ពរបស់ខ្លួនចាប់ផ្ដើមបើកយុទ្ធនាការបកវិញហើយទៅលើអ៊ុយក្រែន។ ប៉ុន្តែនៅដំណាក់កាលដំបូងៗដូច្នេះ រុស្ស៊ីមិនទាន់អាចវាយរុញច្រានកងទ័ពអ៊ុយក្រែនឱ្យចាកផុតពីព្រំដែនទេ។
អ៊ុយក្រែនបោះមូលដ្ឋាននៅតាមភូមិជាច្រើនកន្លែងសរុបជិតមួយពាន់គីឡូម៉ែត្រការ៉េ។ នៅតំបន់ខ្លះ អ៊ុយក្រែនវាយចូលជ្រៅដល់៣០គីឡូម៉ែត្រ។ ក្រសួងការពារជាតិអះអាងថានៅក្នុងយុទ្ធនាការវាយបកលើកនេះ រុស្ស៊ីប្រើប្រាស់ផ្គុំគ្នារវាងគ្រាប់មីស៊ីល, យន្តហោះចម្បាំង និងយន្តហោះដ្រូន។ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ីអះអាងថាកងទ័ពរបស់ខ្លួនអាចសង្កត់ក្បាលជាប់មិនឱ្យកងទ័ពអ៊ុយក្រែនរុលទៅមុខបានតទៀតទេ។
សូមរំលឹកថយក្រោយថាកាលពីសប្ដាហ៍មុន, អ៊ុយក្រែនបានបង្កការភ្ញាក់ផ្អើលពេញពិភពលោកដោយបានពន្លែងកងទ័ពជាច្រើនពាន់នាក់វាយឆ្លងកាត់ព្រំដែនតាមតំបន់ខឺស។ តំបន់ខឺសនេះត្រូវលោកហ្សេឡិនស្គីគុំយូរហើយ។ កងទ័ពរុស្ស៊ីដែលវាយប្រហារអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២គឺវាយចេញពីតំបន់ខឺសនេះ។ ដូច្នេះ លោកហ្សេឡិនស្គីបញ្ជាឱ្យវាយចូលតាមច្រកនេះវិញ។ គេហៅថាច្រកចេញចូលតែមួយ។
ថ្វីដ្បិតការវាយប្រហាររបស់អ៊ុយក្រែនមិនទាន់បង្កបញ្ហារងគ្រោះចំពោះរុស្ស៊ីគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប៉ុន្តែគេដឹងថាជនស៊ីវិលរុស្ស៊ីនៅតំបន់ខឺស និងបែលហ្គោរ៉ូតជម្លៀសខ្លួនជិតពីរសែននាក់ទៅកាន់ទីកន្លែងសុវត្ថិភាព។ ម៉្យាងទៀត ការវាយប្រហារលើកនេះក៏អាចនឹងប៉ះពាល់មុខមាត់របស់រុស្ស៊ីផងដែរ។ ក្នុងនាមជាមហាអំណាចយោធាលេខ២ពិភពលោក មិនគួរណារុស្ស៊ីបណ្ដោយឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅដល់រាប់សិបគីឡូម៉ែត្រយ៉ាងដូច្នេះទេ។ ប៉ុន្តែលោកពូទីនធ្វើអារម្មណ៍ធម្មតា។
បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ជាច្រើនថ្ងៃ លោកពូទីនសន្យាថានឹងបណ្ដេញកងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីរុស្ស៊ី។ នៅក្នុងក្រសែភ្នែករបស់លោកពូទីន លោកគ្មានព្រឺក្បាលនឹងការវាយប្រហាររបស់អ៊ុយក្រែននេះទេ។ លោកយល់ថាអ៊ុយក្រែនគ្រាន់តែចង់កាន់កាប់ទឹកដីរុស្ស៊ីដើម្បីឱ្យមានទម្ងន់នៅក្នុងការចរចាគ្នាដែលអាចនឹងកើតមាននាពេលអនាគត។
និយាយម៉្យាងទៀតថាដើម្បីតថ្លៃគ្នាផ្នែកនយោបាយ។ ចំណុចមួយទៀត លោកពូទីនយល់ថាអ៊ុយក្រែនធ្វើបែបនេះដើម្បីហែកកម្លាំងរបស់រុស្ស៊ីកុំឱ្យផ្ដោតសំខាន់តែទៅលើការវាយប្រហារអ៊ុយក្រែនខ្លាំងពេក។ ត្រូវដកកម្លាំងខ្លះដើម្បីការពារទឹកដីរបស់ខ្លួន។ គ្រាន់តែរុស្ស៊ីដាក់ទៅវិញ១ប្រាវទៅវិញធ្វើឱ្យអ៊ុយក្រែនរងគ្រោះខ្លាំងគួរសមដែរ។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាខ្លួនបានប្រើប្រាស់យន្តហោះបាញ់ពីលើអាកាសទៅលើកងទ័ពអ៊ុយក្រែននៅតំបន់ខឺស។
ជាលទ្ធផលនៃការវាយបកថ្មីៗនេះ កងទ័ពរុស្ស៊ីបាញ់ឆេះរថក្រោះអ៊ុយក្រែន៣៥គ្រឿង, រថពាសដែក៣១គ្រឿង, រថយន្តបំពាក់កាំភ្លើង១៨គ្រឿង និងរថពាសដែកទូទៅ១៧៩គ្រឿង។ នេះបើយោងតាមរបាយការណ៍ក្រសួងការពារជាតិរុស្ស៊ី។ អាជ្ញាធររុស្ស៊ីនៅតំបន់ខឺសថ្លែងថាអ៊ុយក្រែនកាន់កាប់ទីតាំង២៨កន្លែង។ លោកហ្សឺលែនស្គីថ្លែងកាលពីយប់មិញថាខឺសជាទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់សន្តិសុខជាតិអ៊ុយក្រែន។ ពោលគឺកងទ័ពរុស្ស៊ីវាយប្រហារអ៊ុយក្រែនចេញពីចំណុចនេះតែម្ដង៕
ចែករំលែកព័តមាននេះ