ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ដក លោក សេដ្ឋា ថា​វី​ស៊ី​ន ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី

5 ខែ មុន

ប្រទេស​ថៃ ៖ តុលាការ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ នេះ បាន​ចេញ​សាលក្រម​ដក​លោក សេដ្ឋា ថា​វី​ស៊ី​ន…

ប្រទេស​ថៃ ៖ តុលាការ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ នេះ បាន​ចេញ​សាលក្រម​ដក​លោក សេដ្ឋា ថា​វី​ស៊ី​ន (Srettha Thavisin) ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី ជុំវិញ​ការ​បំពាន​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ឱ្យ​នយោបាយ​ថៃ​កាន់តែ​មាន​ភាព​រង្គោះរង្គើ​ខ្លាំង ពោល​តែ​ជាង​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​បាន​បញ្ជា​ឱ្យ​រំលាយ​គណបក្ស​ឆ្ពោះទៅ​មុខ (Move Forward) ដែល​ជា​បក្ស​ប្រឆាំង​ដ៏​សំខាន់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន AP ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច​។

មុន​ឈាន​ដល់​ការ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី តុលាការ​ធម្មនុញ្ញ​ថៃ បាន​វិនិច្ឆ័យ​ទោស​លោក សេដ្ឋា ក្រោម​ហេតុផល​ជាប់​ពាក់ព័ន្ធ​ការ​តែងតាំង​លោក Pichit Chuenban ដែល​ជា​អតីត​មេធាវី​របស់​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ព្យាយាម​សូកប៉ាន់​មន្ត្រី​តុលាការ​នោះ ឱ្យ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​របស់​លោក ដែល​ជា​ទ​ង្វើ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​។

តុលាការ​ធម្មនុញ្ញ​បាន​បោះ​ឆ្នោត​ដោយ​ទទួល​សំឡេង ៥​លើ​៤ ទល់​នឹង​លោក សេដ្ឋា​។ ទោះ​យ៉ាងណា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ នឹង​បន្ត​គ្រប់គ្រង​នៅ​ក្នុង​កិច្ចការ​មូលដ្ឋាន​រហូត​ដល់​សភា​អនុម័ត​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​។

លោក សេដ្ឋា បាន​តែងតាំង​លោក Pichit Chuenban ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​របស់​លោក​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី កាលពី​ខែមេសា​កន្លង​ទៅ​។ លោក Pichit ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ នៅ​ក្នុង​ឆ្នាំ ២០០៨ ពី​បទ​មើលងាយ​ការ​ចោទប្រកាន់​តុលាការ បន្ទាប់​ពី​គាត់​បាន​ព្យាយាម​សូកប៉ាន់​ចៅក្រម​ជា​សាច់ប្រាក់​ចំនួន ២​លាន​បាត ដែល​ស្មើនឹង ៥៥,០០០​ដុល្លារ ជុំវិញ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​។

លោក Pichit បាន​លាលែង​ពីមុខ​តំណែង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ក្រោយ​កើតរឿង​ដ៏​ចម្រូងចម្រាស​។ តុលាការ​សម្រេច​ថា លោក សេដ្ឋា ជា​នាយក​រដ្ឋមន្ត្រី​មានការ​ទទួលខុសត្រូវ​តែ​ម្នាក់​គត់​ក្នុង​ការ​ពិនិត្យ​លក្ខណៈសម្បត្តិ​នៃ​ការ​តែងតាំង​គណៈរដ្ឋមន្ត្រី​របស់​លោក​។ ហើយ​លោក​ក៏​ដឹង​ពី​អតីតកាល​របស់​លោក Pichit ប៉ុន្តែ​នៅ​តែ​សម្រេចចិត្ត​តែងតាំង ហេតុ​ដូច្នេះ​ហើយ​ទើប​តុលាការ​សំរេច​ថា​លោក​បាន​បំពាន​លើ​រដ្ឋធម្មនុញ្ញ​៕ (​ប្រភព ៖ AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ