រាជធានីភ្នំពេញ ៖ សាច់បង្កក ប្រមាណជាង៦តោន ត្រូវសមត្ថកិច្ចដុតបំផ្លាញចោល នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយង្ក្រាបបាន ពេលរថយន្តមួយគ្រឿងដឹកសាច់បង្កកទាំងនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់លេខគីឡូម៉ែត្រ K31+800 កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន បានបែកកង់ ក្រឡាប់ចាក់ទំនិញ ជាសាច់បង្កករាយនៅពេញផ្លូវ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែសីហា នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុ មន្ត្រីគយ ក៏បានស្នើសុំកិច្ចសហការពីមន្ត្រីនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលប្រចាំការលើផ្លូវល្បឿនលឿន ដោយស្នើនាំយកសាច់បង្កក ដែលផ្ទុកលើរថយន្តខាងលើសាងដាក់លើរថយន្តផ្សេង ដឹកមកសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធី ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ដែលមានលោកអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញ ក្នុងរថយន្តម៉ាក JMC មួយគ្រឿង។ បន្ទាប់មក មន្ត្រីបានចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើមុខទំនិញដូចខាងក្រោមរួមមាន ៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្ស ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង១៩៩គីឡូក្រាម ។
លទ្ធផលមន្ត្រីយើងបានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាព នៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោលអត់ព្រមចូលខ្លួនដោះស្រាយ ។
ចំពោះទំនិញទាំងអស់នោះមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការ ដុតកម្ទេចចោលទៅតាមនីតិវិធី ជៀសវាងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ៕
















ចែករំលែកព័តមាននេះ