ខេត្តបាត់ដំបង ៖ គិតត្រិមថ្ងៃទី១៣ ខែសីហានេះ សំណុំរឿងចោរគាស់ផ្ទះ លួចយកគ្រឿងអលង្ការ និងលុយរបស់អាជីវករដូរលុយម្នាក់គិតជាលុយអស់ប្រមាណជាង២២ម៉ឺនដុល្លារ នៅស្រុកសំពៅលូន មានរយៈពេលជាង១ខែ កន្លងមកហើយ តែការស៊ើបអង្កេតរបស់សមត្ថកិច្ច ហាក់ស្ងាត់ឈឹង គ្មានតម្រុយពីមុខសញ្ញាជនសង្ស័យ សូម្បីប៉ុនក្រចក ខណៈបទល្មើសកំប៉ិកកំប៉ុកផ្សេងទៀត ចេះតែតាមយាយីបន្ថែមទៀត លើគ្រួសាររងគ្រោះនេះ រហូតគ្រួសារជនរងគ្រោះ សម្រេចថា នឹងត្រៀមចាកចេញពីស្រុកសំណៅលូន ទៅរស់នៅឯស្រុកកំណើតវិញ នៅខេត្តស្វាយរៀង ព្រោះរស់នៅស្រុកសំពៅលូន គ្មានសុវត្ថិភាព និងអស់ជំនឿលើសមត្ថកិច្ច ។
ជនរងគ្រោះ គឺអ្នកស្រី ភួង ផល្លា អាយុ៤១ឆ្នាំ បានប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី១៣ សីហានេះថា អ្នកស្រី រស់នៅគ្មានសុវត្ថិភាព និងអស់ជំនឿលើសមត្ថកិច្ច ក្នុងការតាមស្វែងរកមុខជនសង្ស័យ ដែលគាស់ផ្ទះគាត់ ចូលលួចយកគ្រឿងអលង្ការ និង លុយកាក់ ដែលអស់សរុបគិតជាទឹកប្រាក់ប្រហែលជាង២២ម៉ឺនដុល្លារអាមេរិក កាលពីអំឡុងខែមិថុនា កន្លងទៅនេះ បើទោះជាគាត់បានផ្ដល់តម្រុយ នៃមុខសញ្ញាជនសង្ស័យខ្លះៗ ជូនទៅសមត្ថកិច្ចហើយក្ដី ។
អ្នកស្រី បានប្រាប់ថា សំណុំរឿងចោរគាស់ផ្ទះគាត់ ចូលលួចទ្រព្យសមត្ថកិច្ចអស់គ្មានសល់នេះ បានកើតឡើងជាង១ខែកន្លងមកហើយ តែសមត្ថកិច្ចហាក់នៅស្ងៀមឈឹង។ គាត់បានផ្ដល់តម្រុយខ្លះៗ ពីមុខសញ្ញា ដែលគូរឲ្យសង្ស័យ ទៅកាន់សមត្ថកិច្ច តែសមត្ថកិច្ច ហាក់មិនបានយកចិត្តទុកដាក់ស្រាវជ្រាវសួរនាំទេ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចមួយចំនួន បែរជាត្រឡប់មកដាក់ការសង្ស័យមកលើអ្នកស្រីវិញថា «ជាអ្នកបំប៉ោងរឿងនេះ ឲ្យចលាចលទៅវិញ»។ ប៉ុន្តែសមត្ថកិច្ចបានបដិសេធចំពោះដែលថា កម្លាំងសមត្ថកិច្ចមិនយកចិត្តទុកដាក់នឹងការផ្ដល់តម្រុយពីជនរងគ្រោះ ។
លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន និងលោក ហ៊ាន ហុល អធិការរងទទូលផ្នែកព្រហ្មទណ្ឌ បានឆ្លយតបទៅនឹងការលើកឡើងរបស់ជនងរគ្រោះ ប្រហាក់ប្រហែលគ្នាថា សមត្ថកិច្ចរបស់លោក មិនបានសំងំស្ងៀមទេ ចំពោះករណី«ចោរគាស់ផ្ទះ»ជនរងគ្រោះខាងលើនេះ ។
លោកអធិការ និងលោកអធិការរង បានបញ្ជាក់ថា មន្ត្រីជំនាញ តែទំនាក់ទំនងសួរនាំជនរងគ្រោះ និងតាមដានមុខសញ្ញានានា ដែលជនរងគ្រោះផ្ដល់មក តែក្រោយធ្វើការស្រាវជ្រាវ តម្រុយទាំងនោះ ហាក់មិនជាប់ពាក់ព័ន្ធ គ្មានភស្ដុតាង។ ដូច្នេះហើយ ទើបយើងពិបាកក្នុងការហៅជនសង្ស័យទាំងនោះ មកសួរនាំ ។
លោកបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ សំណុំរឿងនេះ បានកើតឡើងជាង១ខែហើយ តែមុខសញ្ញាជនសង្ស័យនៅតែស្ថិតក្នុងភាពងងិតឈឹងដដែល គ្មានតម្រុយទេ ។
សូមរំលឹកថា សំណុំរឿងចោរគាស់ផ្ទះជនរងគ្រោះឈ្មោះ ភួង ផល្លា ស្រីអាយុ៤១ឆ្នាំ ជាអាជីវករប្ដូរលុយ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន លួចយកគ្រឿងអលង្ការ និងលុយកាក់អស់រាប់សែនដុល្លារអាមេរិកនេះ បានកើតឡើង នៅក្នុងចន្លោះពេល ដែលជនរងគ្រោះទៅព្យាបាលជំងឺនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៤ ហើយគាត់បានដឹងរឿងនេះ នៅពេល ដែលគ្រួសាររងគ្រោះនេះ ត្រឡប់មកដល់ផ្ទះវិញ នៅល្ងាចថ្ងៃទី២៦ មិថុនា នេះតែម្ដង ។
បើយោងលើបណ្ដឹងជនរងគ្រោះ អ្នកស្រី ភួង ផល្លា បាននិយាយថា គាត់បានចេញទៅព្យាបាលជំងឺភ្នែក ជាមួយស្វាមី នៅប្រទេសថៃ លើកចុងក្រោយ តាមច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អំឡុងថ្ងៃទី១៩-២០ មិថុនា ឆ្នាំ២០២៤ ដោយបានបិទទ្វារចាក់សោរ ហើយថែមទាំងបានផ្ដាំផ្ញើឲ្យអ្នកក្បែរខាងជួយមើលទៀតផង ។
អ្នកស្រី ផល្លា បានបន្តទៀតថា រហូតដល់ថ្ងៃទី២៦ មិថុនា អ្នកស្រី និងស្វាមី បានត្រឡប់ពីប្រទេសថៃ ហើយមកដល់ផ្ទះវិញ នៅល្ថាចថ្ងៃដដែល ។ នៅពេលអ្នកស្រី ចុះពីរថយន្តចាក់សោ បើកទ្វារចូលផ្ទះ ស្រាប់តែមានសភាពចម្លែក ដោយសារឃើញវាំងននទ្វារ ដែលអ្នកស្រីចងក្រគួចឡើងលើ បែរជាត្រូវគេស្រាយទម្លាក់មកក្រោមកញ្ចក់ រីឯទូដាក់ខោអាវ ធ្លាក់រប៉ាត់រប៉ាយ ស្ទុះទៅមើលទ្វារខាងក្រោយ ស្រាប់តែឃើញគន្លឹះបើកចំហរ មានស្នាមចោះធ្លុះ ។ ពេលនោះអ្នកស្រីបានហៅប្ដីឲ្យជួយមើល ក៏ឃើញទ្វារបន្ទប់ដេកក៏របើកទៀត លុះពិនិត្យទូដាក់លុយ ដែលធ្វើពីឈើកិន គឺបើករបើកចំហរទាំងអស់។ កាបូបដាក់លុយ និងគ្រឿងអលង្ការ ព្រមទាំងខោអាវរប៉ាត់រប៉ាយចេញក្រៅផ្ទះ ចំណែកគ្រឿងអលង្ការ និងលុយទុកក្នុងកាបូបបានបាត់ទាំងអស់ ។
នៅក្នុងពាក្យបណ្ដឹង អ្នកស្រី ភួង ផល្លា បានរាយការណ៏ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិ ដែលបាត់បង់រួមមាន ៖ ប្រាក់ខ្មែរ ប្រាក់បាតថៃ ប្រាក់ដុល្លារអាមេរិក និងគ្រឿងអលង្ការគ្រប់ប្រភេទ យ៉ាងច្រើនសន្ធឹកទៀត ដែលគិតជាទឹកប្រាក់ សរុបជាង២២ម៉ឺនដុល្លារអាមេរិក ។
គាត់បញ្ជាក់ថា គ្រាន់តែប្រាក់ដុល្លារសុទ្ធ ដែលគាត់សន្សំទុក ត្រៀមទិញដីគេ មានចំនួនជាង១៥ម៉ឺនដុល្លារ។ ហើយលុយទាំងនេះមួយចំនួន គាត់រក្សាទុកក្នុងផ្ទះ ដោយសារតែគាត់អ្នករកស៊ីដូរលុយ សម្រាប់បង្វិលចេញចូញចូល និងលុយត្រៀមសម្រាប់ទិញដី ទើបគាត់មិនបានទុកនៅធនាគារ ។
ក្រោយកើតហេតុ កម្លាំងជំនាញអធិការស្រុកសំពៅលូន កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រួមទាំងមន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការខេត្តផង បានចុះព្រោងព្រាត ដើម្បីពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវទៅតាមជំនាញរៀងៗខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈជាង១ខែហើយ ទាំងខាងអធិការស្រុកសំពៅលូន ទាំងខាងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ហាក់ងងឹតឈឹង គ្មានតម្រុយពីជនសង្ស័យនៅឡើយ សូម្បីប៉ុនក្រចក ។
ជុំវិញករណីនេះ កោះសន្តិភាព បានព្យាយាមសុំការបំភ្លឺតាមទូរសព្ទនៅរសៀលថ្ងៃទី១៣ ខែសីហានេះ ពីលោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលគេអះអាងថា លោកបានដឹកនាំកម្លាំងចុះផ្ទាល់ដល់ផ្ទះកើតហេតុ តែលោកប្រធានរូបនេះ មិនលើកទូរសព្ទទេ ។
ដោយឡែក ស្នងការរងទទូលផែនព្រហ្មទណ្ឌវិញ គឺលោក លឹម ពុទ្ធីឡា បែរជាឆ្លើយទម្លាក់កំហុសទៅលើគ្រួសារជនរងគ្រោះនោះថា «វាជារឿងបំប៉ោង គឺបំប៉ោងសភាពការណ៍» ទៅវីញ ។ លោក លឹម ពុទ្ធីឡា ហាក់មិនស្ទាក់ស្ទើរទេ ក្នុងការចោទគ្រួសាររងគ្រោះថា «ជាអ្នកបំប៉ោងរឿងចោរគាស់ផ្ទះនេះ»។ លោកស្នងការរងរូបនេះ បានទាញហេតុផលដូច្នេះថា «ក្រោយកើតហេតុ មន្ត្រីជំនាញគ្រប់សព្វ ទាំងការិយាល័យជំនាញ ទាំងមន្ត្រីំនាញអធិការស្រុកសំពៅលូនផង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមដានពីប្រវត្តិគ្រួសារជនរងគ្រោះ រកមិនឃើញហេតុផល ដែលជនរងគ្រោះមានគ្រឿងអលង្ការ និងលុយរាប់សិបម៉ឺនដុល្លារទុកក្នុងផ្ទះ។ បើមានច្រើនម្លឹងៗ ម៉េចមិនទុកធនាគារ ? ម្យ៉ាងវិញទៀត គ្រួសារនេះ ដើរចោលផ្ទះរាប់ខែ លុះត្រឡប់មិនវិញ ស្រាប់តែអះអាងថា ចោរគាស់ផ្ទះ លួចលុយអស់។ កម្លាំងជំនាញ បានស្រាវជ្រាវអស់ហើយ គឺគាត់បំប៉ោងរឿងទេ» ។
យ៉ាងណា នេះជាការសន្និដ្ឋានដោយគ្មានការរារែកពីសំណាក់លោក លឹម ពុទ្ធីឡា ក្រោយលោក និងមន្ត្រីការិយាល័យជំនាញរបស់លោក ចុះធ្វើការស្រាវជ្រាវមួយដង្ហើមចង្រិត។ ប៉ុន្តែការវាយតំលៃ ដោយគ្មានមូលដ្ឋានជាក់លាក់របស់លោកស្នងការរងរូបនេះ ត្រូវបានជនរងគ្រោះ ឆ្លើយតប បែបចំអកតបវិញ ហើយថែមទាំងបបួលលោកស្នងការរង និងមន្ត្រីមួយចំនួន «ដុតធូប ស្បថស្បែនៅចំពោះមុខលោកតាដំបងគ្រញូងទៀតផង ។
អ្នុកស្រី ភួង ផល្លា បានឆ្លើយតបដូច្នេះថា «ខ្ញុំមានលុយ មានមាសទុកក្នុងផ្ទះ តើត្រូវប្រកាសប្រាប់គេឯងឲ្យដឹងដែរឬ ? លុយខ្ញុំរក្សាទុកក្នុងផ្ទះ គឺជាលុយសម្រាប់បង្វិលរកស៊ី ហើយលុយមួយចំនួន ក៏ខ្ញុំមានប្រភពច្បាស់លាស់ដែរ។ បើអស់លោកចោទខ្ញុំថា ខ្ញុំបំប៉ោងរឿង តើអស់លោកហ៊ានអុចធូប ស្បថជាមួយខ្ញុំ នៅចំពោះមុខតាដំបងគ្រញូងទេ ? បើខ្ញុំកុហក ខ្ញុំបំប៉ោងរឿងមែន សូមបង្ហាញហេតុផល និងភស្ដុតាងច្បាស់លាស់មក ខ្ញុំហ៊ានទទូលខុសត្រូវចំពោះមុខច្បាប់» ។
អ្នកស្រីបានរំលឹកថា ក្រោយកើតហេតុ អ្នកស្រីបានរាយការណ៏ប្រាប់ដល់សមត្ថកិច្ចអស់ហើយ តែសមត្ថកិច្ច ហាក់មិនយកចិត្តដាក់ មិនអើពើនឹងអ្វីដែលអ្នកស្រីបាននិយាយទេ។ អ្នកស្រីថែមទាំងផ្ដល់តម្រុយខ្លះៗ ពីមុខសញ្ញាជនសង្ស័យ។ ហើយជនសង្ស័យទាំងនោះសមត្ថកិច្ច ក៏បានស្គាល់ច្បាស់ដែរ តែសមត្ថកិច្ចមិនព្រមចាត់ចែងសួរនាំទេ បែរជាសំងំស្ងៀម រួចអះអាងថា ជននោះជាមនុស្សសេពគ្រឿងញៀន គ្មានភស្ដុតាងដាក់បន្ទុក ។
អ្នកស្រីបានបញ្ជាក់ថា មានតម្រុយខ្លះ ដែលអ្នកស្រីផ្ដល់ឲ្យសមត្ថកិច្ចស៊ើបសួរ គឺជាមនុស្សដែលគួរឲ្យអ្នកស្រីសង្ស័យបំផុត។ ព្រោះមុខសញ្ញានោះ តែងទូរសព្ទសួរនាំអ្នកស្រី មិនឈប់ឈរក្នុងអំឡុងពេលអ្នកស្រី និងស្វាមីចេញពីផ្ទះ ទៅព្យាបាលជំងឺភ្នែក នៅប្រទេសថៃ លើកចុងក្រោយនេះ គឺទូរសព្ទសួរនាំអ្នកស្រីរហូតចាប់តាំងពីថ្ងៃអ្នកស្រីចេញដំណើរ ក្នុងអំឡុងថ្ងៃទី១៩-២០ មិថុនា។ ដូចជាសួរថា តើដល់ណាហើយ ? យប់នេះស្នាក់នៅកន្លែងណា ? ត្រឡប់មកវិញថ្ងៃណា ? ការដេញដោលសួរនាំអ្នកស្រី មិនឈប់ឈរនេះហើយ ដែលធ្វើឲ្យអ្នកស្រី មានការសង្ស័យទៅលើជននោះ។ អ្នកស្រី ក៏បានប្រាប់សមត្ថកិច្ចពីរឿងអ្នកសួរដេញដោលនេះដែរ តែសមត្ថកិច្ចនៅតែគ្មានវិធានការសំងំស្ងៀមឈឹងដដែល ។
អ្នកស្រីបានបញ្ជាក់បន្ថែមថា ក្នុងករណីចោរគាស់ផ្ទះគាត់នេះ សមត្ថកិច្ចមានចេតនាឲ្យអ្នកស្រីព្យាយាមលាក់បាំង។ សមត្ថកិច្ចបានហាមមិនឲ្យអ្នកនិយាយរឿងនេះ ប្រាប់មិនភក្ដិ បងប្អូន ឬរាយការណ៏ប្រាប់អ្នកកាសែតណាទាំងអស់ ក្រោមហេតុផលថា «ខ្លាចបែកការណ៍ ឮដល់ជនល្មើស បង្ក្រាបមិនបាន តែរហូតមកដល់ថ្ងៃនេះ ជាង១ខែហើយ នៅតែស្ងាត់ឈឹងដដែល ។ ត្រង់ចំណុចនេះ អ្នកទទូលបណ្ដឹងជនរងគ្រោះ គឺលោក ហ៊ាន ហុល អធិការរងស្រុកសំពៅលូន បានបដិសេធថា លោកមិនធ្លាប់ទទួលព័ត៌មាននេះពីជនរងគ្រោះទេ។ រីឯ រឿងហាមមិនឲ្យជនរងគ្រោះ និយាយប្រាប់មិត្តភក្ដិ បងប្អូន ឬប្រាប់អ្នកកាសែតនានា ក៏លោកមិនបាននិយាយដែរ។ ប៉ុន្តែលោកថា ចំពោះរឿងដែលថា ជនរងគ្រោះមានតម្រុយពីជនសង្ស័យ ដែលតែងទូរសព្ទសួរនាំពីការធ្វើដំណើររបស់គាត់ លោកនឹងទំនាក់ទំនងសួរនាំគាត់ឡើងវិញ ព្រោះរឿងនេះ លោកពិតជាមិនធ្លាប់បានទទួលព័ត៏មាននេះ ពីជនរងគ្រោះមែន។
អ្នកស្រី ភួង ផល្លា និងស្វាមី បានរៀបរាប់អំពីដំណើររឿងបាត់បង់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់អស់ជាង២២ម៉ឺនដុល្លារនេះ ទាំងក្ដីអស់សង្ឃឹម ហើយថែមទាំងនិយាយពីការអស់ជំនឿលើសមត្ថកិច្ច ។ អ្នកស្រី ផល្លា កាន់តែអស់សង្ឃឹមទ្វេដងទៀត លើសមត្ថកិច្ច នៅពេលគ្រួសារអ្នកស្រី ជួបនូវអំពើ«ចោរកម្ម» ថ្ងៃចុងក្រោយនេះ ដែលមានចោរកាត់របងលួសប្រវែង ២ម៉ែត្រ ហែកចូលលួចសម្ភារៈក្រោយផ្ទះគាត់ជាថ្មីទៀត កាលពីសប្ដាហ៏មុននេះ ។
អ្នកស្រីបាននិយាយថា ប៉ុន្មានថ្ងៃមុននេះ ចោរបានហែករបងលួចចូលលួចសម្ភារហាលខោអាវ និងភីដុងទឹកសុទ្ធធំៗអស់គ្មានសល់ ដែលទុកនៅក្រោយផ្ទះ។ រឿងនេះកើតឡើងនៅថ្ងៃទី៩ សីហា ប្ដីអ្នកស្រីបានរាយការណ៏ប្រាប់មន្ត្រីប៉ុស្ដ៏ផង មេភូមិផង និងលោកអធិការរងផង តែពុំឃើញមានមុខមន្ត្រីបម្រើរាស្ត្រណាម្នាក់ ចុះជួយអន្តរាគមន៏ និងពិនិត្យទេ។ លុះនៅថ្ងៃទី១១ សីហា ប្ដីអ្នកស្រីបានរាយការណ៏ប្រាប់លោកមន្ត្រីទាំងនេះម្ដងទៀត ក៏គ្មានលោកមន្ត្រីណាអើពើចុះសួរនាំអ្នកស្រីដែរ រហូតមកថ្ងៃទី១៣ សីហានេះ ។
ជាមួយនឹងក្ដីអស់សង្ឃឹម និងការអស់ជំនឿលើសមត្ថកិច្ចនេះ អ្នកស្រី ភួង ផល្លា បានលើកឡើងដូច្នេះថា «សព្វថ្ងៃនេះ គ្រួសារខ្ញុំកំពុងរស់នៅជាមួយនឹងភាពភ័យខ្លាច គ្មានសុវត្ថិភាពទេ។ រឿងដែលកើតឡើង ប្ដឹងទៅសមត្ថកិច្ច បែរជាស្ងាត់ឈឹង ហាក់គ្មានចំណាត់ការបន្តិចសោះ ទៅលើជនសង្ស័យ រហូតកើតរឿងចុងក្រោយនេះ រាយការណ៏ប្រាប់សមត្ថកិច្ចហើយ នៅតែគ្មានគេអើពើទៀត។ នេះជាហេតផល ដែលធ្វើគ្រួសារខ្ញុំ ពិបាករស់នៅបំផុត»។
អ្នកស្រីបាននិយាយដូច្នេះទៀតថា «គ្រួសារខ្ញុំ មករស់នៅស្រុកសំពៅលូននេះ តាំងពីឆ្នាំ២០០០ ប្រកបមុខរបរដូរលុយ តែមកដល់ពេលគ្រួសារខ្ញុំជួបរឿងជាបន្តបន្តាប់ រស់នៅគ្មានភាពកក់ក្ដៅ គ្មានសុវត្ថិភាពក្នុងគ្រួសារទេ។ ដូច្នេះគ្រួសារខ្ញុំ បានសម្រេចរួចថា នឹងចាកចេញពីស្រុកសំពៅលូននេះ ត្រឡប់ទៅរស់នៅស្រុកកំណើត នៅខេត្តស្វាយរៀងវិញហើយ ព្រោះនៅទីនេះគ្មានសុវត្ថិភាពសម្រាប់គ្រួសារខ្ញុំទេ ខ្ញុំនឹង ចាកចេញទៅនៅថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ នេះតែម្ដង»។ ប៉ុន្តែយ៉ាងណា មុននឹងចាកចេញពីកន្លែងដែលអ្នកស្រីអះអាងថា «គ្មានសុវត្ថិភាព» ទៅកាន់ស្រុកកំណើតវិញ តាមរយៈកោះសន្តិភាព អ្នកស្រី ភួង ផល្លា បានសំណូមពរដល់លោកស្នងការខេត្ត ដែលចូលកាន់ដំណែងថ្មី ទើបបានរយៈជិត១ខែ កន្លងទៅនេះ ជួយអន្តរាគមន៏ បើកសំណុំរឿងចាស់ ដែលសេសសល់ពីលោកស្នងការមុន ដើម្បីពិនិត្យ និងជម្រុញឲ្យមន្ត្រីមានចំណេះ មានជំនាញពិតប្រាកដ ចុះធ្វើការស៊ើបអង្កេតលើសំណុំរឿងចោរគាស់ផ្ទះអ្នកស្រីនេះ ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ។ ព្រោះអ្នកស្រីបានផ្ដល់តម្រុយមួយចំនួនសមល្មម ដែលសមត្ថកិច្ចអាចនឹងចាត់វិធានការបាន មិនគូរសំងំស្ងៀមឈឹង ធ្វើដូចមិនដឹងរឿងអ្វីកើតឡើងសោះបែបនេះទេ ៕
ចែករំលែកព័តមាននេះ