រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថាកម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។
សម្តេចធិបតីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖”ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល”។
សម្តេចបានលើកឡើងទៀតថាកម្ពុជាមានសុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថាដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។
សម្តេចធិបតីលើកឡើងទៀតថា ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ