ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ.កចិត្ត​ស្តូក​! កីឡា​ល្បី​ប្រចាំ​អូ​ឡាំ​ពិ​ក​តាំងពី​ឆ្នាំ ១៩០៤ ទំនង​គ្មាន​វត្ត​មាននៅ​ព្រឹត្តិការណ៍ ២០២៨

1 ខែ មុន

សហរដ្ឋអាមេរិក ៖ ការ​រាប់​ថយក្រោយ ដំណើរ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស សហរដ្ឋអាមេរិក ឆ្នាំ ២០២៨ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ទទួល​បាន​ទង់​អូ​ឡាំ​ពិ​ក​ពី​ម្ចាស់ផ្ទះ​បារាំង នៅ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ…

សហរដ្ឋអាមេរិក ៖ ការ​រាប់​ថយក្រោយ ដំណើរ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស សហរដ្ឋអាមេរិក ឆ្នាំ ២០២៨ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ទទួល​បាន​ទង់​អូ​ឡាំ​ពិ​ក​ពី​ម្ចាស់ផ្ទះ​បារាំង នៅ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The Evening Standard របស់​ចក្រភព​អង់គ្លេស​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១២ ខែសីហា កន្លង​ទៅ​។

ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស​ឆ្នាំ ២០២៨ នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៨ ហើយ​ដំណើរការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០២៨ ដែល​ជា​ថ្ងៃ​នៃ​ពិធី​បិទ ហើយ​នៅ​ក្នុង​នោះ​កីឡា​ចំនួន ៣៥​ប្រភេទ ត្រូវ​បានរ​ពឹង​ទុក​សម្រាប់​ការ​ប្រកួតប្រជែង Los Angeles 2028​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ អ្នកគាំទ្រ​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ដ៏​បំផុត​លើ​ពិភពលោក​មួយ​នេះ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ប្រភេទ​កីឡា​សំខាន់​ៗ និង​ល្បីល្បាញ​ប្រចាំ​ព្រឹត្តិការណ៍ ត្រូវ​បាន​ទម្លាក់​ចោល​ដោយ​ម្ចាស់ផ្ទះ ដែល​មាន​ន័យ​គ្មាន​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២៨​។

កីឡា​រាំ Breakdancing គឺជា​កីឡា​តែ​មួយ​គត់ ដែល​ត្រូវ​បាន​ប្រកាស​សម្រេច​ថា គ្មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨​។ ខណៈ​ដែល​កីឡា​រាំ​សម័យ​ទំនើប​មួយ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​ជា​ផ្លូវការ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ ២០២៤ ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​។

កីឡាករ​កា​ណា​ដា Philip Kim និង​កីឡាការិនី​ជប៉ុន Ami Yuasa គឺជា​អត្ត​ព​លិ​ក​ដំបូង​គេ​បំផុត ដែល​ឈ្នះ​មេដាយមាស​លើ​ប្រភេទ​កីឡា​រាំ Breakdancing វិ​ញ្ញាស​បុរស និង​នារី នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ខ្លាំង​បំផុត​នោះ​ត្រង់​ថា កីឡា​ប្រដាល់សកល (Boxing) ក៏​ទំនងជា​គ្មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២៨ ផង​ដែរ​។ បន្ទាប់​ពី​មានការ​ពិភាក្សា​លើ​ថា តើ​កីឡា​ប្រដាល់សកល​នឹង​ត្រូវ​ទម្លាក់​ចោល​ពី​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨ ដែរ​ឬទេ? ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​ពិភាក្សា​នៅ​តែ​បន្ត​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅឡើយ​។

កីឡា​ប្រដាល់សកល​បាន​ចូលរួម​នៅ​រាល់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ ចាប់តាំងពី​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ១៩០៤ លើកលែងតែ​ឆ្នាំ ១៩១២ នៅ​ប្រទេស​ស៊ុ​យ​អែ​ត​ប៉ុណ្ណោះ ដែល​កីឡា​មួយ​នេះ​ត្រូវ​បាន​ដក​ចេញ​។ ដូច្នេះ​មាន​ន័យ​ថា កីឡា​ប្រដាល់សកល នឹង​គ្មាន​វត្ត​មាននៅ​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​លើក​ដំបូង​ក្នុង​រយៈពេល​១១៦​ឆ្នាំ​។

មូលហេតុ​ដែល​កីឡា​ដ៏​ពេញ​និយម​បំផុត​នៅ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ ទំនង​ត្រូវ​បាន​ដក​ចេញពី​ព្រឹ​តិ្ត​ការណ៍​នៅ​ឆ្នាំ ២០២៨ ដោយសារ​តែ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC បាន​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​សមាគម​ប្រដាល់​អន្តរជាតិ IBA បន្ទាប់​ពី​ការ​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បរាជ័យ​សិទ្ធិ​យេ​ន​ឌ័​រ (Gender Eligibility)​។

តួយ៉ាង ការ​ប្រកួត​ប្រដាល់​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​នេះ ទទួល​បានការ​រិះគន់​ពី​អ្នកគាំទ្រ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​កីឡាការិនី​អាល់​ហ្សេ​រី Imane Khelif និង​កីឡាការិនី​តៃវ៉ាន់ Lin Yu-ting ចូលរួម​ប្រកួត​វិញ្ញាសា​នារី និង​ឈ្នះ​មេដាយមាស​រៀងខ្លួន​ថែម​ទៀត​ផង​។

ដ្បិត​កីឡាការិនី​អ្នក​ទាំង​ពីរ​រូប​គឺជា​មនុស្ស​ស្រី ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​ការ​អភិវឌ្ឍន៍​ផ្លូវភេទ​ខុស​ប្រក្រតី (DSD) បណ្តាល​ឱ្យ​មាន​ក្រូម៉ូសូម XY និង​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ស្រ​ដៀង​ហ្សែ​ន​មនុស្ស​បុរស​។ IBA មានច្បាប់​ទទួល​បាន​សិទ្ធិ​ប្រកួត​សម្រាប់​កម្រិត​តេ​ស្តូ​ស្តេ​រ៉ូ​ន ដូច្នេះ​តម្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត ហើយ​បើ​មាន​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ខ្ពស់ នឹង​មិន​ចូល​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​សិទ្ធិ​របស់ IBA ឡើយ ។ ដូច្នេះ​ហើយ​បានជា Imane Khelif មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក​ឆ្នាំ ២០២៣ ឡើយ​។

ជាមួយ​បញ្ហា​នេះ IOC ត្រូវការ​ស្វែងរក​សហព័ន្ធ​ប្រដាល់​ថ្មី ដើម្បី​ដំណើរ​ប្រភេទ​កីឡា​មួយ​នេះ នៅ​ពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨​។ ប៉ុន្តែ​ទោះ​យ៉ាងណា IOC បាន​ពន្យារពេល​ការ​សម្រេចចិត្ត​របស់​ពួក​គេ​រហូត​ដល់​ឆ្នាំ ២០២៥ នៅ​លើ​ថា តើ​កីឡា​ប្រដាល់សកល​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​ប្រកួត​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨ ដែរ​ឬទេ? ក៏​ដូច​ជា​ផ្តល់​ពេលវេលា​សម្រាប់​ខ្លួនឯង ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​បង្កើត​គណៈ​អភិបាល​ថ្មី​។

ដោយឡែក កីឡា​៦​ប្រភេទ​ថ្មី ដែល​លេច​វត្ត​មាននៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨ រួម​មាន កីឡា Flag football ដែល​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​អូ​ឡាំ​ពិ​ក​។ កីឡា​វាយ​កូន​បាល់​ផ្ទប់​ជញ្ជាំង (Squash) ដែល​បង្ហាញ​វត្តមាន​លើក​ដំបូង​។ កីឡា​គ្រី​ឃី​ត (Cricket) បង្ហាញ​វត្តមាន​លើក​ដំបូង ក្រោយ​ខកខាន​អស់​ពេល​១២៨​ឆ្នាំ​។ កីឡា Baseball និង Softball បង្ហាញ​វត្តមាន​លើក​ដំបូង ក្រោយ​ខកខាន​អស់​ពេល​២៨​ឆ្នាំ​។ កីឡា Lacrosse បង្ហាញ​វត្តមាន​លើក​ដំបូង ក្រោយ​ខកខាន​អស់​ពេល​៨០​ឆ្នាំ​៕ (​ប្រភព ៖ The Evening Standard និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ