រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ទឹកដីនៅតំបន់ត្រីកោណCLV គ្មានប្រទេសណាមួយកាត់ទឹកដីឲ្យប្រទេសណានោះទេ គឺទឹកដីប្រទេសណា ប្រទេសនោះជាអ្នកគ្រប់គ្រង ។
យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា យ៉ាងដូច្នេះថា «បងប្អូនស្នើឲ្យកម្ពុជាដកគម្រោងចេញពីCLV ប៉ុន្តែខ្ញុំចង់សួរបងប្អូនថា របស់ដែលយើងដាក់សម្រាប់ការអភិវឌ្ឍជារបស់យើង តើយើងដកយកទៅបោះចោលនៅកន្លែងណា? តើយើងអាចដកដែនដីនៅ៤ខេត្តនេះ យកដាក់លើមេឃ ឬទៅកន្លែងណាមិនអាចទៅរួចទេ! គឺយើងត្រូវអភិវឌ្ឍន៍នៅលើកទឹកដីរបស់យើង ។ យើងដាក់ទន់ខ្លួនយើង និងរកដៃគូអភិវឌ្ឍន៍ខ្លួនយើង» ។
សម្តេចតេជោបានលើកឡើងថា ចំពោះទឹកដីខាងវៀតណាម គេជាអ្នកដាក់ទុនខ្លួនគេ ខាងឡាវគេរកដៃគូខ្លួនគេ ក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការធ្វើសហប្រតិបត្តិការលើកបញ្ហាពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ដឹកជញ្ជូន ការផ្សាភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធអគ្គិសនីជាដើម ។
ចំណុចនេះ ជាហេតុផលដែលរាជរដ្ឋាភិបាលត្រូវតែធ្វើ ។ ហើយរយៈពេលជាង២៥ឆ្នាំមកនេះ ក៏ជាពេលវេលាបានបង្ហាញច្បាស់ថា ជាការធ្វើដំណើររាល់ថ្ងៃ រហូតដល់អ្នកខ្លះទៅហើយ ក៏មិនត្រឡប់មកវិញក៏មាន ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរអាចវិលល្ងាចបាន ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានសង្កត់ធ្ងន់ថា «សូមបងប្អូន កូនក្មួយចាំឲ្យច្បាស់ថា ពាក្យសហប្រតិបត្តិការ ។ តែបងប្អូនយល់ច្រឡំថា ការអភិវឌ្ឍន៍រួមចំណុចនេះយើងមិនធ្វើទេ ។ ព្រោះថា រដ្ឋាភិបាលគ្មានសិទ្ធិយកដីខ្មែរទៅដាក់រួមជាមួយប្រទេសណានោះទេ ។ យើងគ្មានចេតនាបង្កើតតំបន់ឲ្យក្លាយជាតំបន់ស្វ័យតដោយកាត់មួយភាគរបស់កម្ពុជាមួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ហើយបង្កើតជាតំបន់ស្វយ័ត ឬប្រទេសមួយក៏អត់ដែរ»។
សម្តេចតេជោបានលើកឡើងថា ប្រទេសខ្មែរគ្រប់គ្រងដោយខ្មែរ ប្រទេសវៀតណាម គ្រប់គ្រងដោយវៀតណាម និងឡាវគ្រប់គ្រងដោយឡាវ ប៉ុន្តែយើងត្រូវធ្វើកិច្ចសហប្រតិបត្តិការគ្នានៅទីនោះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ។ ការអភិវឌ្ឍទៅបាន គឺទាមទារឲ្យមានសហការពីភាគីជិតខាង ។ ការសហការគ្នានេះ មិនចាំបាច់តែធ្វើជាមួយវៀតណាមនោះទេ គឺធ្វើនៅទូទាំប្រទេសវៀតណាម ប្រទេសថៃ និងធ្វើជាមួយប្រទេសឡាវ ដែលជាមានព្រំដែនជាប់គ្នា ។
សម្តេចតេជោក៏បានលើកឧទាហរណ៍ថា បើសិនប្រទេសវៀតណាមធ្វើផ្លូវមកចំកន្លែងណាមួយផ្សេងគ្នា នឹងធ្វើឲ្យមានការពិបាកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅរកគ្នា។ សម្តេចថា៖ «បើភាគីវៀតណាមធ្វើផ្លូវចំណុចមួយទៅ កម្ពុជាធ្វើផ្លូវទៅចំណុចមួយទៅ តើយើងត្រូវដឹកជញ្ជូនផ្លាស់ប្តូរគ្នាយ៉ាងម៉េចទៅ? យើងត្រូវធ្វើការធ្វើពាណិជ្ជកម្ម ។ បងប្អូនគិតមើពីរតនគិរីពីមណ្ឌលគិរី ស្ទឹងត្រែង បើយើងដឹកជំនិញថយចុះមកភ្នំពេញ ឬទៅកំពង់ផែព្រះសីហនុ តើការដឹកទំនិញនាំចេញរបស់បងប្អូន មានការចំណេ ញកន្លែងណា?»។
សម្តេចតេជោបានអះអាងថា ការធ្វើសេដ្ឋកិច្ចគឺត្រូវគិតពីផលចំណេញ យើងអាចធ្វើការដឹកជញ្ជូនទំនិញទៅកាន់វៀតណាម ឬទៅកាន់ប្រទេសអឺរ៉ុប អាមេរិក ជប៉ុន និងប្រទេសដទៃទៀត ។ ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថា ការអភិវឌ្ឍតំបន់ត្រីកោណនោះមិនមែនតែរវាងកម្ពុជា ឡាវ និងប្រទេសវៀតណាមនោះទេ ក៏ប៉ុន្តែដៃគូរបស់យើងចាប់ផ្តើមដំបូង គឺប្រទេសជប៉ុនតែម្តង។ ជប៉ុនមិនបានជួយសម្រាប់តែប្រទេសមួយៗនោះទេ គឺជួយនៅក្នុងតំបន់ ដែលមានការតភ្ជាប់គ្នានោះឯង។ កម្ពុជាទទួលទិញអគ្គិសនីពីវៀតណាម និងឡាវ គឺដើម្បីយកទៅផ្គត់ផ្គងនៅតំបន់ត្រីកោណនោះ មុននឹងបណ្តាញជាតិរបស់យើងរុញភ្លើងពីទីក្រុងភ្នំពេញទៅតំបន់ទាំងនោះ ដែលមានរយៈពេល២៥ឆ្នាំហើយ។
សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្វែងយល់ឲ្យបានច្បាស់ពីរាជរដ្ឋាភិបាលជាជាងធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលនៅពេលនេះថាកាត់ទឹកដីឲ្យគេ នឹងឈានដល់បាត់ដីនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ