ចាត់ទុកជាវិធានក្តៅគគុកមួយ នៅសប្តាហ៍ទី១នៃខែសីហា ដោយមនុស្សមានឥទ្ធិពល និងលុយកាក់២រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ បញ្ចប់គោរមងារឧកញ៉ា ក្រោយបា.ញ់បោះសេរីក្នុងក្លឹបកម្សាន្តមួយ និងព្រះរាជអាជ្ញារងនៅខេត្តព្រះវិហារម្នាក់ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ បណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ។នេះ បើយោងតាមព្រះរាជក្រឹត្យ ២ ដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី៩ និង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រាស់បង្គាប់ បញ្ចប់គោរមងារ ឧកញ៉ា ខុន បញ្ចសិទ្ធិ បន្ទាប់ពីជននេះត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបាញ់បោះសេរីនៅក្នុងក្លឹបកម្សាន្តមួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ខុន បញ្ចសិទ្ធិ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ០០៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬក បែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើង ជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើ,ងខ្លីមួយដើមចេញពីចង្កេះ អាមេ បញ្ចូលគ្រាប់កាន់រេចុះឡើងសម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀត ដែលនៅសាឡុងក្បែរៗនោះ ។
ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើ.ងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះបានបា.ញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថា ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លីបានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបា.ញ់ គឺជាតៃកុងឡានខ្លួននោះទេ រីឯតៃកងឡានបានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបា.ញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន ។
យ៉ាងណាមិញ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបា.ញ់ពិតប្រាកដ គឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង ។
ក្រៅពីបុគ្គល ខុន បញ្ចសិទ្ធិ ត្រូវបានព្រះមហាក្សត្របញ្ចប់គោរមងារ «ឧកញ៉ានោះ» កាលពីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២៤ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យនៅ ត្រាស់បង្គាប់ ដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។ បើតាមព្រះរាជក្រឹត្យ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខា តទៅ ៕



ចែករំលែកព័តមាននេះ