ឡានទំនើបមួយគ្រឿងចងកំហឹងជាមួយបង្គោលភ្លើងខ្ទេចខ្ទីរមុខ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ស្នូរលាន់ឮដូចរន្ទះខែប្រាំង បង្កឱ្យមនុស្សម្នាទៅចោមរោមមើល ក្រោយពីហេតុការណ៍រថយន្តស៊េរីទំនើបមួយគ្រឿង បានសាកកម្លាំងជាមួយនឹងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវ បណ្តាលឱ្យដួលរាបដល់ដី កើតឡើងនៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បើយោងតាមលោកវរសេនីយ៍ឯក គឹម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តស៊េរីទំនើបពណ៌ក្រហម បើកបរដូចជនជាតិចិន ក្នុងទិសដៅពីលិចទៅកើតបានបុកបង្គោលភ្លើង ពេញទំហឹងបណ្ដាល ឲ្យរថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ដែលសំណាងល្អណាស់ ពុំមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ.ដោយឡែក ចំពោះអ្នកបើកបរ រថយន្តខាងសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

ដោយឡែក បើយោងតាមប្រភពប្រជាពលរដ្ឋនៅនឹងកន្លែងកើត ហេតុបានគូសបញ្ជាក់ថា ទៅជារៀងរាល់ថ្ងៃ គេតែងឃើញរថយន្តពណ៌ក្រហមស៊េរីទំនើប ពាក់ស្លាកលេខ កម្ពុជា.Car LIF1 នេះតែងតែបើកបរក្នុងល្បឿនលឿន រហូតមកដល់ថ្ងៃកើតហេតុនេះ មិនដឹងមានបញ្ហាអ្វី ទើបបណ្ដាលឲ្យរេបង្កូតទៅបុក បង្គោលភ្លើងពេញទំហឹងសំណាងល្អពុំមានប៉ះពាល់ដល់អ្នកធ្វើដំណើរនៅលើដងផ្លូវ ។







ចែករំលែកព័តមាននេះ