ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាលា​​ខណ្ឌ​​សែនសុខ​ជ្រើសរើស​​​សង្កាត់​ទឹកថ្លា​​សាក​​ល្បង​​៦ខែ​​អំពី​សុវត្ថិភាព​​​ភូមិ​-សង្កាត់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ជំនួស​មុខ​​ឱ្យ​គណៈ​អភិ​បាល​ខណ្ឌ មន្ត្រី​​រាជ​ការ​កង​កម្លាំង​​ប្រដាប់អាវុធ​​​គ្រប់លំដាប់​ថ្នាក់នៃ​​ខណ្ឌសែនសុខ ​​​ដោយ​មាន​​​ការ​ចូលរួមពី លោក​ម៉ក់ ហុង​ អធិការ​​ប៉ូលិស​ខណ្ឌ​​​ លោក​រ៉ែម រតនៈ មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុ​ធ​ហត្ថ លោកមេ​ភូមិ​​មហា​លិប​ខ្នង​ និង​ប្រជា​ពល​រដ្ឋ​​ចូលរួម​ជា​ច្រើន​​​នាក់​​​​ នៅ​រសៀល​ថ្ងៃទី​​១០ មិថុនា

រាជធានីភ្នំពេញ​​ ៖ ​ជំនួស​មុខ​​ឱ្យ​គណៈ​អភិ​បាល​ខណ្ឌ មន្ត្រី​​រាជ​ការ​កង​កម្លាំង​​ប្រដាប់អាវុធ​​​គ្រប់លំដាប់​ថ្នាក់នៃ​​ខណ្ឌសែនសុខ ​​​ដោយ​មាន​​​ការ​ចូលរួមពី លោក​ម៉ក់ ហុង​ អធិការ​​ប៉ូលិស​ខណ្ឌ​​​ លោក​រ៉ែម រតនៈ មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុ​ធ​ហត្ថ លោកមេ​ភូមិ​​មហា​លិប​ខ្នង​ និង​ប្រជា​ពល​រដ្ឋ​​ចូលរួម​ជា​ច្រើន​​​នាក់​​​​ នៅ​រសៀល​ថ្ងៃទី​​១០ មិថុនា ​ឆ្នាំ​​២០១១ ​លោក​ជា ខេមា និង​លោក​ចេង មុន្នី​រ៉ា អភិ​បាល​រង​ខណ្ឌ​សែនសុខ បានធ្វើ​​​ពិធីវេទិកា​​សាធារណៈ ពី​​ការ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​-­សង្កាត់​​មាន​​សុវត្ថិ​ភាព​ ដោយ​ជ្រើស​រើស​​​សង្កាត់ទឹកថ្លា​​ជា​​​កា​រ​សាក​ល្បង​​​ចំនួន​​​៦ខែ​​​ផង​ដែរ ។​

លោកជា​​ ខេមា បាន​​​ថ្លែង​ថា ដើម្បី​​អនុវត្ត​​​បាន​ជោគជ័យ​តាម​អនុសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​ នា​ឱកាស​​​មិទ្ទិងរំឭក​ខួប​លើកទី​​៦៥ ​នៃ​ថ្ងៃ​​​​បង្កើត​​កង​កម្លាំង​នគរ​បាល​ជាតិ​កម្ពុជា ដែល​​កំណត់​យក​ប្រធានបទ «ភូមិ​-សង្កាត់​​មាន​​សុវត្ថិភាព» ក្រសួ​ងមហា​ផ្ទៃ​​បាន​កំណត់​យក «ភូមិ​​-សង្កាត់​​មានសុវត្ថិភាព» ធ្វើជា​គោល​នយោ​បាយ អាទិភាព​មួយ​សម្រាប់​កម្លាំង​​​អនុវត្ត​ច្បាប់​​។​ អាជ្ញាធរ​​មាន​សមត្ថកិច្ច​​គ្រប់​លំដាប់ថ្នាក់​​គណ​បក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ផ្នែក​ឯក​ជន​ និងប្រជា​ពលរដ្ឋ​​ទាំង​មូល​​រួមគ្នា​ពង្រឹង​​សន្តិសុខ សណ្តាប់ធ្នាប់​​សាធា​រណៈ​​​​​ឱ្យ​បាន​ល្អ​ប្រសើរ​​នៅតាមភូមិ​​​-​ឃុំ​ទូទាំង​​ប្រទេស​។ ​​ដើម្បី​អនុវត្ត​​​គោល​នយោបាយ​​នេះ​ឱ្យ​ទទួលបាន​ជោគ​ជ័យ​​​​​ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​ផែនការ​​សកម្មភាព​​លេខ​​​១២ ផក ចុះ​ថ្ងៃទី​​១៨ កញ្ញា ​ឆ្នាំ​២០១០ ស្តី​ពី​​ការ​ចាត់​តាំង​​អនុវត្ត​​គោល​នយោបាយ​​ «ភូមិ​​-​សង្កាត់​​​មាន​សុវត្ថិភាព» ហើយ​​បាន​ជ្រើសរើស​​យកសង្កាត់ទឹកថ្លា ​ដើម្បី​អនុវត្ត​​សាកល្បង​រយៈ​ពេល​៦ខែ ។

​​​លោកបាន​​បន្ត​​​​ថា ​ដើម្បី​​​ក្លាយ​ទៅ​ជា​ភូមិ​​​-​សង្កាត់​មាន​សុវត្ថិភាព យើង​​​ត្រូវ​រួម​គ្នា​​​បំបាត់​នូវ​​អំពើ​​អសកម្ម​ចំនួន​​​៥​យ៉ាង​គឺ​ ១-​គ្មាន​​សកម្ម​ភាព​លួច​ឆក់​ប្លន់គ្រប់ប្រភេទ ២-គ្មាន​​​​ការ​​ផលិត​ កា​រចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​​ខុស​ច្បាប់ ៣-​គ្មាន​​​អំពើអនាចារ​​ ការជួញដូរ​ស្ត្រី និង​​​កុមារ និង​​អំពើ​ហិង្សា​​ក្នុងគ្រួសារ ៤-គ្មាន​​​​ក្មេង​ទំនើង ​៥-គ្មានការ​លេង​ល្បែង​​​ស៊ីសង​ខុសច្បាប់ ការប្រើប្រាស់​​អាវុធ​ខុសច្បាប់ ​និង​បទល្មើស​​គ្រប់​ប្រភេទ​។​

លោកជា ខេមា ​បាន​បន្ត​ទៀត​ថា ​ក្រោយពី​​ទទួលបាន​​គោល​នយោ​បាយ​​នេះក៏​ដូចជា​​មាន​ការ​ណែនាំ​​ផ្ទាល់ពី​​សាលា​រាជ​ធានី​​​ គណៈ​​បញ្ជា​ការ​​​ឯក​ភាព​រដ្ឋបាល​ខណ្ឌ​​សែនសុខ​បាន​ប្រជុំ​​​​ដាក់​ផែនការ​​​ដល់អធិ​ការ​ដ្ឋាន​​ខណ្ឌ និង​​​អង្គភាព​​ក​ង​រាជ​អាវុធ​ហត្ថ​ខណ្ឌ ក៏​ដូច​ជា​មូលដ្ឋាន​​សង្កាត់ទាំង​​៦ ​​ឱ្យរៀបចំ​ផែនការ​សកម្ម​​ភាពជាក់ស្តែង ​​សំដៅ​អនុវត្ត​​​គោល​នយោ​បាយ​​ភូមិ​-សង្កាត់​​​មាន​សុវត្ថិ​ភាព​ទទួល​បាន​​​ប្រសិទ្ធ​ភាព​​ខ្ពស់។​ ​​រដ្ឋបាល​ខណ្ឌ​សែនសុខ ​បាន​រៀប​ចំ​​នូវលិខិត​​​បទ​ដ្ឋាន​​មួយចំនួន ដើម្បី​​​ជា​យន្ត​ការ​​​សម្រាប់អនុវត្ត​​​ដូចជា ផែនការ​​​លេខ​០០១ ​​ផក អណ១ ​ចុះថ្ងៃទី​៣១ មករា ឆ្នាំ​​២០១១ ​ស្តីពី​ការ​ចាត់តាំង​អនុវត្ត​ គោលនយោ​បាយ​​ភូមិ​-​សង្កាត់​​​មានសុវត្ថិភាព ។ ​​ខ្លឹមសារ​​​​នៃ​លិខិត​​​នេះ គឺ​បាន​​ដាក់ចេញ​​នូវផែនការ​​ច្បាស់​លាស់ និង​ផែន​ការ​​​សកម្ម​​ភាព​ជាក់ស្តែង​សម្រាប់​គណៈ​បញ្ជា​ការ​ឯក​ភាព​​រដ្ឋបាល​ខណ្ឌ​​អនុវត្ត ។ ​

សេចក្តីសម្រេច​​​លេខ​០០៣ ​សសរ អណ១ ចុះថ្ងៃទី​​​៣១ មករា ​ឆ្នាំ​២០១១ ​ស្តីពីការ​​បង្កើត​​ក្រុម​​ការងារ​ចុះអនុវត្ត​​​គោលនយោបាយ​​​​ភូមិ​-​សង្កាត់​​​​មានសុវត្ថិភាព ។ ​​ខ្លឹមសារ​​នៃលិខិត​នេះ​គឺ​សាលា​ខណ្ឌ​បានបែង​ចែក​​​គណៈ​អភិបាល​ខណ្ឌ​ អធិការ អធិការ​រង ​​​មេ​បញ្ជា​ការ ​មេ​បញ្ជា​ការ​រង ក​ង​រាជអាវុធហត្ថខណ្ឌ​​​ឱ្យចុះ​តាម​​​សង្កាត់ទាំង​៦ ដើម្បី​ពង្រឹង​ការ​អនុវត្ត​​គោលនយោបាយ​​​ភូមិ​-​សង្កាត់​​មានសុវត្ថិភាព​​ឱ្យ​ទទួលបាន​​លទ្ធ​ផល​ខ្ពស់។

​​​សេចក្តី​សម្រេច​​​លេខ​​០១១ ​សសរ.អណ១ ​ចុះថ្ងៃទី​​​២១ មីនា ឆ្នាំ​២០១១ ​ស្តីពី​ការបង្កើត​​ក្រុមប្រឹក្សា​​ប្រលង​​​ប្រណាំង​អនុវត្តគោល​នយោ​បាយ​​​​ភូមិ​-សង្កាត់​​មាន​​សុវត្ថិភាព​។ ខ្លឹមសារ​​នៃ​លិខិត​នេះគឺដើម្បី​បំផុស​​ចលនាប្រលង​ប្រណាំង និង​ត្រួតពិនិត្យ បូក​សរុប​វាយតម្លៃ ជ្រើសរើស​ភូមិ​-សង្កាត់​ និង​បុគ្គល ដែលមាន​លក្ខណៈ​សម្បត្តិ និង​​ស្នាដៃ​ល្អ ដើម្បី​​​ផ្តល់​ការ​​​សរសើរ និង​ជូន​​​រង្វាន់​លើកទឹក​ចិត្ត។

ដើម្បីលុបបំបាត់​នូវ​​សកម្មភាពល្មើសទាំង​​​​៥​យ៉ាង​​​ដែលបានរៀបរាប់​ខាង​លើ ​អាជ្ញាធរ​​​សង្កាត់-ភូមិ​ និ​ងប៉ុស្តិ៍នគរបាល​ត្រូវ​អនុវត្ត​​​ឱ្យ​បាន​នូវផែនការ​​សកម្មភាព​ដូចតទៅ​​-គណៈ​បញ្ជា​ការ​​ឯកភាព​​សង្កាត់ ត្រូវអនុវត្ត​​ឱ្យបាន​​របប​ប្រជុំ​​​ជា​ប្រចាំ ដើម្បីត្រួតពិនិត្យ​​​សភាពការណ៍​​ដាក់​ចេញ​នូវ​ផែនការ​​​ និងវិធានការ​​​ជាក់ស្តែង ក្នុងការ​អនុវត្ត​​គោលនយោបាយ​​ «ភូមិ​​-សង្កាត់​មាន​សុវត្ថិភាព» ក្នុង​រង្វង់​​​សមត្ថកិច្ច​ទទួលខុសត្រូវ​​​របស់ខ្លួន ។ ពង្រឹង​​​ប៉ុស្តិ៍​​នគរបាល​​រដ្ឋ​បាល​សង្កាត់​​​​ឱ្យមាន​​សកម្ម​ភាព​ការងារ​តាមស្តង់​​​ដា​​អន្តរជាតិ​ ដើម្បី​​ក្លាយ​​ជា​ស្នូល​​ពិតប្រាកដនៃ​​​​ចលនា​ការពារ​ភូមិ-សង្កាត់​​មានសុវត្ថិភាព និង​​ក្លាយ​ជា​​​សេវា​សាធារណៈ ដែលនៅ​​ជាប់ជាមួយ​ប្រជា​ពល​រដ្ឋ។

ចាត់​តាំង​​ឱ្យ​​​មានកម្លាំង​​​ប្រចាំ ការ​​ជា​អចិ​ន្ត្រៃយ៍​នៅស្នាក់​​ការ​សាលា​សង្កាត់ និង​ប៉ុស្តិ៍​នគរ​បាល​​​រដ្ឋ​បាល​​ដើម្បីទំនាក់ទំនង​​​ និងទទួល​ព័ត៌​មាន​​​ពីប្រជា​ពលរដ្ឋ​​ត្រូវមាន​កិច្ច​សហប្រតិបត្តិ​ការ​​​ល្អជាមួយ​​​កង​កម្លាំង​​​មានសមត្ថ​កិច្ច​​នានា ដែល​​​បោះ​ទីតាំង​​ក្នុង​ភូមិ​-សង្កាត់​​របស់ខ្លួន និង​ពីគ្រប់​​​មជ្ឈ​ដ្ឋាន​​​ប្រជា​ពលរដ្ឋ​​ដោយមិន​ប្រកាន់​​និន្នា​ការ​​នយោ​បាយ​​ជំនឿ​​​សាសនា ជនជាតិ ​ដើម្បី​បង្កើត​​​ឱ្យ​មាន​​យន្តការ​​ផ្តល់​ព័ត៌មាន​​ជួយ​គាំទ្រ​​​ឧបត្ថម្ភ​ទៅ​វិញ​ទៅមក៕​