ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កម្ពុជា​ខក​ឱកាស​ទៅ​វគ្គ​បន្ត តែ​បាន​បំបែក​កំណត់​ត្រា​អត្ត​ព​លិ​ក​ជាតិ​នៅ​អូ​ឡាំ​ពិ​ក

5 ខែ មុន

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៣​រូប បាន​បញ្ចប់​ភារកិច្ច​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ជា​ស្ថាពរ​ ។ ហើយ​បើ​ទោះជា​មិន​អាច​ដណ្តើម​មេដាយ​ជូន​ជាតិ ប៉ុន្តែ​អ្នក​ទាំង​៣​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​អត្ត​ព​លិ​ក​កម្ពុជា​រៀមច្បង នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​កន្លង​មក​។…

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៣​រូប បាន​បញ្ចប់​ភារកិច្ច​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ជា​ស្ថាពរ​ ។ ហើយ​បើ​ទោះជា​មិន​អាច​ដណ្តើម​មេដាយ​ជូន​ជាតិ ប៉ុន្តែ​អ្នក​ទាំង​៣​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​អត្ត​ព​លិ​ក​កម្ពុជា​រៀមច្បង នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​កន្លង​មក​។

កីឡាករ​ហែល​ទឹក​កម្ពុជា កូ​សុង​ដឺ​ឡា​ប៉ា​រ៉​ង់ អង់​ត្វ័​ន ម៉ា​តាំង​ក្លូ​ដ បញ្ចប់​ទី​នៅ​ចំណាត់ថ្នាក់​ទី​៣ នៅ​ក្នុង​ក្រុម​ទី​២ ឬ Heat ទី​២ លើ​វិញ្ញាសា​ហែល​សេរី ១០០​ម៉ែត្រ ដោយ​បាន​ប្រើ​ថិរវេលា ៥២.៩៥ វិនាទី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​។ កីឡាករ​ខ្មែរ​-​បារាំង​វ័យ​១៨​ឆ្នាំ​រូប​នេះ ខកខាន​ទៅ​វគ្គ​បន្ត ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​រួម​ទី៦៧ ក្នុង​ចំណោម​កីឡាករ​សរុប​៧៩​នាក់ ហើយ​កីឡាករ​ដែល​ប្រើ​ថិរវេលា​តិច​ជាងគេ​បំផុត​១៦​នាក់ នឹង​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ វិញ្ញាសា​នេះ កីឡាករ​ចិន Pan Zhanle ឈ្នះ​មេដាយមាស កីឡាករ​អូស្ត្រាលី Kyle Chalmers ឈ្នះ​មេដាយ​ប្រាក់ និង​កីឡាករ​រូ​ម៉ា​នី David Popovici ឈ្នះ​មេដាយ​សំរឹទ្ធ​។

កីឡាករ អង់​ត្វ័​ន ដែល​ប្រើ​ថិរវេលា ៥២.៩៥ វិនាទី នៅ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ បាន​បំបែក​កំណត់​ត្រា​របស់​កីឡាករ​ខ្មែរ​-​អា​មេ​រិ​ក ពូ សុវិជ្ជា ដែល​បញ្ចប់​នៅ​ក្នុង​ថិរវេលា ៥៤.៥៥ វិនាទី នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ​២០១៦​។

ងាក​ទៅ​កីឡាការិនី​ហែល​ទឹក​កម្ពុជា សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី ៦ នៅ​ក្នុង​ក្រុម​ទី​៦ ឬ Heat ទី​៦ លើ​វិញ្ញាសា​ហែល​សេរី ៥០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា ២៦.៩០ វិនាទី កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤​។ តាម​រយៈ​លទ្ធផល​នេះ កីឡាការិនី​ខ្មែរ​-​អា​មេ​រិ​ក​វ័យ​២៣​ឆ្នាំ​រូប​នេះ ខកខាន​ទៅ​វគ្គ​បន្ត ដោយ​ជាប់​ចំណាត់ថ្នាក់​រួម​ទី ៣៨ ក្នុង​ចំណោម​កីឡាការិនី​សរុប​៧៩​នាក់​។ កីឡាការិនីរ​ប្រើ​ថិរវេលា​តិច​ជាងគេ​បំផុត​១៦​នាក់ នឹង​បន្ត​ឡើង​ទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ វិញ្ញាសា​នេះ កីឡាការិនី​ស៊ុ​យ​អែ​ត Sarah Sjostrom ឈ្នះ​មេដាយមាស កីឡាការិនី​អូស្ត្រាលី Meg Harris ឈ្នះ​មេដាយ​ប្រាក់ និង​កីឡាការិនី​ចិន Zhang Yufei ឈ្នះ​មេដាយ​សំរឹទ្ធ​។

កីឡាការិនី អប្សរា ដែល​ប្រើ​ថិរវេលា ២៦.៩០ វិនាទី នៅ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ បាន​បំបែក​កំណត់​ត្រា​របស់​កីឡាការិនី​កម្ពុជា ហែម ថុ​ន​វិ​ទិ​នី ដែល​បញ្ចប់​នៅ​ក្នុង​ថិរវេលា ៣០.៤៤ វិនាទី នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ឆ្នាំ​២០១២​។

ដោយឡែក កីឡាករ​រត់ប្រណាំង​កម្ពុជា ឈុ​ន ប៊ុ​ន​ថន បាន​បញ្ចប់​ទី​នៅ​ចំណាត់ថ្នាក់​ទី​៩ នៅ​ក្នុង​ក្រុម​ទី ៥ ឬ Heat ទី​៥ វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា ១:៥៣.៣១ កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤​។ បើ​ទោះជា​មិន​អាច​បញ្ចប់​នៅ​ក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត​ទាំង​៣​រូប​ក្នុង Heat យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ នៅ​ឱកាស​ប្រកួត​លើក​ទី​២ ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា «Repechage»​។ មាន​ន័យ​ថា កីឡាករ​មិន​ជាប់​ចំណាត់ថ្នាក់​ល្អ​បំផុត​ទាំង​៣​រូប​ចេញពី Heat ទាំង ៦ ដែល​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់ នឹង​ប្រកួត Repechage ដើម្បី​ដណ្តើម​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់​។

ការ​ប្រកួត Repechage ប៊ុ​ន​ថន ស្ថិត​ក្នុង Heat ទី​១ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​៨ ក្នុង​ចំណោម​កីឡាករ​៩​នាក់ ដោយ​បាន​ប្រើ​ថិរវេលា ១:៥៣.៤២ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៤ ដោយ​ខក​ឱកាស​ទៅ​វគ្គ​បន្ត​។ ប៉ុន្តែ​ទោះ​យ៉ាងណា កីឡាករ ឈុ​ន ប៊ុ​ន​ថន បាន​បំបែក​កំណត់​ត្រា​របស់​កីឡាករ​កម្ពុជា គៀង សា​ម៉​ន ដែល​បញ្ចប់​នៅ​ក្នុង​ថិរវេលា ១:៥៥.២៦ នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវ​ក្តៅ​ក្រុង​ឡុ​ង​ដ៍ ឆ្នាំ​២០១២​។

គួរ​បញ្ជាក់​ថា កម្ពុជា​ពុំ​មាន​អត្ត​ព​លិ​ក​ណា​ម្នាក់​ជាប់​វគ្គ​ជម្រុះ​នោះ​ទេ ប៉ុន្តែ​ទទួល​បាន​សិទ្ធ​អនុគ្រោះ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​៣​រូប លើ​កីឡាអត្តពលកម្ម​១​រូប និង​ហែល​ទឹក​២​រូប ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤៕ (​រូបភាព ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក Khmer Swimming Federation, Olympic Cambodia និង Paris 2024)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ