ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តរតនគិរី​ភូមិភាគ​ឦសាន​ពេញ​ទៅ​ដោយ​ភ្នំ​តូច ​ភ្នំ​ធំ​

4 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ មាន​ក្រុង​-​ស្រុក​ចំនួន​៩​រួម​មាន ក្រុង​បានលុង ស្រុក​កូន​មុំ ស្រុក​អូរ​ជុំ ស្រុក​វើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្តូង​មាស…

ខេត្តរតនគិរី ៖ ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ មាន​ក្រុង​-​ស្រុក​ចំនួន​៩​រួម​មាន ក្រុង​បានលុង ស្រុក​កូន​មុំ ស្រុក​អូរ​ជុំ ស្រុក​វើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្តូង​មាស ស្រុក​បរ​កែវ ស្រុក​អូរយ៉ា​ដាវ និង​ស្រុក​លំ​ផាត់ ។

​ខេត្តរតនគិរី​មាន​ផ្ទៃដី​ទំហំ១០៧៨២​គីឡូម៉ែត្រការ៉េ គឺជា​តំបន់​សម្បូរ​ទៅ​ដោយ​រតនសម្បត្តិធម្មជាតិ​ប្រកបដោយ​ភាព​ស្រស់បំព្រង ហើយ​ក៏ជា​ភូមិកំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​អំបូរ​ដូច​ជា ទំពួន ចា​រ៉ា​យ គ្រឹ​ង ព្រៅ កា​វ៉ែតកាចក់ ព្នង​(​ពូន​ង​) និង​ជនជាតិ​លន់ ។អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ អាច​ទៅ​ទស្សនា​និង​ស្វែង​យល់​ដោយ​ផ្ទាល់​ក៏​បាន​នូវ​ទំនៀមទម្លាប់​ប្រពៃណី និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​អំបូរ​នៃ​ជនជាតិ​ដើម​ភាគតិច​រៀង​ៗ​ខ្លួន ។

ក្រុង​បាន​លុង ៖ ជា​ទីរួមខេត្ត ស្ថិត​នៅ​លើតំបន់​ខ្ពង់រាប មាន​ទឹកធ្លាក់ និង​បឹង​ធម្មជាតិ ដែលក្លា​យមក​ពី​ប​ន្ទុះ​ភ្នំភ្លើង ដែល​កន្លង​មក​ច្រើន​សតវត្សរ៍​មក​ហើយ មាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជ្រលង​ភ្នំ និង​ភ្នំ​ជា​ច្រើន​ដូច​ជា ៖

នៅ​ស្រុក​កូន​មុំ ៖ មាន​ភ្នំ​ជា​ច្រើន​ដូច​ជា ភ្នំ​កូន​មុំ ភ្នំ​ពេទ្យសត្វ ភ្នំ​ទន្សោង ភ្នំ​តាង​រាង ភ្នំ​ទឹក​ចេញ ភ្នំស្រួច និង​ភ្នំ​ថ្ម​គ្រែ ។​

ពេល​យើង​ឆ្លង​ផុត​ពី​ទឹកដី​នៃ​ស្រុក​កូន​មុំ​ចូល​ដល់​ទឹកដី​នៃ​ក្រុង​បាន​លុង មុន​ដំបូង​យើង​នឹង​ឃើញ​នៅ​ចំពោះ​មុខ​ចំ​កណ្តាលផ្លូវ​តែ​ម្តង គឺ​ភ្នំ​ស្វាយ ដែល​ជា​រមណីយដ្ឋាន​ឥសី​ប​តមៈ ។ នៅលើ​កំពូលភ្នំ មាន​ព្រះពុទ្ធ​បដិមា​មួយ​ព្រះ​អង្គ​យ៉ាង​ធំ ដែល​ទើបនឹង​សាងសង់​ឡើង​ថ្មី​ៗ ។ ក្រៅពី​នេះ មាន ភ្នំ​បេង ក្នុង​សង្កាត់​កាចា​ញ ភ្នំ​យក្ស​ឡោម និង​ភ្នំ​យោល ក្នុង​សង្កាត់​យក្ខ​ឡោម ។

នៅ​ស្រុក​អូរ​ជុំ ៖ មាន​ភ្នំ​កាច់ចង្កេះ និង​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត ។

នៅ​ស្រុក​វើ​ន​សៃ ៖ មាន​ភ្នំ​អូរ​តាង ក្នុង​ឃុំ​កា​ចូ​ន ភ្នំ​វែង ក្នុង​ឃុំ​ប៉ាកកា​ឡាន់ និង​មាន​ភ្នំ​ជា​ច្រើន​ទៀត ដែល​មិន​បាន​ស្គាល់ឈ្មោះ​អស់​នៅឡើយ សូ​ម្បី​តែ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ក្ដី​មិន​បាន​ស្គាល់​អស់​ទេ ។នៅ​ស្រុក​តា​វែង មាន​ភ្នំ​តា​វែង ភ្នំ​តា​យ៉ាក ភ្នំ​យ៉ាក​គ្រាក់ និង​ភ្នំ​ជា​ច្រើន​ទៀត​នៅ​ឧទ្យាន​វីរ​ជ័យ ។

នៅ​ស្រុក​អណ្តូង​មាស ៖ មាន​ភ្នំ​វាល​ទោង ហៅ​ភ្នំ​ញ៉ា​ង ក្នុង​ឃុំ​ញ៉ា​ង ភ្នំ​ងោក ភ្នំ​ជិ និង​ភ្នំ​អូរ​តា​ងី​នៅ​ក្នុង​ឃុំ​ម៉ា​លិ​ក ភ្នំ​អូរ​តា​យ៉ាក ក្នុង​ឃុំ​តា​ឡាវ និង​ភ្នំ​ជា​ច្រើន​ទៀត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ដែល​មិន​ស្គាល់ឈ្មោះ​ព្រោះ​ខេត្ត​គ្មាន​ការ​ស្រាវជ្រាវ ។នៅ​ស្រុក​បរ​កែវ មាន​ភ្នំ​ដាង ជា​តំបន់​ភ្នំ​ដែល​សម្បូរ​ទៅ​ដោយ​ត្បូង​មាន​តម្លៃ ។

ស្រុក​អូ​រយ៉ា​ដាវ ៖ មាន​ភ្នំ​ព្រៀង និង​ភ្នំ​បឿ​ក​ក្នុង​ឃុំ​យ៉ា​ទុង ភ្នំ​ក្រហម ក្នុង​ឃុំ​ប៉ក់​ញ៉ៃ និង​នៅ​ស្រុក​លំ​ផាត់​មាន ភ្នំ​កូន​សេក​ជាដើម ដែល​អ្នក​ធ្វើ​ដំណើរ​តែង​ឆ្លងកាត់​តាម​ភ្នំ​នោះ ។

នៅ​ខេត្តរតនគិរី​នេះ ៖ តាម​ស្រុក​នីមួយ​ៗក្រៅពី​ឈ្នោះ​ភ្នំ​ដែល​បាន​រៀបរាប់​ខាងលើ ក៏​នៅ​មាន​ភ្នំ​តូច​ធំ​ជា​ច្រើន​ទៀត ស្ថិត​នៅ​តំបន់​ឆ្ងាយ​ៗ​ដាច់​ស្រយាល​មិន​អាច​រៀបរាប់​បាន​អស់នោះ​ឡើយ គឺ​ពេញ​ទៅ​ដោយ​ភ្នំ ។

ភ្នំ​ឥសី​ប​តមៈ បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​មិន​ចេះ​ដាច់ ដោយសារ​នៅ​ទីនោះ​មាន​សម្រស់​ធម្មជាតិ​ខៀវស្រងាត់ អាកាស​ធាតុ​ត្រជាក់ ខ្យល់​បរិសុទ្ធ និង​ជាទី​គោរព​សក្ការៈ​ដ៏​ស័ក្តិសិទ្ធិ​ផង​ដែរ ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​និយាយ​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កែ​ច្នៃ និង​អភិ​វឌ្ឍន៍​ហេ​ដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នោះ រួម​មានកសាង​ព្រះពុទ្ធ​បដិមា​អង្គ​ធំ មាន​ផ្លូវ​ឡើង មាន​រៀបចំ​ទីធ្លា​សម្រាប់​សម្រាក​កម្សាន្ត ។ តំបន់​ធម្មជាតិ​មួយ​នេះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ។មន្ត្រី​ដដែល​បន្ត​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ឡើង​ទៅ​លំហែ​អារម្មណ៍​និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ គយគន់​ទិដ្ឋភាព​ក្រុង​សមុទ្រ​កសិកម្ម​ចម្រុះ​ពី​កំពូលភ្នំ​ជា​រៀង​រាល់​ល្ងាច ។

ជាក់ស្តែង មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ជា​ច្រើន ធ្វើ​ដំណើរ​ឡើង​ទៅ​កម្សាន្ត​នៅ​លើ​ភ្នំ​នោះ ហើយ​តែងតែ​ប្រណិប័តន៍ និង​គោរព​បូជា​វត្ថុ​ដ៏​ស័ក្តិ​សិទ្ធ​នៅ​ទីនោះ ។តំបន់​នេះ​ជា​តំបន់​ភ្នំ​ខ្ពស់ ហើយ​នៅ​ជិត​កណ្ដាល​ទីក្រុង​តែ​ម្ដង ។ ជា​រៀង​រាល់ពេល​ថ្ងៃ​លិច ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ តែង​ឡើង​ទៅ​ទស្សនា​ថ្ងៃ​អស្ដង្គតក៏​ដូច​ជា​ហាត់ប្រាណ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៅ​លើ​កំពូលភ្នំ​ភ្នំ​ឥសី​ប​តមៈ ។

ម្យ៉ាងទៀត ក៏​ជា​កន្លែង​ដែល​យើង​គយគន់​ទេសភាព​លំហ​អាកាស​នា​ពេល​រាត្រី​ផង​ដែរ ។ ចំណែក​នៅ​ពេល​ព្រឹក គឺ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​មើល​ទស្សនា​ពពក​ដែល​រសាត់​តាម​ចង្កេះភ្នំ ។

តំបន់​ទេសចរណ៍​មួយទៀត គឺ​ភ្នំ​វាល​ធំ នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ មន្ត្រី​នៃ​ការិយាល័យ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ បានឲ្យ​ដឹង​ថា ភ្នំ​វាល​ធំ ជា​តំបន់​មាន​វាលស្មៅ​ខៀវស្រងាត់ បង្កើត​ជា​ទេសភាព​ស្រស់​ស្អាត​នៅ​តាមជួរ​ជ្រលង​ភ្នំ ព្រមទាំង​មាន​បរិយាកាស​ស្រស់ស្រាយ​និង​ត្រជាក់ មិន​ចាញ់​ខេត្តមណ្ឌលគិរី​ឡើយ ជា​ពិសេស​ជា​កន្លែង​ទេសចរណ៍​បែប​ផ្សងព្រេង ។


ភ្ញៀវ​ទេសចរ​អាច​ឡើង​ទៅ​លេង​លើ​ភ្នំ​វាល​ធំ​បាន ដោយ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​ប្រហែល​៦​ម៉ោង ឬ​ការ​ជិះ​ម៉ូតូ​កែ​ច្នៃ ហើយ​អាច​បោះជំរំ សម្រាកលំហែ​នៅ​ទីនោះ​បាន ។ ពួក​គាត់​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍ ស្តាប់​សំឡេង​សត្វ​ព្រៃតូច​ធំ និង​បានឃើញ​សត្វព្រៃ​ដូច​ជា ឈ្លូស ក្តាន់ ប្រើស និង​សត្វព្រៃ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ឧទ្យាន​នេះ​ដែរ ។

ទោះបីជា​បែប​ណា បើសិនជា​នៅ​រដូវវស្សា​គឺ​មាន​ការ​ពិបាក​ក្នុង​ការ​ឡើង ប៉ុន្តែ​សម្រាប់​ជនបរទេស ពួក​គេ​ចូល​ចិត្ត​ឡើង​លើ​ភ្នំ​នៅ​ខែវស្សា ។នៅ​ទីនោះ​មាន​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន គឺ​ជ្រោះ​ក៏​មាន ភ្នំ​ក៏​មាន ហើយ​សត្វព្រៃ​ក៏​មាន គេ​អាច​ឮ​សំឡេង​សត្វ​ទោច​យំ​ផង​ដែរ ។

មន្ត្រី​ដដែល​បន្ត​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរចង់ទៅ​លេង​កម្សាន្ត ឬ​បោះ​តង់​សម្រាកលំហែ​នៅក្នុង​ឧទ្យាន​នេះ គឺ​សូម​ទាក់ទង​មក​ការិយាល័យ អេកូ​ទេសចរណ៍ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តជា​មុន​សិន ព្រោះ​កន្លែង​ទេសចរណ៍​នេះ ជា​តំបន់​គ្រប់គ្រង​ដោយ​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ពោល​គឺជា​កន្លែង​ដែល​មានការ​អភិរក្ស​យ៉ាង​មុតមាំ ក្នុង​ការ​ការពារ​ព្រៃឈើ និង​ដែនជម្រកសត្វព្រៃ ហើយ​បាន​ចុះបញ្ជី​ជា​តំបន់​ការពារ​បេ​តិក​ភ័​ណ្ឌ​របស់​អាស៊ា​ន​ទៀត​ផង ។

សូម​បញ្ជាក់​ថា តំបន់​ទេសចរណ៍​ភ្នំ​វាល​ធំ ស្ថិត​ក្នុង​ឃុំ​កោះ​ប៉ង ស្រុក​វើ​ន​សៃ និង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ជា​ជម្រក​នៃសម្រស់​ធម្មជាតិ​យ៉ាង​សំខាន់​សម្រាប់​សត្វ​ស្លាប២០០​ប្រភេទ ថនិកសត្វ​១៥​ប្រភេទ សត្វ​ល្មូ​ន៣៥​ប្រភេទ មច្ឆា​៣៧​ប្រភេទ កណ្តូប​១៩​ប្រភេទនិង​ប្រភេទ​សត្វ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ