រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់អាជីវករលក់ខ្ញីមួយកន្លែង ដោយលួចយកបានលុយ៥លានរៀល និងគ្រឿងអលង្ការមាស និងប្លាទីនមួយចំនួនរួចយកទៅលក់ឱ្យអាជីករទិញ-លក់មាសនៅក្នុងផ្សារចំបក់ ស្ថិតនៅក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចគេចខ្លួនបាត់ ។
លុះថ្ងៃបន្ទាប់បានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះជាងជួសជុលរថយន្តមួយកន្លែងទៀត ប៉ុន្តែអស់លក្ខណ៍ត្រូវបានម្ចាស់ឃើញទាន់ ម្ចាស់បានស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចាប់ខ្លួនបានម្នាក់ រួចប្រគល់ឲ្យនគរបាលធ្វើការសាកសួរទើបឈានដល់ការចាប់ខ្លួនបក្សពួក២នាក់ទៀត ជាបន្តបន្ទាប់តែម្ដង ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទីព្រឹក (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) នៅត្រង់ចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នោះ ១/ឈ្មោះ សំរ៉ុង មឿន ហៅឡូតូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀ.ន) ឃាត់ខ្លួននៅវេលាម៉ោង២០និង៣០នាទីយប់ ។ ២/ឈ្មោះ គី កាមុត ហៅហម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានសារធាតុញៀ.ន ឃាត់ខ្លួននៅវេលាម៉ោង១២និង៥០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។ ៣/ឈ្មោះ នុន សំនៀង ហៅនាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួន នៅវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។
ជនសង្ស័យខាងលើមានទីលំនៅ ភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ ខៀវ រតនៈ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងប្តីឈ្មោះ នៅ សុខជាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់បន្លែ នៅផ្សារបន្លែងកួរស្រូវមានទីលំនៅផ្ទះកើតហេតុខាងលើ ។ បានបាត់បង់កាបូបស្ពាយចំនួន២ ដែលក្នុងនោះមានខ្សែកប្លាទីន១ខ្សែ ,ចិញ្ចៀនមាស១វង់, និងប្រាក់ចំនួន៥,០០០,០០០រៀល(ប្រាំលានរៀល) ។
នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៤និង០០នាទីជិតភ្លឺ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធបានធ្វើដំណើរចេញពីផ្ទះជួលខាងលើ ទៅលក់ខ្ញីនៅផ្សារបន្លែកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស នោះដែរ ដោយបានឱ្យកូនប្រុសម្នាក់ឈ្មោះ ចេង ម៉េងជីង អាយុ១៣ឆ្នាំ នៅចាំផ្ទះតែម្នាក់ឯង ។ ខណៈនោះក្រុមជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិខាងលើ ដែលជនរងគ្រោះទុកនៅក្នុងកាបូបស្ពាយចំនួន២ នៅក្នុងបន្ទប់ឡៅតឿក្នុងផ្ទះជួលនោះ ហើយមិនដឹងថា កូនប្រុសរបស់ពួកគាត់ដែលនៅចាំផ្ទះនោះរវល់ធ្វើអ្វីទេ ទើបមិនបានដឹងថា ជនសង្ស័យចូលទៅលួចទ្រព្យសម្បត្តិដូច្នេះ ។
នគរបាលបានប្រាប់ថា ក្រោយពេលលួចបានក្រុមជនសង្ស័យបានគេចខ្លួនបាត់ លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃខែឆ្នាំដដែល ប្ដីប្រពន្ធជនរងគ្រោះទាំង២ត្រឡប់ទៅដល់ផ្ទះវិញ ហើយបានឡើងទៅបន្ទប់ឡៅតឿ ដើម្បីយកលុយទូទាត់ថ្លៃអីវាន់គេ ស្រាប់តែបាត់អស់គ្មានសល់ ក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។
ក្រោយទទួលបានបណ្ដឹងជនរងគ្រោះ នគរបាលក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ និងឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយបានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ បានដើរចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នោះ ។
នគរបាលខាងលើបានប្រាប់បន្ថែមទៀតថា នគរបាលក៏បានធ្វើការស្រាវជ្រាវជ្រាវ ប៉ុន្តែពុំទាន់រកឃើញជនសង្ស័យភ្លាមៗនោះឡើយ ស្រាប់តែនៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨យប់ ។ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយកន្លែងទៀត ផ្លូវបេតុង ស្ថិតនៅភូមិក្រាំពង្រ សង្កាត់ក្រពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដែលម្ចាស់ផ្ទះឈ្មោះ ហុន ទីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ហើយខណៈកំពុងធ្វើសកម្មភាពរើកកាយសម្ភារៈក្នុងទូ ស្ថិតនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ដើម្បីរកទ្រព្យសម្បត្តិមានតម្លៃ ក៏ត្រូវបានម្ចាស់ផ្ទះរូបនេះឃើញទាន់ ។
នគរបាលដដែលបានបញ្ជាក់ថា ពេលនោះម្ចាស់ផ្ទះស្រែកឆោឡោថា ចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ចំណែកជនសង្ស័យក៏បានស្ទុះរត់ចេញទៅក្រៅ តាមទ្វារក្រោយ តែរត់មិនរួចក៏ត្រូវអ្នកភូមិធ្វើការឡោមព័ទ្ធអចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ សំរ៉ុង មឿន ហៅឡូតូ ។ បន្ទាប់មកបានវាយទាត់ធាក់បណ្ដាលឲ្យរងរបួស រួចទើបប្រគល់ឱ្យនគរបាលប៉ុស្តិ៍ក្រាំងពង្រនាំទៅសាកសួរ ហើយក្រោយទទួលបានចម្លើយសារភាពពីជននោះហើយ នគរបាលប៉ុស្តិ៍នេះ និងនគរបាលខណ្ឌដង្កោ បានបន្តទៅចាប់ខ្លួនជនសង្ស័យដែលជាបក្សពួក២នាក់ទៀតជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ