ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ពន្យល់មូលហេតុពីការសាងសង់ព្រែក ជីក ហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ដោយ​ពន្យល់​ថា ដើម្បី​ជួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ការ​សាងសង់​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ ពុំ​មែន​ពឹងផ្អែក​លើ​លុយ​ចិន​ទាំងស្រុង​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ដោយ​ពន្យល់​ថា ដើម្បី​ជួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ការ​សាងសង់​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ ពុំ​មែន​ពឹងផ្អែក​លើ​លុយ​ចិន​ទាំងស្រុង​ឡើយ ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤ បាន​អះអាង​ថា កម្ពុជា​ពុំ​បាន​បោះបង់​មិត្ត​ណាមួយ​ចោល​ឡើយ ! ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត គឺ​សម្បូរ​បែប ដូច​ជា ផ្កា​ចម្រុះ​ពណ៌ ។ យើង​រកស៊ី​ជាមួយ​ប្រទេស​ជា​ច្រើន​លើ​សកលលោក ហើយ​ក៏​មាន​ប្រទេស​ជា​ច្រើន​បាន​ជួយ​ដល់​កម្ពុជា តែ​មិត្ត​ចិន​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​បំពេញបន្ថែម​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ ដែល​ពុំ​មាន​អ្នក​ណា​មក​ជួយ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ ការ​លើក​ឡើង​ថា ព្រែកជីក​នេះ​បាន​បម្រើ​ឲ្យ​នាវា យោធា​របស់​ចិន វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​របស់​អ្នក​ដែល​ច្រណែន​នឹង​កម្ពុជា​តែ​ប៉ុណ្ណោះ ។ កុំ​បារម្ភ​នឹង​កម្ពុជា ! កម្ពុជា​ចេះ​គិត​ហើយ ! កម្ពុជា​ពេល​នេះ​ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង !» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​អះអាង​ថា ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺជា​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​បោះ​ឆ្នោត តាម​បែប​ប្រជាធិបតេយ្យ​ដូច​អា​មេ​រិ​ក ដែល George W. Bush កូន​របស់​លោក George Bush ដែរ ! »​។ សម្តេច​តេ​ជោ បាន​បន្ថែម​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ! របប​ប៉ុ​ល​ពត ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ស​ម្លា​.​ប់​ប្រជាជន​ជិត​៣​លាន​នាក់ ក្នុង​នោះ​មាន​បញ្ញា​ជន​ជា​ច្រើន ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់ និង​មាន​ប្រទេស​ប៊ុល​ហ្គា​រី ជា​សាក្សី​ស្រាប់ ដែល​បាន​មក​ឃើញ និង​ជួយ​កម្ពុ​ជានា​ឆ្នាំ​១៩៧៩ នា ទ​.​វ ៨០ និង ៩០ ។

រីឯ​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស​រួម​ទាំង​ប្រទេស​ចិន គឺជា​កម្ចី​សម្រាប់​យក​មក​កសាង​ប្រទេស​ដូច​ជា ផ្លូវ​ស្ពាន​ជា​ច្រើន​និយាយ​រួម គឺ​ចំណាយ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ពុំ​មែន​យក​មក​សម្រាប់​ចំណាយ​ចរន្ត​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​បន្ថែម​ថា ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ PAS និង PPAP កាន់កាប់​ភាគហ៊ុន ៥១% និង OCIC ៤៩% នៅ​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ !​។ ការ​វិនិយោគ​របស់​កំពង់​ផែ​ទាំង​ពីរ​នឹង​គ្របដណ្តប់​លើ ២១Km ហើយ​វា​ជា​លើក​ដំបូង​នៃ​ការ​សាងសង់ និង​មាន​គោលដៅ​សម្រាប់​ប្រតិបត្តិការ​ផ្លូវទឹក ស្រប​ពេល​ដែល ៤៩%​ទៀត នឹង​គ្រប់គ្រង​ដោយ OCIC ។ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ (PPAP) នឹង​រួម​គ្នា​កាន់កាប់​ភាគហ៊ុន​ចំនួន​៥១% នៅ​ក្នុង Funan Techo Inland Waterways and Logistics Co.Ltd មាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​មាន​តម្លៃ​១,៧​ពាន់​លាន​$ ។

ព្រែកជីក​នេះ​មាន​ប្រវែង​១៨០Km ចាប់ពី​ខេត្តកណ្តាល​ដល់​ខេត្ត​កែប ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា យោង​តាម​ឯកសារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅ​ថ្ងៃនេះ ការ​វិនិយោគ​របស់​កំពង់​ផែ​ទាំង​ពីរ​នឹង​គ្របដណ្តប់​លើ​ព្រែកជីក​ក្នុង​ប្រវែង ២១Km​ដំបូង ។ ពួក​គេ​ក៏​នឹង​រួម​គ្នា​ធ្វើការ​តាម​ផ្លូវទឹក​ផង​ដែរ ។ PAS ដែល​នឹង​កាន់កាប់ ២៦% នៅ​ក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយ​ថា ប្រតិបត្តិការ​នៃ​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ជួយ​ពង្រីក​សមត្ថភាព​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ដែនសមុទ្រ ។ ដូច​គ្នា​នេះ​ដែរ PPAP ដែល​មាន​ភាគហ៊ុន ២៥% បាន​និយាយ​ថា ប្រតិបត្តិការ​របស់​ពួក​គេ​នឹង​ពង្រីក​ផ្លូវ​ដឹក​ជញ្ជូន​ពី​ទីតាំង​របស់​ខ្លួន​ទៅ​« កំពង់​ផែ​សមុទ្រ​ក្នុងស្រុក និង​គោលដៅ​អន្តរជាតិ » ។

ការ​រួម ភាគហ៊ុន​នេះ គឺ​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដល់​ពួក​គេ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៥ សីហា ២០២៤ ។ « PAS មាន​សេចក្តី​សោមនស្ស​រីករាយ និង​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ជឿជាក់​លើ​ពួក​យើង ហើយ​ពួក​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ឱកាស​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ក្នុង​វឌ្ឍនភាព​របស់​កម្ពុជា » នេះ​ជា​ការ​លើក​ឡើង​របស់ PAS ។

ទន្ទឹម​នេះ ភាគ ហ៊ុន ដែល​នៅ​សល់​ស្មើនឹង​៤៩% នឹង​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ។ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​ដំបូង​ឡើយ កម្ពុជា​រំពឹង​ថា ការ​វិនិយោគ​របស់​ចិន​នឹង​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​គម្រោង​ព្រែកជីក​នេះ ដោយ​ផ្អែក​លើ​គម្រូ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ ។

យ៉ាងណាមិញ អវត្តមាន​នៃ​ការ​វិនិយោគ​ពី​បរទេស​មាន​ន័យ​ថា ការ​បណ្តាក់ទុន​ពី​ក្នុងស្រុក​នឹង កើត​មាន​ឡើង​តាម​រយៈ​ភាព​ជា​ដៃគូ​ទាំង​សាធារណៈ និង​ឯកជន ។ ការ​កាន់កាប់​ភាគហ៊ុន ដោយ​កំពង់​ផែ​កម្ពុជា និង​ក្រុមហ៊ុន OCIC នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ តំណាង​ឱ្យ​ការ​អភិវឌ្ឍ​ពេញលេញ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ