ប្រទេសបារាំង ៖ ក្រៅពីជាផ្នែកមួយ នៃការរត់ភ្លើងគប់ដំណាក់កាលចុងក្រោយ មុនពិធីបើកកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ហើយនោះ។ ស្រាប់តែលេចចេញពាក្យចចាមអារ៉ាមត្រូវបានចេញផ្សាយដោយសារព័ត៌មានធំៗ នៅជុំវិញពិភពលោក ដែលបានអះអាងថា តារារ៉េបដ៏ល្បីលំដាប់ពិភពលោក Snoop Dogg ទទួលបានកម្រៃជើងសារដ៏ច្រើនលើសលប់ តាមរយៈការងារផ្សព្វផ្សាយនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ។
បើតាមប្រភពពីសារព័ត៌មាន New York Post, Marca និង LADbible កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ តារារ៉េបដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក Snoop Dogg ទទួលបានកម្រៃរហូតដល់៥០ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ នៅក្នុងនាមជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់ទូរទស្សន៍សហរដ្ឋអាមេរិក NBC និងក្រុមហ៊ុន Peacock (Streaming Service) ដែលជាសេវាកម្មឡាយស្ទ្រីមវីដេអូដ៏ល្បីរបស់សហរដ្ឋអាមេរិក។
តារាចម្រៀងរ៉េបជើងចាស់អាមេរិកវ័យ៥២ឆ្នាំរូបនេះ កំពុងតែដើរតួ ក៏ដូចជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្សព្វផ្សាយអំពីការប្រកួតរបស់អត្តពលិកអាមេរិក ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ NBC។ ជាក់ស្តែង លោកក៏បានលេចវត្តមានទស្សនាព្រឹត្តិការណ៍មួយចំនួនដូចជា កីឡាកាយសម្ព័ន្ធនារី កីឡាជិះសេះ និងបាល់ទះឆ្នេរខ្សាច់ផងដែរ ដែលបានបង្ហាញវត្តមានជាមួយនឹងការស្លៀកពាក់តុបតែងខ្លួនប្លែកៗទាក់ទាញខ្លាំង។
បើតាមប្រភពពី New York Post និង Marca ក៏បានរាយការណ៍ថា បើតាមលោក Henry McNamara អ្នកវិនិយោគអាមេរិកដ៏ឆ្នើម១រូប បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា «នៅពេលខ្ញុំអង្គុយជិតនាយកទូរទស្សន៍ NBC អំឡុងអាហារពេលល្ងាច គាត់បាននិយាយថា Snoop Dogg ទទួលបានប្រាក់ថ្លៃនឿយហត់ចំនួន៥០ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ រួមនឹងការចំណាយលើការធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីផ្សព្វផ្សាយអំពីកីឡាអូឡាំពិក»។
ជាមួយគ្នានោះ លោក Darren Rovell អ្នករាយការណ៍ព័ត៌មានអាជីវកម្មកីឡា មានបង្ហាញគំនិតស្រដៀងគ្នា តាមរយៈការឆ្លើយតបទៅនឹងលោក Henry McNamara នៅលើបណ្តាញសង្គម X ថា «ស្តាប់ទៅត្រឹមត្រូវណាស់។ ដោយនឹងមានអ្នកសួរខ្ញុំថា តើ Snoop រកបានចំណូលប៉ុន្មាន? ហើយតួលេខដំបូងដែលគិតប្រហែលជា១០លានដុល្លារអាមេរិក»។
ជាក់ស្តែង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ មានការប្រកួតរយៈពេល១៦ថ្ងៃ ដែលមានន័យថា Snoop Dogg នឹងអាចរកកកម្រៃបានរហូតដល់៨លានដុល្លារអាមេរិក។ ហើយនោះមិនទាន់រាប់បញ្ចូលថ្ងៃបន្ថែម ដែលត្រូវបានចំណាយផ្សេងៗទៀត អំឡុងពេលវត្តមានតារារ៉េបចាស់វស្សារូបនេះ ស្ថិតនៅក្នុងទីក្រុងប៉ារីស សម្រាប់ការងារមុន ឬក្រោយការផលិត៕
ចែករំលែកព័តមាននេះ