នៅពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយដែលជាគោលនយោបាយសំខាន់ដោយប្រើប្រាស់ប្រជាជន ដើម្បីការពារដីធ្លី ជាពិសេស គឺការពារការទប់ស្កាត់ការទន្ទ្រានដីធ្លី ហើយនៅក្នុងនោះគោលដៅសំខាន់នៃគោលនយោបាយនេះ គឺសំដៅកំណើតគោលដៅ ទៅភូមិភាគឥសាន្ត និងទិសដៅសំខាន់ៗមួយចំនួនទៀត ។ នេះ គឺជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី បានប្រកាសនៅចំពោះមុខនិស្សិត និងអ្នកចូលរួមនៅក្នុងកម្មវិធីចែកសញ្ញាប័ត្រថា «យើងបានរៀបចំផែនការនេះហើយ ។ កិច្ចការងារនឹងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្ទ្រានដីព្រៃ ក៏ដូចជា បញ្ហាប្រជាភិថុតពាក់ព័ន្ធនឹងការអត់ដី »។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា ការដាក់គោលនយោបាយនេះ គឺជាយុទ្ធវិធីព្រួញមួយអាចបា.ញ់សត្វបានពីរ ហើយគោលនយោបាយនេះនឹងលុបបំបាត់នូវការព្រួយបារម្ភអំពីការបាត់បង់ទឹកដីរបស់កម្ពុជា ។
សម្តេចធិបតីមិនបានលំអិតអំពីគម្រោងនេះបន្ថែមទៀត ដោយគ្រាន់តែលើកឡើងថា គោលនយោបាយនេះនឹងផ្សព្វផ្សាយនៅពេលខាងមុខដ៏ខ្លី ។ ការប្រកាសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីអំពីគោលនយោបាយគ្រប់គ្រងដីជាតិនាពេលខាងមុខនេះ ជាពេលវេលាសំខាន់សម្រាប់កម្ពុជា ។ នៅពេលនេះ រាល់គំនិតផ្តួចផ្តើមដែលមានគោលបំណងដោះស្រាយបញ្ហាសំខាន់ៗដូចជា ការទន្ទ្រានយកដី ការកាប់បំផ្លាញព្រៃឈើ និងបញ្ហាដែលគ្មានដីដែលកំពុងតែចោទ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ទូលំទូលាយមួយរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព ។
ការលើកឡើងបែបនេះ គឺជាការបង្ហាញនូវជំហរដ៏សកម្មរបស់រាជរដ្ឋាភិបាលនៅក្នុងការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទាញយកបញ្ហាដីធ្លី ដើម្បីប្រើប្រាស់ និងកែច្នៃដើម្បីជំរុញ និងធានានូវកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយជាតិមួយ ។ មូលដ្ឋានគ្រឹះនៃគោលនយោបាយដែលផ្តោតទៅលើតំបន់ភូមិភាគឦសាន និងតំបន់សំខាន់ៗផ្សេងទៀតដែលជាតំបន់ដែលបានប្រឈមមុខនឹងបញ្ហាសំខាន់ៗជាប្រវត្តិសាស្ត្រគឺពិតជាចាំបាច់បំផុតរបស់កម្ពុជានៅក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ពលរដ្ឋ ។
តាមរយៈការផ្តល់អាទិភាពដល់តំបន់ទាំងនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងថា រាជរដ្ឋាភិបាលទទួលស្គាល់នូវតម្រូវការបន្ទាន់ ក្នុងការដោះស្រាយវិសមភាព និងការរិចរិលបរិស្ថានដែលបានកំពុងតែញាំញីនៅក្នុងសង្គម ។ ការផ្តោតគោលនយោបាយក្នុងតំបន់ទាំងនេះក៏បង្ហាញពីវិធីសាស្ត្រជាយុទ្ធសាស្ត្រចំពោះការគ្រប់គ្រងដីធ្លី ដោយធានាថា កិច្ចខិតខំប្រឹងប្រែងត្រូវបានប្រមូលផ្តុំនៅកន្លែងដែលពលរដ្ឋកំពុងតែមានបញ្ហាពលរដ្ឋកំពុងតែមានមន្ទិល និងពលរដ្ឋកំពុងតែការបំផុត ។
ទិដ្ឋភាពមួយគួរឱ្យសរសើរបំផុតចំពោះគោលនយោបាយនេះ គឺការសង្កត់ធ្ងន់ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារដីធ្លី ។ តាមរយៈការប្រមូលផ្តុំសហគមន៍មូលដ្ឋានរដ្ឋាភិបាលមិនត្រឹមតែផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការយល់ដឹងអំពីភាពជាម្ចាស់ និងការទទួលខុសត្រូវចំពោះធនធានធម្មជាតិផងដែរ ។ ការចូលរួមពីមូលដ្ឋាននេះ គឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគោលនយោបាយ ដោយសារប្រជាជនក្នុងតំបន់ជារឿយៗរងផលប៉ះពាល់ខ្លាំងបំផុតដោយបញ្ហាដីធ្លី និងមានចំណេះដឹងដែលមិនអាចកាត់ថ្លៃបានអំពីបរិស្ថានរបស់ពួកគេ ។
ការកាប់បំផ្លាញព្រៃឈើ គឺជាបញ្ហាបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ដែលរួមចំណែកដល់ការបាត់បង់ជីវចម្រុះ ការរំខានដល់ប្រព័ន្ធអេកូឡូស៊ី និងផលប៉ះពាល់អវិជ្ជមាននៃអាកាសធាតុ ។ ការប្តេជ្ញាចិត្តរបស់គោលនយោបាយថ្មីក្នុងការពន្លត់ការកាប់បំផ្លាញព្រៃឈើ គឺជាជំហានដ៏រឹងមាំ និងចាំបាច់ ។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនឹងតម្រូវឱ្យមានយន្តការអនុវត្តដ៏រឹងមាំ អភិបាលកិច្ចប្រកបដោយតម្លាភាព និងអាចមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយការកាប់ឈើខុសច្បាប់ និងការបោសសម្អាតដីធ្លី ។
មកដល់ពេលនេះបញ្ហាគ្មានដីធ្លីក៏ជាបញ្ហាមួយដ៏កង្វល់ហើយ ភាពគ្មានដីធ្លីបានក្លាយជាដើមចមនៃភាពក្រីក្រ និងភាពចលាចលក្នុងសង្គម ដោយគ្រួសារជាច្រើនមិនអាចធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថិរភាព និងនិរន្តរភាព ។ គោលបំណងនៃគោលនយោបាយពាក់ព័ន្ធនឹងប្រជាជនដែលគ្មានដី គឺជាការយកចិត្តទុកដាក់ និងជាការគិតគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញស្ថិរភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ។ ទិដ្ឋភាពនៃគោលនយោបាយនេះនឹងត្រូវការការរៀបចំផែនការ និងការអនុវត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការចែកចាយដីធ្លីដោយយុត្តិធម៌ និងសមធម៌ ជៀសវាងជម្លោះដែលអាចកើតមាន និងធានាបាននូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់អ្នកទទួល ។
រីឯការធានារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលថាគោលនយោបាយនឹងលុបបំបាត់ក្តីបារម្ភអំពីការបាត់បង់ទឹកដីក៏ជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដឆ្លើយតបនឹងកង្វល់របស់រាស្ត្រ ។ នៅក្នុងតំបន់ដែលបូរណភាពទឹកដីមានសារៈសំខាន់បំផុត គោលនយោបាយគ្រប់គ្រងដីធ្លីច្បាស់លាស់ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រំដែនជាតិ និងទប់ស្កាត់ជម្លោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃគោលនយោបាយនេះនឹងពឹងផ្អែកលើកត្តាជាច្រើនដូចជា ការធ្វើផែនការទូលំទូលាយ ការចូលរួមពីភាគីពាក់ព័ន្ធ ដំណើរការប្រកបដោយតម្លាភាព និងឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព។
យន្តការតាមដាន និងវា.យតម្លៃត្រូវតែដាក់ឱ្យដំណើរការ ដើម្បីវាយតម្លៃវឌ្ឍនភាព និងធ្វើការកែតម្រូវចាំបាច់ ។ ការចូលរួមរបស់សង្គមស៊ីវិល ដៃគូអន្តរជាតិ និងសហគមន៍មូលដ្ឋាននឹងមានសារៈសំខាន់ក្នុងការធានាប្រសិទ្ធភាព និងនិរន្តរភាពនៃគោលនយោបាយ ។
សរុបសេចក្តីមក គោលនយោបាយជាតិគ្រប់គ្រងដីធ្លីតំណាងឱ្យការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ។ យើងខ្ញុំសង្ឃឹមថា គោលនយោបាយដែលនឹងប្រកាសនឹងរួមបញ្ចូលនូវវិធីសាស្ត្ររួមមួយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងដីធ្លី ការលើកកម្ពស់ការអភិរក្សបរិស្ថាន និងការលើកកម្ពស់សមធម៌សង្គម ។ នៅពេលដែលគោលនយោបាយនេះត្រូវបានដាក់ចេញ ក្រសែភ្នែករបស់ប្រទេសជាតិ និងពិភពលោកនឹងសម្លឹងមកលើប្រទេសកម្ពុជា ដោយសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែរីកចម្រើន និងស្ថិរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ៕
ចែករំលែកព័តមាននេះ