ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ប្រេង​ថៃ និង​នាវា​ចម្លង​វៀត​ណាម​បុក​គ្នា​នៅ​ដី​សណ្ដរ​ទន្លេ​មេគង្គ

4 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ​មាន​ករណី​បុក​គ្នា​រវាង​នាវា​ដឹក​ទំនិញ​ដែល​ដោត​ទង់​ជាតិ​ថៃ និង​នាវា​ចម្លង​របស់​​វៀតណាម​​ដែល​បើក​តាម​ទន្លេ​វ៉ាមណាវ (Vam Nao) នៃ​តំបន់​ដី​សណ្ដរ​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ខេត្ត​អាន​យ៉ាង​ (An Giang)។ ហេតុ​ការណ៍​​ដែល​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ​បាន​បណ្ដាល​ឱ្យ​ស្រឡាង​របស់​វៀតណាម​លិច​ចូល​ទៅ​ក្នុង​ទឹក​​។​ នាវា​ដឹក​ប្រេង​ឆៅ​ដែល​ដោត​ទង់​ជាតិ​ប្រទេស​ថៃ​​នោះ​មាន​បណ្ដោយ​៨៧​ម៉ែត្រ…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ​មាន​ករណី​បុក​គ្នា​រវាង​នាវា​ដឹក​ទំនិញ​ដែល​ដោត​ទង់​ជាតិ​ថៃ និង​នាវា​ចម្លង​របស់​​វៀតណាម​​ដែល​បើក​តាម​ទន្លេ​វ៉ាមណាវ (Vam Nao) នៃ​តំបន់​ដី​សណ្ដរ​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ខេត្ត​អាន​យ៉ាង​ (An Giang)។ ហេតុ​ការណ៍​​ដែល​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ​បាន​បណ្ដាល​ឱ្យ​ស្រឡាង​របស់​វៀតណាម​លិច​ចូល​ទៅ​ក្នុង​ទឹក​​។​

នាវា​ដឹក​ប្រេង​ឆៅ​ដែល​ដោត​ទង់​ជាតិ​ប្រទេស​ថៃ​​នោះ​មាន​បណ្ដោយ​៨៧​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ​​ ​ទម្ងន់​នាវា​៤៥០០​តោន​។ ​នៅ​ពេល​​ដឹក​ប្រេង​ឆៅ​ចូល​ប្រទេស​វៀតណាម​សុខ​ៗ​នៅ​​​ម៉ោង​២​រសៀល​​​ស្រាប់​តែ​​បុក​គ្នា​១​ទំហឹង​ជា​មួយ​​ស្រឡាង​​របស់​វៀតណាម​ដែល​ដឹក​អ្នក​ដំណើរ​​។ តាម​រយៈ​វីឌីអូឃ្លីប​មួយ​ចំនួនដែល​អ្នក​ស្រុក​រស់​នៅ​ម្ដុំ​នោះ​ថត​បាន គេ​ឃើញវា​នាវា​ទាំង​២​បុក​គ្នា​ដោយ​ជៀស​មិន​រួច​​​ទោះ​បី​នាវា​ដឹក​ប្រេង​​ខំ​បញ្ចេញ​សំឡេង​ស៊ីផ្លេ​ជា​ច្រើន​ដង​យ៉ាង​ណា​ក្ដី​។

ហេតុ​ការណ៍​នេះ​​បណ្ដាល​ឱ្យ​ស្រឡាង​របស់​វៀតណាម​កំពិត​តួ​​១​ចំហៀង​ ​និង​ខូច​ខាត​ដែក​ចម្រឹង​ប៉ែក​ខាង​លើ​។ អ្នក​ដំណើរ​នៅ​លើ​ស្រឡាង​បី​នាក់​​រួម​ជា​មួយ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​ឡាន​ដឹក​ហ្គាស​១​​គ្រឿង​​​​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​។ អ្នក​ដំណើរ​ដទៃ​ទៀត​​​ក៏​រត់​ទៅចំហៀង​ស្រឡាង​ដើម្បី​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​។​​​ សាក្សី​ម្នាក់​ឈ្មោះ​ឡយ (Loi) ដែល​រង់​ចាំ​នៅ​មាត់​កំពង់​ដើម្បី​រង់​ចាំ​ជិះ​ស្រឡាង​នោះ​​ប្រាប់​ថា​​នៅ​ពេល​នាវា​ទាំង​២​នេះ​បុក​គ្នា គេ​ស្ដាប់​​ឮ​​​​សំឡេង​យ៉ាង​កង​រំពង​។

គេ​បានប្រកូក​ប្រកាស​​​ហៅ​​អ្នក​បើក​ទូក​នៅ​មាត់​ច្រាំង​​ដើម្បី​ជួយ​​ស្រង់​យក​​អ្នក​ធ្លាក់​ចូល​ទៅ​​ក្នុង​ទឹក​នោះ​ផង​។ សាក្សី​ខាង​លើ​នេះ​ប្រាប់​ថា​ស្រឡាង​ដែល​ខ្លួន​ជិះ​នោះ​អាច​ជួយ​ស្រង់​​អ្នក​ធ្លាក់​ទៅ​ក្នុង​ទឹក​បាន​ម្នាក់​។ ចំណែក​អ្នក​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​ទូក​១​​គ្រឿង​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ផង​ដែរ​។ ​មាន​ន័យ​ថា​​គ្មាន​រណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ទេ​។​ មុន​ពេល​កើត​ហេតុ​​ នាវា​ទាំង​​ពីរ​គ្រឿង​បាន​​បើក​ជ្រួស​គ្នា​​នៅ​ត្រង់​ផ្ទៃ​ទន្លេ​ដែល​មាន​​​​ទទឹង​​​ជាង​៥​រយ​ម៉ែត្រ និង​មាន​ខ្សែ​ទឹក​ហូរ​ខ្លាំង​។

អាជ្ញាធរ​បញ្ជាក់​ថា​អ្នក​ធ្លាក់​ទៅ​​ក្នុង​ទឹក​ទាំង​បី​នាក់​នោះ​អស់​អី​ហើយ​។ ពួក​គេ​ត្រូវ​ទូក​នៅ​ក្បែរ​ៗ​នោះ​ជួយ​ស្រង់​ឡើង​ទៅ​លើគោក​ដោយ​សុវត្ថិ​ភាព​។ ​គ្រាន់​តែ​ថា​អ្នក​បើក​ឡាន​ដឹក​ហ្គាស​ដែល​ធ្លាក់​ទៅ​ក្នុង​ទឹក​នោះ​ដែរ​បាន​រង​របួស​ជើង​ទាំង​សង​ខាង​។ ចំណែក​​ស្រឡាង​ដឹក​អ្នក​ដំណើរ​ត្រូវ​គេ​អូស​ចូល​មាត់​ច្រាំង​រួច​រាល់​អស់​ហើយ។ មន្ទីរ​ដឹក​ជញ្ជូន​ខេត្ត​អាន​យ៉ាង​ថ្លែង​ថា​ឧបទ្ទវ​ហេតុ​នេះ​បណ្ដាល​មក​ពី​អ្នក​បើក​បរ​ស្រឡាង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

ទន្លេ​វ៉ាមណាវ​មាន​ប្រវែង​៦,៥​គីឡូម៉ែត្រ​ មាន​ទទឹង​ជា​មធ្យម​៧០០​ម៉ែត្រ​ និង​មាន​ជម្រៅ​១៧​ម៉ែត្រ​។ នេះ​ជា​ទន្លេ​ដែល​មាន​ប្រវែង​ខ្លី​បំផុត​នៅ​វៀតណាម​។ ប៉ុន្តែ​​​​ជា​ច្រក​ផ្លូវ​ទឹក​ដ៏​សំខា​ន់​មួយ​​ដែល​ត​​ភ្ជាប់​​ពី​ទន្លេ​ទៀង ​ទៅ​​​ទន្លេ​ហោ​នៃ​តំបន់​ដី​សណ្ដរ​ទន្លេ​មេគង្គ​។​ ​​​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​​ក៏​ធ្លាប់​មាន​​នាវា​បុក​គ្នា​​​នៅ​ទន្លេ​ទៀង​ត្រង់​ចំណុច​​ទី​ក្រុង​តាន់​ឆូ​នៃ​ខេត្ត​អាន​យ៉ាង​ដដែល​។ កាល​នោះ ស្រឡាង​បុក​ជា​មួយ​នាវា​ដឹក​អ្នក​ទេស​ចរ​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​នាំ​ភ្ញៀវ​ទេស​ចរ​ម្នាក់​ និង​របួស​ជន​ជាតិ​បរទេស​២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង