ប្រកាសតែងតាំងអភិបាលរង រាជធានីភ្នំពេញ ២រូប ជំនួសអភិបាលរង ដែលទៅធ្វើជាអភិបាលខេត្ត
រាជធានីភ្នំពេញ ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយក និងជានាយករង…
រាជធានីភ្នំពេញ ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយក និងជានាយករង…
រាជធានីភ្នំពេញ ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយក និងជានាយករង រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រចនាសម្ព័ន្ធអង្គការលេខ នៃសាលារាជធានីភ្នំពេញ គឺមានទីចាត់ការ-អង្គភាព និងថ្នាក់ប្រហាក់ប្រហែលចំនួន១៣, ការិយាល័យប្រជាពលរដ្ឋចំនួន១ និងមានការិយាល័យចំណុះចំនួន២៣ ការិយាល័យ ដែលមានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារសរុបចំនួន១,៣៣១នាក់ (នារី ៣៥១ នាក់) ក្នុងនោះ មន្ត្រីក្របខ័ណ្ឌ “ក” ចំនួន ១៧៦នាក់, ក្របខ័ណ្ឌ “ខ” ចំនួន៥៧នាក់, ក្របខ័ណ្ឌ “គ” ចំនួន៤៤នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ចំនួន១,០៥៤នាក់ ។
លោក ឃួង ស្រេង បានបន្តថា ក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌសរុបបានចំនួន២៣១ករណី ស្មើនឹង៩២,៧៧% នៃចំនួនបទល្មើសរួម ក្នុងនោះ បង្ក្រាបជាក់ស្តែង ២១២ករណី ឃាត់ខ្លួន ៣០៣នាក់ និងបង្ក្រាបដោយស៊ើបអង្កេត ១៩ករណី ឃាត់ខ្លួន ៤៩នាក់ ព្រមទាំងបានបង្ក្រាប បទល្មើសល្បែងស៊ីសង ចំនួន៣៣ករណី ឃាត់ខ្លួន ១៨៨នាក់ និងបានបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើង-ជនទំនើង ចំនួន៤១១ករណី ឃាត់ខ្លួន ៩១៧នាក់ ។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងខិតខំស្ការ កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាស ជាដើម ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ រាជធានីភ្នំពេញ បាននឹងកំពុងប្រែប្រួលមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត ។
លោកបានបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោក សេង វណ្ណៈ នាយករដ្ឋបាល និងលោក ឆាយ វីរៈ នាយករងរដ្ឋបាល ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួស លោក មាន ចាន់យ៉ាដា និងលោក នួន ផារ័ត្ន ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាល ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើអោយលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលនឹងត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិង បណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច ។
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងឱកាសនោះក៏បានធ្វើការផ្តាំផ្ញើអោយលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលត្រូវតែងតាំងជាអភិបាលរងរាជធានី ក៏ដូចជា រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រីកធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ដាក់ចេញជាវិធានការលុបបំបាត់ ចំពោះការប៉ុនប៉ង ធ្វើអោយអសន្តិសុខនៅក្នុងសង្គម លុបបំបាត់គ្រឿងញៀន ទប់ស្កាត់អោយបានការជួយញដូរមនុស្សគ្រប់ទម្រង់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍ ។
លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ក្នុងឱកាសនោះដែរ បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត ៕
ចែករំលែកព័តមាននេះ