រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការកើនឡើង នៃចំនួនសារព័ត៌មានអនឡាញ (ព័ត៌មានទំនើប) ក៏ជាបញ្ហាចោទដល់ធនធានមនុស្សក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះអ្នកសារព័ត៌មានមួយចំនួន មិនបានបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសារព័ត៌មានទេ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានពីការផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន នៅកម្ពុជា» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖ «កំណើ នៃសារព័ត៌មានទំនើបមានការកើនឡើងចំនួនមានបរិមាណ ក៏ប៉ុន្តែគុណភាពសារព័ត៌មានបានធ្លាក់ចុះ។ មិនមែនមានន័យថា យើងកើនឡើងចំនួនសារព័ត៌មាន យើងកើនឡើងនោះទេ កម្រិតគុណភាពគឺជាបញ្ហាមួយ ដែលជាការព្រួយបារម្មណ៍ នៅពេលដែលអ្នកប្រកបអាជីពនៅក្នុងវិស័យព័ត៌មានមិនមានគុណភាព និងទទួលបានបណ្តុះបណ្តាលពេញលេញជាអ្នកការសែតអាជីព» ។
ឯកឧត្តម បានបន្តថា កំណើនបច្ចេកវិទ្យា កំណើនអ្នកសារព័ត៌មានអនឡាញ មានបងប្អូនមួយចំនួនមិនទទួលបានបណ្តុះបណ្តាញជំនាញបានត្រឹមត្រូវ គ្មានមូលដ្ឋានត្រឹមត្រូវ ហើយខ្វះនូវការយល់ដឹងអំពីក្របសីលធម៌ច្បាប់នោះ បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានព័ត៌មាន។ ការមានព័ត៌មានច្រើនពិតមែន តែគុណភាព នៃព័ត៌មាននៅមានកម្រិត និងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលលេងបណ្តាញសង្គមហ្វេសប៊ុក តីតុក ដែលងាយនឹងបង្កើតផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ការពិត ឬបង្កើតសារព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយទៅឲ្យសាធារណជនទទួលព័ត៌មានមិនត្រឹមត្រូវ បាត់បង់ទំនុកចិត្ត ព័ត៌មានមិនពិត គាត់ប្រតិកម្មធ្វើឲ្យការយល់ច្រឡំ រហូតបង្កើតឲ្យមានបញ្ហាក្នុងសង្គម ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កន្លងមកនេះ មានសារព័ត៌មានមួយចំនួន បានចាត់ថ្នាក់ខ្លួនឯង ជាអ្នកសារព័ត៌មានឯករាជ្យ អ្នកសារព័ត៌មានកម្រិតខ្ពស់ ឬប្រមាថអ្នកសារព័ត៌មានដូចគ្នា។ ចំណុចនេះ នៅក្នុងវិស័យសារព័ត៌មានមិនមានការបែងចែកអ្នកសារព័ត៌មាន នោះទេ គឺមានន័យថា អ្នកទទួលបាននីតិសម្បទាពេញលេញពីក្រសួងព័ត៌មានជាអ្នកប្រតិបត្តិការស្របច្បាប់ ទទួលបានប័ណ្ណស្របច្បាប់ ដើម្បីធានាមួយនូវសិទ្ធិការពារសិទ្ធិអ្នកសារព័ត៌មាន ការពារសុវត្ថិភាពអ្នកសារព័ត៌មាន នៅពេលចុះយកព័ត៌មាននៅទីតាំងដែលបានអនុញ្ញាត ។
ឯកឧត្តម បានលើកឡើងទៀតថា បញ្ហាមួយទៀត គឺអ្នកសារព័ត៌មានខ្លះ បែងចែកស្ថាប័នព័ត៌មាននេះធំ នោះតូច ប៉ុន្តែសម្រាប់ក្រសួងព័ត៌មាន មិនបានបែងចែកអង្គភាពសារព័ត៌មានធំ ឬតូច នោះទេ គឺអ្នកសារព័ត៌មានគឺស្មើគ្នា។ ក្រសួងព័ត៌មាន គឺត្រូវតែធ្វើការលើកកម្កើងវិស័យព័ត៌មានឡើងវិញ ពីព្រោះថា នៅក្នុងបរិបទបច្ចុប្បន្ននេះ នៅពេលបច្ចេកវិទ្យាកាន់តែទំនើប ដែលមិនទាន់និយាយពីបញ្ញាសិប្បនិមិត្តAI ផង ។
ឯកឧត្តលើកឡើងថា ដូច្នេះការបង្កើតឲ្យមានធម្មនុញ្ញ វិជ្ជាជីវៈ អ្នកសារព័ត៌មាន នៅកម្ពុជានេះ ដើម្បីភ្នែកមួយ ដើម្បីឲ្យមានការស្របសម្រួលផ្នែកសារព័ត៌មានឲ្យមានរបៀបរយក្នុងវិស័យព័ត៌មាន។ លើកតម្លៃវិជ្ជាជីវៈ ហើយនឹងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីឲ្យមានមូលដ្ឋាន រួមមួយថា តើពេលដែលមានបញ្ហា ឬដើម្បីឲ្យអ្នកសាព័ត៌មានល្អក្នុងវិជ្ជាជីវៈ សារព័ត៌មានត្រូវ មានអ្វីខ្លះ ។
ជាមួយគ្នានោះដែរ តាមរយៈធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាននេះ ក៏នឹងលើកកម្ពស់ដល់អ្នកសារព័ត៌មាន និងអ្នកណាខ្លះ ដែលអាចក្លាយជាអ្នកសារព័ត៌មានអាជីព ៕


ចែករំលែកព័តមាននេះ