ទីក្រុងដាកា៖ បាតុករនៅបង់ក្លាដែសចេញមកប្រកែកដាច់ខាតថាខ្លួនមិនទទួលយកទេនូវគម្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយក្រុមយោធា ឬមានពួកយោធានៅពីក្រោយខ្នង។ ការថ្លែងដូច្នេះបន្ទាប់ពីអគ្គបញ្ជាការកងទ័ពបង់ក្លាដែស ឧត្ដមសេនីយ៍ អ៊ូសហ្សាម៉ាន់ សន្យាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន និងត្រៀមរៀបចំការបោះឆ្នោតឡើងវិញ។
តំណែងនាយករដ្ឋមន្ត្រីបង់ក្លាដែសនៅទំនេរជាស្ថាពរបន្ទាប់ពីលោកស្រីហាស៊ីណាសម្រេចចិត្តចុះចេញពីតំណែងទាំងបង្ខំចិត្ត និងចាកចេញស្ងាត់ៗតាមឧទ្ធម្ភាគចក្រទៅស្នាក់នៅប្រទេសឥណ្ឌាកាលពីម្សិលមិញ។ អគ្គបញ្ជាការកងទ័ពបង់ក្លាដែសត្រៀមជួបអ្នកតំណាងក្រុមចលនានិស្សិតដើម្បីពិគ្រោះគ្នាអំពីគម្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននាពេលឆាប់ៗនេះ។
ពួកមេដឹកនាំចលនានិស្សិតដែលជាអ្នកតវ៉ាមុនគេប្រឆាំងនឹងការប្រឡងជ្រើសរើសបុគ្គលិកបម្រើការនៅតាមស្ថាប័នរបស់រដ្ឋ និងនាំទៅដល់ការទម្លាក់លោកស្រីហាស៊ីណាពីតំណែង បានប្រកាសកាលពីព្រឹកថ្ងៃអង្គារថាខ្លួនចង់បានរដ្ឋាភិបាលបណ្ដោះអាសន្នដែលមានលោកមហាមេត យូនូស (Muhammad Yunus) ជាទីប្រឹក្សាកំពូល។ លោកជាជ័យលាភីពានរង្វាន់ណូបែលពិភពលោក និងជាអ្នកខិតខំលើកស្ទួយជីវភាពរបស់ប្រជាជនបង់ក្លាដែស។ ប៉ុន្តែតុលាការបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារកាលពីខែមិថុនា។ ឥឡូវនេះ ប្រធានាធិបតីបង់ក្លាដែសបានបញ្ជាឱ្យគេដោះលែងគាត់វិញហើយ។
លោកណាហ៊ីដ ឥស្លាម (Nahid Islam) ជាអ្នកដឹកនាំចលនានិស្សិតបានប្រកាសតាមបណ្ដាញសង្គមថារដ្ឋាភិបាលបណ្ដោះអាសន្ននៅបង់ក្លាដែសដែលមិនស្របទៅតាមអនុសាសន៍របស់យើងគឺយើងមិនទទួលយកជាដាច់ខាត។ យើងនឹងមិនទទួលយកជាដាច់ខាតនូវរដ្ឋាភិបាលដែលគាំទ្រ ឬដឹកនាំដោយពួកយោធា។ លោកបានថ្លែងបន្ថែមទៀតថាយើងបានពិភាក្សាជាមួយលោកមហាមេត យូនូសរួចហើយ ហើយលោកបានយល់ព្រមទទួលយកការស្នើសុំឱ្យធ្វើជាទីប្រឹក្សារដ្ឋាភិបាល។
សូមជម្រាបថាលោកយូនូសនៅពេលនេះមានវ័យកាន់តែចាស់ជរាណាស់ទៅហើយ។ លោកមានអាយុ៨៤ឆ្នាំ និងធ្លាប់មានស្នាដៃច្រើននៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកធ្លាប់ជួយប្រជាជនរាប់លាននាក់ឱ្យចាកផុតពីភាពក្រីក្រ។ ធនាគារឯកជនរបស់លោកធ្លាប់ផ្ដល់ប្រាក់កម្ចីខ្នាតតូចក្រោម១រយដុល្លារក្នុងម្នាក់ៗសម្រាប់អ្នកក្រីក្រដែលរស់នៅតាមតំបន់ជនបទដើម្បីយកទៅដោះស្រាយជីវភាពរស់នៅរបស់ពួកគេ៕
ចែករំលែកព័តមាននេះ