ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ស្នើ​សុំ​ឱ្យ​បង់​ក្លាដែស​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​លោក​ស្រី​ហាស៊ីណា​ចុះ​ពី​តំណែង

11 ខែ មុន

ទី​ក្រុង​ដាកា៖ ប្រទេស​អាមេរិក​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ដំបូង​គេ​​ក្រោយ​ការ​ចុះ​ពី​តំណែង​របស់​នាយក​រដ្ឋ​មន្ត្រី​បង់ក្លាដែស​ និង​ការ​ចាក​ចេញ​ដំណើរ​សំដៅ​ទៅ​​ប្រទេស​ឥណ្ឌា​តាម​ឧទ្ធម្ភាគ​ចក្រ​។ ថ្មី​ៗ​នេះ ប្រធាន​ក្រុម​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​អាមេរិក លោក​ឆាក់​ស៊ូមើ (Chuck Schumer) ​បានអំពាវ​នាវ​ឱ្យ​ប្រទេស​បង់ក្លា​ដែស​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​​​ដែល​ប្រកប​ដោយ​តុល្យ​ភាព​ មាន​ន័យ​ថា​មាន​សំឡេង​ពី​គ្រប់​និន្នា​ការ​…

ទី​ក្រុង​ដាកា៖ ប្រទេស​អាមេរិក​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ដំបូង​គេ​​ក្រោយ​ការ​ចុះ​ពី​តំណែង​របស់​នាយក​រដ្ឋ​មន្ត្រី​បង់ក្លាដែស​ និង​ការ​ចាក​ចេញ​ដំណើរ​សំដៅ​ទៅ​​ប្រទេស​ឥណ្ឌា​តាម​ឧទ្ធម្ភាគ​ចក្រ​។ ថ្មី​ៗ​នេះ ប្រធាន​ក្រុម​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​អាមេរិក លោក​ឆាក់​ស៊ូមើ (Chuck Schumer) ​បានអំពាវ​នាវ​ឱ្យ​ប្រទេស​បង់ក្លា​ដែស​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​​​ដែល​ប្រកប​ដោយ​តុល្យ​ភាព​ មាន​ន័យ​ថា​មាន​សំឡេង​ពី​គ្រប់​និន្នា​ការ​ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ​។

ការ​ចាក​ចេញ​របស់​លោក​ស្រី​ហាស៊ីណា​កើត​ឡើង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​​ស្លាប់​មនុស្ស​ជាង​៣​រយ​នាក់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី (BBC)។ ការ​ហែ​បាតុកម្ម​នេះ​ផ្ដើម​ឡើង​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​យុវ​ជន​ក្មេង​ៗ​ចំពោះ​ការ​កំណត់​កូតា​ដើម្បី​ប្រឡង​ចូល​ក្រប​ខណ្ឌ​មន្ត្រី​រដ្ឋ​ការ​។​ ការ​តវ៉ា​នេះ​ក៏​បាន​ប្រែ​ក្លាយ​ជា​កំហឹង​មហា​ជន​យ៉ាង​ខ្លាំង​ដោយ​សារ​មនុស្ស​មក​ពី​គ្រប់​និន្នា​ការ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ដូច​ជា​មនុស្ស​អត់​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​, អំពើ​ពុក​រលួយ​ និង​បញ្ហា​ដទៃ​ទៀត​។

លោក​ស៊ូមើ​បាន​បង្ហោះ​សារ​នយោបាយ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ការ​ដែល​លោកស្រី​ហាស៊ី​ណា​​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ហ្វូង​បាតុ​ករ​ដែល​ត​វ៉ា​ដោយ​សន្តិ​វិធី​ធ្វើ​ឱ្យ​លោក​ស្រី​មិន​អាច​ស្ថិត​នៅ​ក្នុង​អំណាច​ត​ទៅ​ទៀត​ទេ​។ លោក​ស៊ូមើ​ហាក់​ដូច​ជា​គាំទ្រ​ក្រុ​ម​អ្នក​តវ៉ា​ដែល​មាន​ចិត្ត​ក្លាហាន​។ លោក​ក៏​បាន​​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​យុត្តិ​ធម៌​​ជូន​​​ជន​រង​គ្រោះ​ដែល​​ស្លាប់​នៅ​ពេល​ហែ​បាតុកម្ម​នោះ​ផង​ដែរ​។

លោក​ស៊ូមើ​សង្កត់​ធ្ងន់​ថា​វា​ជា​រឿង​សំ​ខាន់​ណាស់​ដែល​ប្រទេស​បង់ក្លា​ដែស​ត្រូវ​មាន​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ​ដែល​មាន​តុល្យ​ភាព​ និង​គោរព​សិទ្ធិ​មនុស្ស​គ្រប់​រូប​។ លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ឆាប់​រហ័ស​តាម​បែប​ប្រជា​ធិបតេយ្យ​ផង​ដែរ​។ ​ក្រសួង​ការ​បរទេស​អាមេរិក​តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋភិបាល​បង់ក្លា​ដែស​គាំទ្រ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី​។ ប៉ុន្តែ​ក្រោយ​ពេល​មាន​សភាព​ការណ៍​ប្រែ​ប្រួល​ថ្មី​​​​នៅ​បង់ក្លា​ដែស​យ៉ាង​ដូច្នេះ ក្រសួង​មិន​ទាន់​​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​​ទាក់​ទង​ដើម្បី​ស្នើ​សុំ​ការ​ការ​ឆ្លើយ​បំភ្លឺ​​។

អគ្គ​បញ្ជា​ការ​កង​ទ័ព​បង់​ក្លាដែស ឧត្ដម​សេនីយ៍ វេក​ខឺ អ៊ូ ហ្សាម៉ាន់ (Waker-Uz-Zaman) បាន​ប្រកាស​ថា​លោក​ស្រី​ហាស៊ីណា​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ហើយ​។ លោក​បាន​ថ្លែង​សុន្ទរ​កថា​តាម​កញ្ចក់​ទូរ​ទស្សន៍​អំពី​សភាព​ការណ៍​វិវត្ត​ថ្មី​ៗ​ ហើយ​សន្យា​ថា​នឹង​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​​​ដើម្បី​ទុក​ពេល​​​ឱ្យ​​ប្រទេស​ជាតិ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​ឡើង​វិញ​។​

សូម​ជម្រាប​ថា​ប្រទេស​បង់ក្លាដែស​ជួប​ប្រទះ​នឹង​ការ​ហែ​បាតុកម្ម​តវ៉ា ហើយ​ពេល​ខ្លះ​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា និង​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​ចាប់​ពី​ខែ​កក្កដា​។ បញ្ហា​ចាប់​ផ្ដើម​កើត​មាន​ជា​បណ្ដើរ​ៗ​ចាប់​តាំង​ពី​លោ​កស្រី​ហាស៊ីណា​ស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី​បួន​​កាល​ពី​ខែ​មករា ឆ្នាំ​២០២៤​។ ​ក្រសួង​ការ​បរ​ទេស​អាមេរិក​ធ្លាប់​និយាយ​តាំង​ពី​ខែ​មក​រា​ថា​ការ​បោះ​ឆ្នោត​នោះ​មិន​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិ​ធម៌​ទេ​។ ក្រសួង​យល់​ថា​​​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​ឡើង​នៅ​​អំឡុង​ពេល​បោះ​ឆ្នោត​។

ក្រសួង​ការ​​បរទេស​អាមេរិក​ក៏​បាន​ប្រកាស​ថ្កោល​ទោស​អំពើ​ហិង្សា​នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ផង​ដែរ​។ នៅ​ពេល​មាន​សញ្ញា​មិន​ស្រួល​ដែល​ហ្វូង​បាតុករ​ទាម​ទារ​ជា​ដាច់​ខាត​ឱ្យ​លោក​ស្រី​ហាស៊ី​ណា​ចុះ​ពី​តំណែង​ អម​ដោយ​អំពើ​ហិង្សា​យ៉ាង​ពុះ​កញ្ច្រោល​ផង​នោះ ក្រសួង​ការ​បរទេស​អាមេរិក​បាន​អំពាវ​នាវ​ទៅ​ប្រជា​ជន​របស់​​ខ្លួន​កាល​ពី​ខែ​កក្កដា​ថា​បើ​គ្មាន​ការ​ចាំ​បាច់​ទេ សូម​​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បង់ក្លាដែស​ឱ្យ​សោះ​​។ អាមេរិក​ចាត់​ទុក​ថា​នោះជា​​បញ្ហា​​អស្ថិរ​ភាព​ដែល​បង្ក​ឡើង​ដោយ​ជន​ស៊ីវិល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ