ប្រទេសបារាំង ៖ ហ្វីលីពីន គឺជាប្រទេសមកពីអាស៊ីអាគ្នេយ៍ដំបូងបង្អស់ ឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ បន្ទាប់ពីកីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo ដណ្តើមបានមេដាយមាសប្រភេទកីឡាកាយសម្ព័ន្ធសិល្បៈវិញ្ញាសាលើកម្រាល (Floor Exercise) កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
កីឡាករហ្វីលីពីន Carlos Yulo ឈ្នះមេដាយមាស ដោយទទួលបានពិន្ទុសរុបចំនួន ១៥.០០០ ហើយនេះគឺជាការឈ្នះមេដាយកីឡាអូឡាំពិកលើកដំបូងបង្អស់របស់កីឡាករវ័យ២៤ឆ្នាំរូបនេះ។ ក្នុងវិញ្ញាសានេះ កីឡាករអ៊ីស្រាអែល Artem Dolgopyat ឈ្នះមេដាយប្រាក់ ជាមួយពិន្ទុសរុប ១៤.៩៦៦ និងកីឡាករចក្រភពអង់គ្លេស Jake Jarman ឈ្នះមេដាយសំរឹទ្ធ ជាមួយពិន្ទុសរុប ១៤.៩៣៣។
កីឡាករ Carlos Yulo គឺជាអត្តពលិកហ្វីលីពីនទី២ហើយ ដែលឈ្នះមេដាយមាសកីឡាអូឡាំពិក បន្ទាប់ពីកីឡាការិនីលើកទម្ងន់ Hidilyn Diaz ដែលបានបង្កើតប្រវត្តិសាស្ត្រឈ្នះមេដាយមាសអូឡាំពិកដំបូងបង្អស់សម្រាប់ប្រទេសហ្វីលីពីន សម្រេចបានកាលពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូឆ្នាំ ២០២០។
គួរឱ្យដឹងថា កីឡាករ Carlos Yulo ត្រូវបានចាត់ទុកជាអត្តពលិកឆ្នើមបំផុត១រូបក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហ្វីលីពីន ដោយដណ្តើមបានមេដាយសរុបចំនួន៣៨គ្រឿង ដោយនៅក្នុងនោះ មាស២២គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៣គ្រឿង ដែលដណ្តើមបានពីព្រឹត្តិការណ៍ចំនួន៤ផ្សេងគ្នាដែលរួមមាន កីឡាអូឡាំពិក ជើងឯកពិភពលោក ជើងឯកអាស៊ី និងកីឡាស៊ីហ្គេម ចាប់តាំងពីឆ្នាំ ២០១៨ មក។
គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ហ្វីលីពីន គឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដ្បិតប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន ៖ ប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ទីម័រខាងកើត ព្រុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ពុំទាន់រកឃើញមេដាយនៅឡើយទេ។
ដោយឡែក គិតព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ប្រទេសចិននៅតែបន្តកាន់់កាប់កំពូលតារាងមេដាយកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយឈ្នះមេដាយសរុចំនួន៣៧គ្រឿង មាស១៦គ្រឿង ប្រាក់១២គ្រឿង និងសំរឹទ្ធ៩គ្រឿង។ តាមពីក្រោយដោយសហរដ្ឋអាមេរិកឈ្នះមេដាយសរុបចំនួន៦១គ្រឿង មាស១៤គ្រឿង ប្រាក់២៤គ្រឿង និងសំរឹទ្ធ២៣គ្រឿង និងម្ចាស់ផ្ទះបារាំងឈ្នះមេដាយសរុបចំនួន៤១គ្រឿង មាស១២គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៥គ្រឿង៕ (ប្រភព ៖ Paris 2024 និង Seasia Stats)
ចែករំលែកព័តមាននេះ