ទីក្រុងរ៉ង់ហ្គូន៖ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលប្រឆាំងនឹងលោកមីនអុងឡាំងបានអះអាងកាលពីថ្ងៃសៅរ៍ថាខ្លួនទើបតែវាយយកបានបញ្ជាការដ្ឋានយោធាមួយកន្លែងកាលពីពេលថ្មីៗនេះបន្ទាប់ពីពួកគេប្រយុទ្ធគ្នាអស់ជាច្រើនសប្ដាហ៍មកហើយ។ បើរឿងនេះជាការពិតមែន វាអាចជាការ «ទះ១កំផ្លៀងយ៉ាងដំណំ» ទៅលើរបបសឹករបស់លោកមីនអុងឡាំង។
កងទ័ពសម្ព័ន្ធជាតិអ្នកប្រជាធិបតេយ្យភូមាបានវាយយកបានបញ្ជាការដ្ឋាននៅភាគឦសាននៅម្ដុំរដ្ឋសានខាងជើង។ ពួកគេវាយប្រហារតំបន់ឡាស៊ីអូដែលស្ថិតនៅតាមបណ្ដោយផ្លូវហាយវេ និងជាច្រកពាណិជ្ជកម្មឆ្ពោះទៅប្រទេសចិន។ ការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីដើមខែកក្កដានៅពេលកងទ័ពខាងលើនេះចាប់ផ្ដើមការវាយប្រហារជាថ្មីប្រឆាំងនឹងកងទ័ពរបបសឹក។
ប្រភពពីខាងយោធាបានប្រាប់ទីភ្នាក់ងារអាអែហ្វប៉េថាទាហានរបបសឹកដែលវាយទប់ទល់អសជាច្រើនសប្ដាហ៍មកហើយនោះត្រូវតែបង្ខំចិត្តដកថយកាលពីព្រឹកថ្ងៃសៅរ៍។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះនោះមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើសម្រាប់ពេលនេះមានទាហាននៃរបបសឹកប៉ុន្មាននាក់ដែលបន្តស្ថិតនៅក្នុងបន្ទាយនោះជាបន្តទៀតមិនទាន់ចាកចេញ។
អាអែហ្វប៉េមិនអាចផ្ទៀងផ្ទាត់ប្រភពដែលឱ្យការណ៍នោះជាមួយប្រជាជននៅនឹងមូលដ្ឋានជាក់ស្ដែងនៃតំបន់ឡាស៊ីអូបានទេ។ ទីនេះមានមនុស្សរស់នៅ១,៥សែននាក់។ សព្វថ្ងៃនេះ របបសឹករបស់លោកមីនអុងឡាំងមានតំបន់ប្រតិបត្តិការសឹកចំនួន១៤ចាប់ពីតំបន់ភ្នំហិមាល័យស្ថិតនៅភាគខាងជើងប្រទេសរហូតដល់តំបន់ដីសណ្ដរខាងត្បូងដែលជាប់នឹងប្រទេសឥណ្ឌា។
នៅក្នុងចំណោមនោះ ទាហានយ៉ាងតិច១៤តំបន់កំពុងប្រយុទ្ធគ្នាទល់នឹងពួកឧទ្ទាមជនជាតិភាគតិច ឬជាមួយកងទ័ពប្រជាការពារដែលទើបតែបង្កើតថ្មី និងដែលប្រឆាំងនឹងរបបសឹកចាប់តាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០២១។ ការវាយយកបានតំបន់ឡាស៊ីអូពីរបបសឹកភូមាជាការបាត់បង់មូលដ្ឋានរបបសឹកដំបូងនៅភូមិភាគឦសានចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២១។
រហូតមកដល់ពេលនេះ តំបន់ខ្លះនៅរដ្ឋសានដែលរបូតពីដៃរបស់ទាហានលោកមីនអុងឡាំងតាំងពីពេលមុនៗមិនទាន់វាយយកបានមកវិញនៅឡើយទេ។ មានន័យថាពួកសម្ព័ន្ធមិត្តជនជាតិភាគតិចបន្តកាន់កាប់តំបន់នោះរហូតមកដល់សព្វថ្ងៃនេះ។ ការវាយប្រហារនោះនាំឱ្យពួកឧទ្ទាមវាយយកបានទីក្រុងឡូកៃក្បែរព្រំដែនចិនបន្ទាប់ពីទាហានលោកមីនអុងឡាំងពីរពាន់នាក់សុខចិត្តចុះចាញ់។ នោះជាការបរាជ័យដ៏ធំបំផុតរបស់របបសឹក។
ដោយឡែក ការប្រយុទ្ធគ្នានៅរដ្ឋសានថ្មីៗនេះនាំឱ្យស្លាប់ជនស៊ីវិលរាប់សិបនាក់។ នេះបើយោងតាមរបាយការណ៍របស់ពួកយោធាមីនអុងឡាំង និងរបាយការណ៍របស់ក្រុមអ្នកជួយសង្គ្រោះ។ ប៉ុន្តែកងទ័ពទាំងសងខាងមិនបានប្រកាសថាយុទ្ធជនរបស់ខ្លួនស្លាប់ប៉ុន្មាននាក់ទេ។ នៅតាមព្រំដែនប្រទេសភូមាសម្បូរក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលប្រឆាំងនឹងរបបសឹក។ ពួកគេបន្តប្រយុទ្ធប្រឆាំងនឹងរបបសឹកគ្រប់ជំនាន់ចាប់តាំងពីប្រទេសភូមាទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសកាលពីឆ្នាំ១៩៤៨។ ពួកគេប្រយុទ្ធដើម្បីស្វ័យភាព និងសិទ្ធិគ្រប់គ្រងផ្ដាច់មុខទៅលើមូលដ្ឋានដែលសម្បូរធនធានធម្មជាតិ៕
ចែករំលែកព័តមាននេះ