ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ដល់​ថវិកា​ជូន​កម្លាំង​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដែល​ចូលរួម​រុករក​ឧទ្ធម្ភាគចក្រ

4 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា…

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​ថវិការ​លើកទឹកចិត្ត ដល់​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដែល​បាន​ដឹកនាំ​កងកម្លាំង​ចំណុះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាត់​ដំណឹង​ជាមួយ​អាកាសយានិក​២​រូប កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា និង​ត្រូវ​បាន​រក​ឃើញ នា​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ប្រកបដោយ​ក្ដី​ស្ញប់ស្ញែង​ខ្ពស់ ចំពោះ​កម្លាំង​ប្រតិបត្តិការ​ទាំងមូល និយាយ​ជា​រួម និង​ដោយឡែក​កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខ​ត្ត​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដែល​ជម្នះ​ឧបសគ្គ​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម តាំងពី​ដំបូង រហូត​ដល់​ការ​បិទ​បញ្ចប់​បេសកកម្ម ដែល​មាន​រយៈពេល​ជិត​២០​ថ្ងៃ កន្លង​មកនេះ ។

ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែង​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រម​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេ​ង ឆៃ​យុទ្ធ ដែល​បាន​បាត់បង់​ស្វាមី កូន និង​ឪពុក ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់ នៃ​កង​យោធពលខេមរភូមិន្ទ ដែល​បាន​បាត់បង​ធនធានមនុស្ស​ដ៏​ល្អ ក្នុង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នៃ​ក្រសួងការពារជាតិ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោក​ជំទាវ បាន​ចាត់ នាយ​ឧត្តមសេនីយ៍ ជា សុ​គ​ន្ធា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នាំ​យក​អំណោយ ទៅ​ប្រគល់​ជូន​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ រួម​មាន អង្ករ​៧​តោន ត្រីខ​៤០​កេស​ធំ មី​៣៥​កេស​ធំ អាវ​ភ្លៀង​១០០​កំ​ប្លេ​រ និង​តង់​ធំ​១ គិត​ជា​ទឹកប្រាក់​សរុប ៤០​លាន​រៀល​។ ដោយឡែក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​ថវិការ​ដល់​កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត ចំនួន​១៤០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​១០០​ដុល្លារ សហរដ្ឋអាមេរិក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ